ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយនៅវេលាម៉ោង២:៤៥ រសៀលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២២នេះដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកសម្របសម្រួលអ.ស.បប្រចាំកម្ពុជាកាលពីថ្ងៃទី១០ខែវិច្ឆិកាបានឱ្យដឹងថាអគ្គលេខាធិការអ.ស.ប លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស នឹងធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទួលស្លែងអំឡុងពេលលោកអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងអង្គការសហប្រជាជាតិ លើកទី១២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ។
សេចក្តីប្រកាសបញ្ជាក់ថានៅថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកាវេលាម៉ោង ១២:៥៥ ដល់ ១៣:១០ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres)អគ្គលេខាធិការអ.ស.ប (UNSG)និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា លោកអគ្គលេខាធិការអ.ស.ប ថ្លែងសុន្ទរកថា ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីលោកបញ្ចប់ ទស្សនកិច្ចនៅសារមន្ទីរនេះ។ សុន្ទរកថារបស់លោកនឹងធ្វើឡើងនៅបរិវេណសារមន្ទីរផ្ទាល់។

គួររំលឹកថា សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែងជា​បូជនីយដ្ឋាន​នៃ​ការ​ចង​ចាំ​ពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​អតីត​ “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(សម័យ​ខ្មែរ​ក្រហម)​។ អតីត​មន្ទីរ​ឃុំ​ឃាំង​នេះ ស្ថិត​នៅចំ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ដែល​​​ស្ងាត់​ជ្រងំ ក្រោយ​ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ទាំង​អស់​ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។សារមន្ទីរ​នេះស្ថិតនៅផ្លូវ​លេខ១១៣ សង្កាត់​បឹងកេងកង៣ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។មានអ្នកទោសប្រមាណជាងមួយម៉ឺនពីរពាន់នាក់ត្រូវបានសម្លាប់នៅ មន្ទីរស-២១នេះ៕សរន-PC