១. តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្ដមនាយករដ្ឋមន្ត្រី លី ខឺឈាង បានចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ព្រមទាំងបានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌប ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃកម្ពុជា ផងដែរ។

ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានឯកភាពជាឯកច្ឆន្ទលើចំណុចជាច្រើន តាមរយៈការផ្លាស់ប្ដូរ ទស្សនៈយ៉ាងស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យបានខ្លាំងក្លាថែមទៀត។

២. ភាគីចិនបានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការអភិវឌ្ឍជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់សាជាថ្មីពីការគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា និងបានអះអាងពីការគាំទ្រ ចំពោះជម្រើសនៃមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា ស្របទៅនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា។ ភាគីចិនបានបញ្ជាក់សាជាថ្មីពីការប្ដេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីរក្សាស្ថិរភាពដ៏យូរអង្វែង ការអភិវឌ្ឍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងបានជូនពរយ៉ាងស្មោះស្ម័គ្រ និងមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងបន្តសម្រេចបានវឌ្ឍនភាពថ្មីៗទៀត ក្នុងការអភិវឌ្ឍជាតិ និងសុខុមាលភាពជូនប្រជាជន ក្រោមម្លប់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ។
ភាគីកម្ពុជាបានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជោគជ័យយ៉ាងពេញលេញ នៃសមាជជាតិលើកទី ២០ របស់បក្សកុម្មុយនីស្តចិន និងបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនគួរឱ្យស្ងើចសរសើរ ក្នុងបុព្វហេតុរបស់បក្សកុម្មុយនីស្ដចិន និងប្រទេសចិន ក្នុងការឆ្ពោះទៅយុគសម័យថ្មី នៃសង្គមនិយមតាមលក្ខណៈពិសេសរបស់ចិន ការលុបបំបាត់ភាពក្រីក្រទាំងស្រុង និងការកសាងសង្គមរីកចម្រើនមធ្យមលើគ្រប់វិស័យ ដែលសមិទ្ធផលទាំងនេះសម្រេចបាន ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមាន ឯកឧត្ដម ស៊ី ជីនពីង ជាស្នូល និងបានជះឥទ្ធិពលជាសកលយ៉ាងខ្លាំង។ ភាគីកម្ពុជាបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ប្រជាជនចិននឹងសម្រេចបាននូវគោលដៅ និងបេសកកម្ម ដែលបានដាក់ចេញនៅក្នុងសមាជជាតិលើកទី ២០ នៃបក្សកុម្មុយនីស្ដចិន ក្នុងការកសាងប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យលើគ្រប់វិស័យ។ ភាគីកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះមាគ៌ាទំនើបកម្មរបស់ចិន ដែលបានផ្ដល់នូវបែបបទថ្មីសម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពសម្រាប់មនុស្សជាតិ ដែលបក្សកុម្មុយនីស្ដចិន និងប្រជាជនចិន រួមចំណែកទំាងប្រាជ្ញា និងដំណោះស្រាយ ក្នុងការដោះស្រាយបញ្ហារួមសម្រាប់មនុស្សជាតិ។ ភាគីកម្ពុជាត្រៀមជាស្រេច ក្នុងការពង្រឹងការផ្លាស់ប្ដូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងរួមគ្នាលើកកម្ពស់មាគ៌ាឆ្ពោះទៅរកទំនើបកម្ម ដើម្បីជាផលប្រយោជន៍ជូនប្រជាជន នៃប្រទេសទាំងពីរ និងតំបន់។
ភាគីកម្ពុជាបានអះអាងសាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ «គោលនយោបាយចិនមួយ» និងប្រឆាំងចំពោះសកម្មភាព និងពាក្យពេចន៍ទំាងឡាយណា ដែលបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន ប្រឆាំងរាល់ទម្រង់នៃសកម្មភាពរបស់ពួកបំបែកខ្លួនដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់» និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ក្រោមហេតុផលណាក៏ដោយ។ កម្ពុជាគាំទ្ររាល់កិច្ចប្រឹងប្រែងរបស់ចិន ក្នុងកិច្ចការពារផលប្រយោជន៍ស្នូល និងសម្រេចបាននូវការបង្រួបបង្រួមជាតិ។ ភាគីចិនបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្ពុជា ចំពោះជំហរទាំងនេះ។

៣. ឆ្នាំ២០២២ នេះ ជាព្រះរាជខួបប្រសូតទី ១០០ ព្រះវស្សា របស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយនៅឆ្នាំ២០២៣ ជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន។ ភាគីទាំងពីរបានឯកភាពថា មិត្ដភាពជាប្រពៃណីកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំ និងថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្ដម សីហនុ និង ឯកឧត្ដមប្រធាន ម៉ៅ សេទុង នាយករដ្ឋមន្ត្រី ជូ អេនឡាយ និងថ្នាក់ដឹកនាំចិនជំនាន់មុន គឺជារតនសម្បត្តិរួមរបស់ប្រជាជនទាំងពីរ។ នៅក្នុងយុគសម័យថ្មី ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជា និង ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ទំនាក់ទំនងកម្ពុជា-ចិន បាន និងបន្តរីកចម្រើនដល់កម្រិតថ្មី ដោយសម្រេចបានវឌ្ឍនភាពផ្លែផ្កា ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។
ចំពោះមុខនឹងការប្រែប្រួលយ៉ាងខ្លាំងក្លា និងជំងឺរាតត្បាត ដែលមិនធ្លាប់ជួបពីមុនមក ក្នុងរយៈពេលមួយសតវត្សរ៍នេះ កម្ពុជា និងចិនបានរក្សាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងធ្វើកិច្ចសម្របសម្រួលពហុភាគីយ៉ាងជិតស្និទ្ធ នាំមកនូវផលប្រយោជន៍ជាក់ស្ដែង សម្រាប់ប្រជាជនទាំងពីរ និងរួមចំណែកដល់សនិ្តភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។
ភាគីទាំងពីរបានឯកភាព កំណត់យក ឆ្នាំ២០២៣ ជា «ឆ្នាំមិត្តភាពកម្ពុជា-ចិន» ហើយនឹងរួមគ្នាប្រារព្ធពិធីអបអរសាទរជាច្រើន ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាព រវាងប្រជាជនទាំងពីរ។

៤. ភាគីទាំងពីរបានឯកភាពថា នៅក្នុងយុគសម័យថ្មី ការពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គឺជាបំណងប្រាថ្នារួម និងស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ ព្រមទាំងមានលក្ខណៈអំណោយផលចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការអនុវត្ត «ផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន» ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៩ និងធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព ដូចខាងក្រោម៖
(ក) ពង្រឹងការប្រាស្រ័យទាក់ទងយុទ្ធសាស្ត្រកម្រិតខ្ពស់។ ភាគីចិននឹងបន្តថ្វាយបដិសណ្ឋារកិច្ច ចំពោះព្រះរាជដំណើរទស្សនកិច្ចពិនិត្យព្រះរាជសុខភាពរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ នៅប្រទេសចិន។ ថ្នាក់ដឹកនាំចិនទន្ទឹងរង់ចាំការអញ្ជើញបំពេញទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀត នៅពេលវេលាសមស្របរបស់ភាគីទាំងពីរ។
(ខ) ប្រើប្រាស់ឱ្យបានពេញលេញ នូវតួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។ ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំលើកទី ៧ នៃគណៈកម្មាធិការខាងលើ តាមពេលវេលាសមស្រប ដើម្បីបង្កើនតួនាទីនាំមុខ និងកិច្ចសម្របសម្រួលលើវិស័យផ្សេងៗជាច្រើន។ ស្ថាប័នដឹកនាំរបស់ភាគីទាំងពីរមានភារកិច្ចដាក់ចេញជាផែនទី និងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ស្របពេលដែលក្រសួងការបរទេសទាំងពីរទទួលខុសត្រូវចំពោះការអនុវត្តពេញលេញ នៃ «កិច្ចព្រមព្រៀង ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាលថ្មី»។
(គ) ប្រើប្រាស់ឱ្យអស់សក្ដានុពលនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធា ដោយការបង្កើនទំនាក់ទំនងរវាងស្ថាប័នការពារជាតិ និងយោធាគ្រប់កម្រិតនៃប្រទេសទំាងពីរ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ដូចជា ការបណ្តុះបណ្តាល និងការហ្វឹកហ្វាត់រួមគ្នា ការផ្ដល់បរិក្ខារយោធា បច្ចេកវិទ្យា សេវាសុខាភិបាល ឡូជីស្ទីក និងសន្តិសុខពហុភាគី។ កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នឹងត្រូវបានពង្រឹងបន្ថែមទៀត ដោយផ្តោតលើការបង្រ្កាបការជួញដូរមនុស្ស ល្បែងអនឡាញ ការឆបោកតាមប្រព័ន្ធអ៊ីនធឺណែត និងឧក្រិដ្ឋកម្មនានា តាមរយៈការសម្របសម្រួលកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើការកសាងសមត្ថភាព និងការផ្លាស់ប្តូរព័ត៌មាន។ កិច្ចប្រឹងប្រែងនឹងផ្តោតបន្ថែមទៅលើការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រុមការងាររួមគ្នាកម្ពុជា-ចិន ស្តីពីសុវត្ថិភាព និងសន្តិសុខខ្សែក្រវាត់ និងផ្លូវ។
(ឃ) លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវគុណភាពខ្ពស់ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លំាងក្លាលើយុទ្ធសាស្រ្តអភិវឌ្ឍន៍។ ដើម្បីកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រទេសទំាងពីរនឹងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការវិនិយោគលើសមត្ថភាពផលិតកម្ម ក្នុងគោលបំណងជួយកម្ពុជាពន្លឿនការអភិវឌ្ឍឧស្សាហកម្មទំនើបចម្រុះ និងធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដោយពង្រឹងខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ផលប្រយោជន៍ទៅវិញទៅមក។ គម្រោងសំខាន់ៗ ដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប គម្រោងបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង និងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ឡូជីស្ទីក និងឃ្លំាងស្តុក នឹងត្រូវបានពន្លឿន។ ភាគីទាំងពីរគាំទ្រកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើថាមពលស្អាត ដើម្បីគាំទ្រសេដ្ឋកិច្ចបៃតង ការសន្សំសំចៃ និងស័ក្ដិសិទ្ធិភាពនៃថាមពល ព្រមទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នពុល នៅកម្ពុជា។
ប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ ពង្រីកការនាំចេញផលិតផលកម្ពុជាដែលមានគុណភាពទៅកាន់ទីផ្សារចិន តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ដូចជា ពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍នាំចូល-នាំចេញចិន ពិព័រណ៍អាស៊ាន-ចិន និងយន្តការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិកត្រូនិកទ្វេភាគី។ ផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការកសិកម្មគ្រប់ផ្នែក ភាគីចិនបានបញ្ជាក់សាជាថ្មី អំពីជំហររបស់ខ្លួន ក្នុងការពង្រីកទីផ្សារចិន សម្រាប់ផលិតផល និងទំនិញកសិកម្មពីកម្ពុជា និងផ្តល់ការគាំទ្រផ្នែកចំណេះដឹង ហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា។
កសាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការឱសថបុរាណចិន កម្ពុជា-ចិន ដើម្បីគាំទ្រសេវាសុខាភិបាលសាធារណៈនៅកម្ពុជា។ ផ្គត់ផ្គង់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ស្របតាមតម្រូវការរបស់កម្ពុជា។ ភាគីចិននឹងបន្តគាំទ្រការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈគម្រោងកែលម្អផ្លូវជនបទជំហានទី ៣ គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី ៣ គម្រោងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ និងគម្រោងផ្សេងៗទៀតដូចជា ផ្លូវជនបទ ការរក្សាទឹក អប់រំ សុខាភិបាល និងគម្រោងបោសសម្អាតមីន។
(ង) ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន។ ចិននឹងបន្តគាំទ្រការអប់រំភាសាចិន និងប្រព័ន្ធឌីជីថល ក្នុងវិស័យអប់រំនៅកម្ពុជា និងរៀបចំការធ្វើដំណើរឡើងវិញជាបន្តបន្ទាប់ តាមជើងហោះហើរត្រង់បន្ថែមទៀត ដើម្បីសម្រួលដល់ការវិលត្រលប់របស់និស្សិតកម្ពុជាទៅប្រទេសចិន។ ភាគីកម្ពុជានឹងបន្តគាំទ្រដំណើរការរបស់មជ្ឈមណ្ឌលវប្បធម៌ចិន វិទ្យាសា្ថនខុងជឺ និងសហការជាមួយភាគីចិន ដើម្បីរក្សាការផ្លាស់ប្តូរជាទៀងទាត់រវាងអង្គការ និងស្ថាប័នយុវជន ផ្តល់តួនាទីសំខាន់ដល់សមាគមមិត្តភាព ស្ថាប័ន ក្រុមស្រាវជ្រាវវិភាគ ឃោសនាការ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ភាគីទំាងពីរនឹងបន្តតាមដានកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌អរូបិយ ការចូលរួមយ៉ាងសកម្មក្នុងពិព័រណ៍ទេសចរណ៍ ដែលរៀបចំឡើងដោយភាគីម្ខាងទៀត ការចាត់វិធានការរួមគ្នាដើម្បីការពារបេតិកភណ្ឌវប្បធម៌អាស៊ី ការគាំទ្រការអភិរក្ស និងការជួសជុលបេតិកភណ្ឌអង្គរបុរាណ ប្រាសាទព្រះវិហារ និងទីតំាងបេតិកភណ្ឌនានាផ្សេងទៀតនៅកម្ពុជា ក៏ដូចជាការសហការរួមគ្នាទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ និងការរៀបចំកិច្ចសន្ទនាយុវជន ស្តីពីបេតិកភណ្ឌវប្បធម៌។
