ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ គណៈ​កម្មការខេត្តបន្ទាយមានជ័យ បានត្រូវស្នើបន្ធូរបន្ថយ​និងលេីកលែងទោស​ដល់ទណ្ឌិត​ក្នុងឱកាសទិវា​ជ័យជម្នះ​ លេីរបបប្រល័យពូជសាសន៍​ ៧ មករា​ឆ្នាំ​២០២៣ ដែលការស្នើនេះ បានធ្វើឡើង​នៅក្នុងកិច្ចប្រជុំ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅសាលប្រជុំ ខ សាលាខេត្ត។

កិច្ចប្រជុំនោះ ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោក សោ វុទ្ធី ព្រះរាជអាជ្ញា​រង​,​ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន​ប្រធានពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​និងអង្គភាពពាក់ព័ន្ធ។

លោកឧត្តមអគ្គានុរក្សលេខ២​ អ៊ុង ស៊ីផាន បានអានស្ថិតិបញ្ជីឈ្មោះ និងសាវតា នៃទណ្ឌិត ជនជាតិខ្មែរ និងជនបរទេស ដែលត្រូវបានអង្គភាពពន្ធនាគារ ខេត្តបន្ទាយមានជ័យ ស្នើសុំការអនុម័ត ពីគណៈកម្មការខេត្ត ដើម្បីបញ្ជូនការស្នើ បន្ថយទោស បន្តស្នើសុំការសម្រេចពីថ្នាក់លើ ក្នុងនោះមាន បន្ធូរបន្ថយទោស ពី ៣ ខែ ដល់ ៦ខែ ដល់ទណ្ឌិតចំនួន ១៦ នាក់ / ស្រី ៣ នាក់។

លោក ង៉ោ ម៉េងជ្រួន បានទទួលស្គាល់ និងកោតសរសើរលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ អ៊ុង ស៊ីផាន​និងមន្ត្រីក្រោមឱវាទ បានខិតខំប្រឹងប្រែងគ្រប់គ្រងថែរក្សា អ្នកជាប់ឃុំ​ក្នុងនោះ បានពិនិត្យ វាយតម្លៃលើសកម្មភាពអនុវត្ត គុណសម្បត្តិ និងរយៈពេលនៃការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស ពី៣ ខែ ដល់ ៦ ខែ។

លោកស្នើដល់ពន្ធនាគារ ទី១ ត្រូវបន្តខិតខំរិះរកវិធីសាស្ត្រអប់រំ កែប្រែ បង្ហាត់បង្រៀន បណ្តុះបណ្តាលវិជ្ជាជីវ: ដល់ទណ្ឌិត ។ ទី២ យកចិត្តទុកដាក់ លើចំណីអាហារ ថ្នាំសង្កូវ សុខុមាលភាពទណ្ឌិត និងទី៣ បង្កើនសាមគ្គីភាព ឯកភាព ផ្ទៃក្នុងអង្គភាព ដើម្បីលទ្ធផល និងប្រសិទ្ធភាពការងារ។

លោកសង្ឃឹមថា ដំណើរការនេះ នឹងមិនមានភាពលំអៀង មិនបក្ខពួក ភាពមិនប្រក្រតី ឬបញ្ហាកើតឡើង ពោលធ្វើប្រកបដោយ តម្លាភាព ការទទួលខុសត្រូវ និងប្រសិទ្ធភាព ខ្ពស់ ។ ក្នុងនោះ លោកបានផ្តាំផ្ញើដល់ អ្នកជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រសជាតិ ជាប់គុក ហើយមសនឥស្សរភាពចេញពីពន្ធនាគារ វិញត្រូវចេះកែខ្លួន ឲ្យក្លាយជា មនុស្សល្អ ពលរដ្ឋល្អ ទើបអាចធ្វើសមាហរណកម្ម រស់នៅក្នុងសង្គមគ្រួសារ និងសង្គមជាតិឡើងវិញ៕/V-PC