​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ សម្រាប់​អ្នក​ដែល​មាន​សុបិន​ចង់ល​ក់ដី​និង​ប្តូរ​ទៅ​ជនបទ ចុះ​បើ​ទិញ​ភូមិ​ទាំងមូល​វិញ​ម៉េច​ដែរ​?

​ភូមិ សាល់​តូ ដឺ កា​ស្ត្រូ (Salto de Castro) នៅ​ភាគ​ពាយព្យ​ប្រទេស​អេ​ស្ប៉ា​ញ ត្រូវបាន​ដាក់​លក់ ក្នុងតម្លៃ ២៦០.០០០ អឺរ៉ូ (២៥៩.០០០ ដុល្លារ​)​។​

​មាន​ទីតាំង​នៅ​ជាប់​ព្រំដែន​ជាមួយ​ព័រ​ទុយ​ហ្គាល់​ក្នុង​ខេត្ត​ហ្សា​ម៉ូ​រ៉ា (Zamora) និង​ធ្វើ​ដំណើរ​បី​ម៉ោង​ពី​ទីក្រុង​ម៉ា​ឌ្រី​ដ ភូមិ​សាល់​តូ ដឺ កា​ស្ត្រូ មាន​អគារ​ជាច្រើន​ដែល​អាច​ចាត់ទុក​ជា​ទីប្រជុំជន​តូច​មួយ​​របស់អេ​ស្ប៉ាញ​។​

​ភូមិ​នេះ​មាន​ផ្ទះ​ចំនួន ៤៤ ខ្នង សណ្ឋាគារ​មួយ ព្រះវិហារ​មួយ សាលារៀន​មួយ អាង​ហែល​ទឹក​ប្រជុំជន​មួយ និង សូម្បី​អគារ​បន្ទាយ​មួយ ដែល​ធ្លាប់​ធ្វើជា​លំនៅ​របស់​ឆ្មាំ​ស៊ីវិល​។​

​ប៉ុន្តែ​អ្វី​ដែល​ភូមិ​នេះ​មិន​មាន​គឺ​អ្នករស់នៅ​។ ភូមិ​សាល់​តូ ដឺ កា​ស្ត្រូ ត្រូវ​បាន​បោះបង់​ចោល​អស់​ជាង​បី​ទសវត្សរ៍​មក​ហើយ​។​

​ម្ចាស់​វា​បាន​ទិញ​ភូមិ​នេះ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០ ដោយ​មាន​បំណង​បំប្លែង​វា​ទៅ​ជា​កន្លែង​ទេសចរណ៍​។ ទោះយ៉ាងណា វិបត្តិ​តំបន់​ចាយប្រាក់​អឺរ៉ូ​បាន​រារាំង​ផែនការ​នេះ​មិន​ឱ្យ​ទទួល​ផល​។​

​លោក រ៉ូន​នី រ៉ូ​ឌ្រី​ហ្គេស (Ronnie Rodríguez) មក​ពី​ក្រុមហ៊ុន Royal Invest ជា​ក្រុមហ៊ុន​តំណាង​ឱ្យ​ម្ចាស់ បាន​និយាយថា “​ម្ចាស់​មាន​សុបិន​ចង់​មាន​សណ្ឋាគារ​នៅ​ទី​នេះ​ប៉ុន្តែ​វា​ត្រូវ​បាន​ផ្អាក​​ទាំងអស់​។ គាត់​នៅតែ​ចង់​ឱ្យ​គម្រោង​នេះ​ក្លាយជា​ការពិត​”​។​

​នៅលើ​វេបសាយ Idealista កន្លែង​ដែល​អចលនទ្រព្យ​នេះ​ត្រូវបាន​ចុះបញ្ជី ម្ចាស់​ដែល​ស្ថិតក្នុង​វ័យ​ខ្ទង់ ៨០ ឆ្នាំ​ប្លាយ បាន​និយាយថា “​ខ្ញុំ​លក់​ព្រោះ​ខ្ញុំ​ជា​អ្នក​រស់នៅ​ទីក្រុង​ហើយ​មិន​អាច​ថែទាំ​ភូមិ​​នៅ​ឆ្ងាយ​” បានទេ​។​

​វា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជាច្រើន ដោយ​មាន​អ្នក​ចូល​សាកសួរ​ជាង ៥០.០០០​នាក់ ចាប់តាំងពី​វា​ត្រូវបាន​ចុះបញ្ជី​កាល​ពី​មួយ​សប្តាហ៍​មុន​ក្នុង​តម្លៃ​នេះ​។​

​លោក​រ៉ូ​ឌ្រី​ហ្គេស​បាន​និយាយថា មនុស្ស ៣០០ នាក់​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទិញ ដោយ​មាន​ការសាកសួរ​ពី​រុស្ស៊ី បារាំង បែលហ្ស៊ិក និង​ចក្រភព​អង់គ្លេស​។ លោក​បន្តថា អ្នកទិញ​សក្ដានុពល​ម្នាក់​បាន​កក់​ប្រាក់​ទិញ​រួច​ហើយ​៕

ភូមិ សាល់​តូ ដឺ កា​ស្ត្រូ មាន​អ្នក​កក់​ប្រាក់​ទិញ​រួចហើយ​