(ច) កម្ពុជាគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ស្របជាមួយនឹងការបេ្តជ្ញាចិត្តលើការអនុវត្តរបៀបវារៈ ស្តីពី «ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០» របស់អង្គការសហប្រជាជាតិ។ កម្ពុជាគាំទ្រការស្នើដោយភាគីចិននូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងត្រៀមខ្លួនសហការជាមួយប្រទេសចិន លើអភិបាលកិច្ចសន្តិសុខសកល ដើម្បីសន្តិសុខរួម គ្រប់ជ្រុងជ្រោយ ប្រកបដោយកិច្ចសហប្រតិបត្តិការ និងចីរភាព។ ភាគីទំាំងពីរនឹងរួមគ្នាជំរុញគុណតម្លៃរួមរបស់មនុស្សជាតិ ប្រកបដោយសន្តិភាព ការអភិវឌ្ឍ មិនលម្អៀង យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ដោយការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល ដើម្បីលើកកម្ពស់បុព្វហេតុសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

៥. ភាគីទំាងពីរបានសង្កត់ធ្ងន់អំពីសារសំខាន់ នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតប្រាកដ ធ្វើទំនើបកម្មប្រជាធិបតេយ្យទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍអភិបាលកិច្ចសកល ឆ្ពោះទៅរកយុត្តិធម៌ និងសមធម៌កាន់តែធំធេង។ ភាគីទំាងពីរបានឯកភាពប្រកាន់ខ្ជាប់នូវនិយាមជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ការពារភាពមិនលម្អៀង និងយុត្តិធម៌អន្តរជាតិ ហើយប្រឆំាងរាល់ទម្រង់នៃអនុត្តរភាពនយោបាយអំណាច ឯកតោភាគីនិយម និងភាពផ្ដាច់មុខ ផ្នត់គំនិតសង្គ្រាមត្រជាក់ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងស្តង់ដារពីរ។ ភាគីទំាងពីរបានគាំទ្រ និងលើកឡើងថា ប្រទេសនានាគួរធ្វើការផ្លាស់ប្តូរ និងធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកសិទ្ធិមនុស្ស ដោយឈរលើមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក ជំនួសឱ្យការធ្វើនយោបាយតូបនីយកម្មលើបញ្ហាសិទ្ធិមនុស្ស។
ភាគីទំាងពីរបានឯកភាពពង្រឹងបន្ថែមទៀត នូវកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ លើក្របខណ្ឌពហុភាគី រួមមាន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន រួមគ្នាជំរុញការអភិវឌ្ឍសហគមន៍វាសនារួមមេគង្គ-ឡានឆាង និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិនឱ្យកាន់តែជិតស្និទ្ធ ដែលមានអត្ថន័យ ខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក។ ចិនបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ និងបានកោតសរសើរតួនាទីដ៏សកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។ កម្ពុជាបានថ្លែងអំណរគុណ ចំពោះស្មារតីភាពជាដៃគូដ៏រឹងមាំរបស់ចិន និងការគាំទ្រឥតងាករេចំពោះព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ភាគីទំាងពីរជឿជាក់ថា ដោយសារកិច្ចប្រឹងប្រែងរួមគ្នា នៃប្រទេសសមាជិកអាស៊ាន និងចិន ស្ថានភាពសមុទ្រចិនខាងត្បូងបានរក្សានូវស្ថិរភាពជារួម។ ភាគីទំាងពីរបានសង្កត់ធ្ងន់ថា «សេចក្តីប្រកាស ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តអនុវត្តឱ្យបានពេញលេញ និងប្រសិទ្ធភាព ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រជាក់ស្តែង និងឈានទៅសម្រេចនូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឱ្យបានឆាប់ ឈរលើមូលដ្ឋានឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាងត្បូង ទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

៦. ថ្នាក់ដឹកនាំទំាងពីរបានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ រួមមាន ការប្រែប្រួលអាកាសធាតុ កសិកម្ម គយ បច្ចេកវិទ្យា ឱសថបុរាណចិន អប់រំ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធ។
៧. ភាគីទំាងពីរយល់ថា លទ្ធផលប្រកបដោយផ្លែផ្កា និងមានសារសំខាន់ នៃដំណើរទស្សនកិច្ចនេះ បានជួយពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពប្រពៃណីកម្ពុជា-ចិន ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ និងបានរួមចំណែកជាវិជ្ជមានដល់សហគមន៍វាសនារួមកម្ពុជា-ចិន។
៨. ឯកឧត្តមនាយករដ្ឋមន្រ្តី លី ខឺឈាង បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងពេលទស្សនកិច្ចរបស់ឯកឧត្តម ហើយសូមគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលសមស្រប។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងទទួលនូវការអញ្ជើញដោយសេចក្តីសោមនស្សរីករាយ៕
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២