ដោយ៖ដេប៉ូ /ភ្នំពេញ៖ ក្នុងពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ ២០១២យើងបានទទួលការស្តីបន្ទោសដោយគេថាមកពីកម្ពុជាទើបអាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍បាន ប៉ុន្តែតាមពិតនោះវាជាកំហុសរបស់ប្រទេសមួយចំនួន ដែលមិនបានគោរពនូវគោលការណ៍របស់អាស៊ាន ប៉ុន្តែទោះបីយ៉ាងណានៅលើកនេះឃើញថាយើងបានបង្ហាញឱ្យឃើញពីភាពចាស់ទុំរបស់កម្ពុជា ហើយគេក៏បានយល់ពីជំហររបស់កម្ពុជាដែរ”។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។

ថ្លែងក្នុងបទសំភាសន៍មួយក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២២នាសណ្ឋាគារសុខា លោក ខៀវ កាញារីទ្ធបានថ្លែងឱ្យដឹងថា តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកនេះគឺបានបង្ហាញច្បាស់លាស់ពីជំហររបស់កម្ពុជា ហើយពិសេសគោលការណ៍របស់អាស៊ានមិនមែនសម្រាប់ប្រឆាំងនរណាឬគាំទ្រនរណាទេ អាស៊ានគឺជាមជ្ឈមណ្ឌលមួយសម្រាប់សម្របសម្រួលការងារនិងជំរុញលទ្ធភាពនានា។

លោក រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់បន្ថែមថា ៖ ចុងក្រោយនេះយើងឃើញថាយើងបានចុះហត្ថលេខាជាមិត្តភាពជាមួយប្រទេស អ៊ុយក្រែន ដែលកំពុងមានចម្បាំងជាមួយប្រទេសរ៉ុស្ស៊ី ដូចដែលមនុស្សមួយចំនួនធំកាលពីដើមឡើយយល់ថាកម្ពុជា ច្បាស់ជាដូចជាប្រទេសមួយចំនួនក្នុងអាស៊ានបានប្រកាន់ជំហរអព្យាក្រិតក្នុងរឿងនេះ ផ្ទុយមកវិញប្រទេសកម្ពុជាបានប្រកាន់ជំហរច្បាស់លាស់គឺដូចសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយគឺ កម្ពុជាប្រឆាំងនឹងការប្រើអាវុធគំរាមកម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ ហើយយើងឃើញថាការនេះអាស៊ានក៏បានប្រកាន់នូវជំហរដូចគ្នានៅពេលដែលយើងទទួលយកប្រទេស អ៊ុយក្រែនមិត្តអាស៊ាន។

ទាក់ទិនក្នុងរឿងនេះ លោក រដ្ឋមន្រ្តីបានថ្លែងដោយបញ្ជាក់ថា “យើងឃើញថាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកនេះប្រទេសមហាអំណាចជាច្រើនដែលបានមកលើកនេះគឺស្ថិតនៅក្នុងស្ថានភាពសម្របសម្រួលច្រើនជាងមុន ដោយកាលពីមុនសូម្បីតែយន្តហោះចុះមុនក្រោយក៏មានទំនាស់គ្នាដែរ។យើងឃើញថាភាពចាស់ទុំរបស់កម្ពុជាបានបង្ហាញឱ្យឃើញច្បាស់ទៅលើជំហរទាំងនេះ”។ លោក រដ្ឋមន្រ្តីបានលើកឡើងផងថា “យើងឃើញថាកិច្ចប្រជុំធុរកិច្ចកន្លងមកជាមួយវៀតណាមក្តី ជាមួយអាស៊ានក្តីសុទ្ធតែបានបង្ហាញពីជំហររបស់កម្ពុជាបើកចំហរ ជើងមេឃសម្រាប់ធុរកិច្ចនៅក្នុងតំបន់ក៏ដូចជាធុរកិច្ចរបស់ពិភពលោក ជាភាពថ្មីមួយដែលបង្ហាញភាពចាស់ទុំពោលគឺ៣ដង ហើយដែលយើងធ្វើជាម្ចាស់ផ្ទាស់នៃកិច្ចប្រជុំកំពូលអាស៊ាន ហើយវាក៏បានបង្ហាញពីភាពចាស់ទុំក្នុងការដឹកនាំអន្តរជាតិផងដែរ” ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់កំពូលដែលបានកំពុងប្រព្រឹត្តរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧៕