ដោយៈសុផានីតា/កោះកុង៖ មន្រ្តីនគរបាលចរាចរណ៍ នឹងចុះអប់រំផ្សព្វផ្សាយការយល់ដឹងអំពីខ្លឹមសារស្លាកសញ្ញាហាមចូល និងហាមបត់ឆ្វេងស្តាំជូនដល់ពលរដ្ឋអ្នកបើកបរយានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវភ្លោះក្នុងក្រុងខេមរភូមិន្ទ នាពេលឆាប់ៗខាងមុខ។
ការវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋអ្នកបើកបរ បានធ្វើឡើងក្រោយមន្ទីរសាធារណការបានប្រតិបត្តិការគូសគំនូស និងដាក់ដំឡើងស្លាកសញ្ញាចរាចរណ៍ប្រមាណ៧៥ស្លាកលើបណ្តោយផ្លូវភ្លោះចាប់ពីកែងផ្លូវមាត់ព្រែកកោះប៉ោរហូតដល់រង្វង់មូលស្តូប ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កន្លងទៅនេះ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ថា សមត្ថកិច្ចរបស់លោកកំពុងរៀបចំឯកសារច្បាប់មួយចំនួនដើម្បីចុះបង្ហាញអប់រំណែនាំដល់ប្រជាពលរដ្ឋដែលធ្វើចរាចរណ៍តាមផ្លូវគោលដៅខាងលើបានដឹងជ្រួលជ្រាបយ៉ាងទូលំទូលាយជាសិន។

លោកស្នងការនគរបាលខេត្តគូសបញ្ជាក់ទៀតថាលោកនឹងប្រើប្រាស់ពេលវេលាយ៉ាងហោច៣សប្តាហ៍សម្រាប់កម្មវិធីអប់រំណែនាំបញ្រ្ចាបការយល់ដឹងជាសាធារណៈមុននឹងដាក់ចេញវិធានការអនុវត្តរឹតបន្តឹងអនុវត្តច្បាប់ផាកពិន័យចំពោះម្ចាស់យានយន្តដែលល្មើសបំពានស្លាកសញ្ញាចរាចរណ៍។
ការណ៍ដែលលោកស្នងការចាំបាច់ចំណាយវេលាបីសប្តាហ៍យ៉ាងដូច្នេះព្រោះស្លាកសញ្ញាទើបតែដំឡើងតាមដងផ្លូវដែលពលរដ្ឋធ្លាប់ជិះបញ្រ្ចាសទិសដៅពុំសូវបានចាប់អារម្មណ៍ និងគោរពច្បាប់ដោយពួកគេធ្វើដំណើរតែតាមទម្លាប់ប្រចាំថ្ងៃ ក្នុងពេលមិនទាន់មានស្លាកសញ្ញាត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ថ្លែងថា លោកនឹងដឹកនាំកងកម្លាំងក្រោមឱវាទសហការជាមួយសមត្ថកិច្ច ផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋផងដែរ។

យុវជន សេង សុវណ្ណរិទ្ធ និងអ្នកស្រី គិង ចិន ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ បង្ហាញក្តីគាំទ្រពេលមានស្លាកសញ្ញាចរាចរណ៍របស់មន្រ្តីជំនាញក៏ដូចជាវិធានការអប់រំណែនាំដល់អ្នកបើកបរពុំទាន់យល់ដឹងពីអត្តន័យខ្លឹមសារនៃស្លាកសញ្ញា។
តំណាងប្រជាពលរដ្ឋ យល់ដែរថា ការដាក់ស្លាកសញ្ញាទាំង៧៥ស្លាកតាមចំណុចគោលដៅផ្លូវនីមួយៗជារឿងថ្មីមួយសម្រាប់ពលរដ្ឋដែលមិនទាន់ស្គាល់អត្តន័យស្លាក ដោយពួកគាត់ស្នើុដល់សមត្ថកិច្ចពាក់ព័ន្ធចុះអប់រំណែនាំផ្សព្វផ្សាយទៅកាន់អ្នកបើកបរ មុននឹងដល់ពេលចាប់ឃាត់ផាកពិន័យ។
ពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ ជឿជាក់ថា ទៅថ្ងៃមុខ អត្រាអ្នកចូលរួមគោរពច្បាប់ចរាចរណ៍នឹងកើនឡើង ខណៈកំណើនប្រជាពលរដ្ឋរស់នៅច្រើនពី១ឆ្នាំទៅ១ឆ្នាំ ប្រសិនបើពួកគេការយល់ដឹងខ្ពស់ផ្នែកច្បាប់។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ក៏ប្រាប់នៅថ្ងៃទី១១ ខែវិច្ឆិកានេះដែរថា ការគូសគំនូសសម្រេចបាន៩០ភាគរយ តម្លើងស្លាកសញ្ញាហាមចូល និងហាមបត់ឆ្វេងស្តាំចំនួន៧៥ស្លាកសម្រេចរួចរាល់លើកំណាត់ផ្លូវភ្លោះចាប់ពីកែងផ្លូវមាត់ព្រែកកោះប៉ោរហូតដល់រង្វង់មូលស្តូប។
លោក អន ដាវុធ បន្តថា ពេលដែលទីក្រុងមានស្លាកសញ្ញាចរាចរណ៍ ផ្លូវស្អាតល្អគ្រប់គ្រាន់ ជាចលករលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ចៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗតាមដងផ្លូវ។ ការងារបន្ត ក្រុមការងារជំនាញរបស់លោកនឹងដាក់ស្លាកសញ្ញា គូសគំនូសកែងផ្លូវមូលដ្ឋានកងរាជអាវុធហត្ថខេត្តទៅដល់មុខផ្សារដងទង់។

ក្រៅពីបញ្ចប់ការគូសគំនូសដំឡើងស្លាកសញ្ញានៅមុខផ្សារដងទង់និងបន្តដាក់ស្លាកនិងគូសគំនូសពីរង្វង់មូលលោកយាយរ៉ែកផ្លែឈើដល់ក្រុងខេមរភូមិន្ទ។ បន្ទាប់មកជួសគំនូសដែលរលប់ផ្លូវមុខសាលាខេត្ត ដល់ផ្ទះលោកស្រីអភិបាលខេត្ត៕សរន-PC