ដោយៈ សុផល / ភ្នំពេញ៖ កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោក ជិន ថាញ់មឹន (TRAN THANH MAN) អនុប្រធានរដ្ឋសភាប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រះរាជាណាចក្រ កម្ពុជា កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណ ជូនលោកអនុប្រធាន រដ្ឋសភា ប្រចាំការវៀតណាម ដែលបានដឹកនាំគណៈប្រតិភូ មកចូលរួមកិច្ចប្រជុំ ទល់មុខ រវាងថ្នាក់ដឹកនាំអាយប៉ា ជាមួយប្រមុខដឹកនាំអាស៊ាន ហើយបានឆ្លៀតពេល ជួបពិភាក្សាការងារ នាពេលនេះ។

កិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថាៈ រដ្ឋសភាកម្ពុជា ជានិច្ចកាល តែងបានធ្វើកិច្ច សហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយ រដ្ឋសភាវៀតណាម និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី។ លោកកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថាៈ វត្តមាន លោកអនុប្រធានរដ្ឋសភា នាពេលនេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពថ្មីៗ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ ជាពិសេស ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ ឱ្យកាន់តែរឹងមាំឡើង។

ឆ្លៀតក្នុងឱកាសនេះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណចំពោះ ប្រទេសវៀតណាម ដែលបានផ្តល់ជំនួយថវិកា ចំនួន ២៥ លានដុល្លារ ក្នុងការកសាង អគារដ្ឋបាលថ្មី ជូនរដ្ឋសភាកម្ពុជា ដែលបច្ចុប្បន្ននេះ ការសាងសង់អគាររដ្ឋបាលនោះ បានកំពុងដំណើរការយ៉ាងមមាញឹក ដែលអាចនឹងបញ្ចប់ នៅឆ្នាំ២០២៣ ខាងមុខ។

លោក ជិន ថាញ់មឹន បានអបអរសាទរ ចំពោះការរីកចម្រើន ឥតឈប់ឈររបស់កម្ពុជា ជាពិសេស ការគ្រប់គ្រងប្រកបដោយជោគជ័យ នៅក្នុងការប្រយុទ្ធប្រឆំាង ជំងឺកូវីដ -១៩ ។ លោកក៏បានអបអរសាទរចំពោះជោគជ័យ នៅក្នុងការបោះឆ្នោត ឃុំ សង្កាត់ កន្លងមកថ្មីៗនេះដែរ។

លោកអនុប្រធានរដ្ឋសភាប្រចាំការវៀតណាម បានស្នើឱ្យរដ្ឋសភាប្រទេសទាំងពីរ គាំទ្រការចុះអនុស្សរណៈ យោគយល់គ្នា នៃរដ្ឋាភិបាលវៀតណាម និងកម្ពុជា នាពេលថ្មីៗនេះ ហើយបន្តកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរទស្សនកិច្ចគ្នា ទៅវិញទៅមក ទាំងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។ លោក ក៏បានអញ្ជើញលោកកិត្តិសេដ្ឋា បណ្ឌិត ជាម យៀប ទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម នាពេលខាងមុខ ផងដែរ៕/V-PC