ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖លោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង ៣:៥០ រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដំណើរមកដល់របស់លោកអនុប្រធានាធិបតីឥណ្ឌា គឺបន្ទាប់ពីការអញ្ជើញមកហើយដែរ របស់លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។

កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ ៕សរន

អនុប្រធានាធិបតីឥណ្ឌា បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន(រូបថត AMS)