រដូវ​កាល World CUP ចាញ់​អស់លុយ យុវជនវ័យក្មេង​២​នាក់​បែកគំនិត​ចេញ​ធ្វើ​សកម្មភាពឆក់​ទូរស័ព្ទ

1209
ចែករម្លែក

​ដោយ : ​ចាន់តូ​/ ភ្នំពេញ ៖ រដូវ​កាល World CUP ចាក់បាល់​ចាញ់​អស់ បែកគំនិត​ចេញ​ឆក់​! ក្មេងស្ទាវ​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​បុរស​បរទេស​ម្នាក់ ដែល​កំពុង​ជិះ​លើ​ឡាំប៉ា​តា តែ​មិនបាន​សម្រេច ខណៈដែល​អ្នកបើក​ឡាំប៉ា​តា ក៏បាន​កាច់ចង្កូត​ទៅ​កៀរ​ម៉ូតូ​របស់​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​នោះ បណ្ដាលឲ្យ​ដួល ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​រត់​មក​ជួយ ចាប់​ឃាត់​បាន​ភ្លាមៗ​ផងដែរ។

ក្រោយមក​សមត្ថកិច្ច​បា​ន​ចុះមក​អន្តរាគមន៍ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ នោះ​ភ្លាម​នៅ​កន្លែងកើតហេតុ រួច​វាយខ្នោះ​នាំយកទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរតែម្ដង​។ ហេតុការណ៍នេះ បានបង្កការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​យប់ ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅត្រង់ចំណុច​ផ្លូវ លេខ​១៦៣ កែង​ផ្លូវ​៣៣០ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ទាំង​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មិនបាន​សម្រេច​។ ជនសង្ស័យ​ទី​១(​ជា​អ្នកធ្វើ​សកម្មភាព​) ឈ្មោះ ភន វិ​សី​សាន សិទ្ធ អាយុ​១៧​ឆ្នាំ មុខរបរ​ជា​សិស្ស​ទួល​ទំពូង ថ្នាក់​ទី​១១B ជា​អ្នក​ឆក់ ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ ៣១BT សង្កាត់​បឹងទំពន់​ទី​១ ។​ចំណែក​ជនសង្ស័យ​ទី​២ (​ជា​អ្នកបើក​ម៉ូតូ​) ឈ្មោះ​ជា សុង​ហៀ​ង
​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជួយ​លក់ដូ​រ​ចាប់ហួយ ស្នាក់ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ រីឯជនរងគ្រោះ​មាន​ស្មោះ​តាន់ ដា​វិ​យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ជនជាតិ​ចិន​។​

​យោងតាម​សម្ដី​បុរស​ដែលជា​អ្នករត់​ឡាំប៉ា​តា​ដែល​ឌុប​ជនបរទេស បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ រូបគាត់​កំពុងបើក​ឡាំប៉ា​តា ដឹក​បុរស​ជនជាតិ​ចិន ដែលជា​ភ្ញៀវ ទៅ​សណ្ឋាគារ ដោយ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​តាមផ្លូវ​១៦៣ ។ លុះ​មក​ចំណុចកើតហេតុ​កែង​ផ្លូវ​៣៣០ ស្រាប់តែ​លេចមុខ​ក្មេងស្ទាវ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Dream ពាក់​ស្លាក​លេខ​ភ្នំពេញ 1GX-8079 បាន​ជិះ​មក​អែប​ពី​ចំហៀង រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​បុរស​បរទេស​កំពុងនិយាយ​ទូរស័ព្ទ ជិះ​លើ​ឡាំប៉ា​តា​របស់គាត់ តែ​មិនបាន​សម្រេច​ទេ ឃើញ​ដូច្នេះ​គាត់​ក៏បាន​កាច់​ច​ង្កួ​ត​ឡាំប៉ា​តា កៀរ​ម៉ូតូ​របស់​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​នោះ បណ្ដាលឲ្យ​ដួល ហើយ​ស្រែក​ឆោឡោធ្វើឲ្យផ្អើល​បងប្អូន​ប្រជាពលរដ្ឋ​នៅក្បែរៗ​កន្លែងកើតហេតុ ក៏​នាំគ្នា​រត់​មកជួយ​ចាប់​ឃាត់​បាន​ភ្លាមៗ​ផងដែរ ។ លុះ​៥​នាទី​ក្រោយមក​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ភ្លាម​នៅ​កន្លែងកើតហេតុ រួច​វាយខ្នោះ​នាំយកទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ តែម្ដង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​និង​ក្រុម​អ្នកសារព័ត៌មាន​ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ទាំងពីរ​នាក់​ពិតជា​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទដៃ​របស់​ជនបរទេស នោះ​ពិតប្រាកដ​មែន តែ​មិនបាន​សម្រេច ត្រូវគេ​ចាប់បាន​តែម្ដង ។ ជនសង្ស័យ​ដែលជា​អ្នកបើក​ម៉ូតូ ឈ្មោះ​ជា តុង ហៀ​ង អាយុ​១៦​ឆ្នាំ ក៏បាន​ប្រាប់​ឲ្យដឹងថា នេះ​ជា​លើក​ទី​១​ហើយ ក្រោយពី​រូបគេ​ទៅ​ចាក់បាល់ World CUP តាម Online ហើយ​ចាញ់​ច្រើនពេក ទើប​រូបគេ​បបួលគ្នា​ខ្ចី​ម៉ូតូ​មិត្ត​ភ័​ក្ត​ម្នាក់ទៀត បែកគំនិត​ចេញ​ឆក់ ដើម្បី​បាន​ស្រង់ដើម​ខ្លះ តែ​បែរជា​មិនបាន​សម្រេច​ហើយ​ត្រូវ​ប៉ូលីស​ឃាត់ខ្លួន​ទៀត​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​សាកសួរ​នៅ​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ រួច​កសាង​សុំ​ណំ​រឿង​បញ្ជូនទៅ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​បន្ត​នីតិវិធី​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម