ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ថាៈ ទាក់ទងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ជារួមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃដំណើរការកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី៨ រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា នេះ គឺសភាពការណ៍ល្អ មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ ដោយសារតែមាន ការចូលរួមសហការគ្នា បានយ៉ាងល្អ ដោយកម្លាំងចម្រុះ គ្រប់អង្គភាពពាក់ព័ន្ធ ទាំងអស់។

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ

លោកបានបញ្ជាក់ថាៈ ដូចដែលលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់រួច ហើយ គឺកម្លាំងសរុបដែលការពារកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ ប្រើប្រាស់កម្លាំងសរុបជាង ១ ម៉ឺននាក់។ ដោយឡែក ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយអនុវត្តតាមផែបនការ និងបទបញ្ជា ដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបានប្រើប្រាស់កម្លាំងសរុបជាង ២៣០០នាក់ ដោយត្រូវបានបែងចែង​និងតួនាទី យ៉ាងច្បាស់លាស់ ដោយទទួលខុសត្រូវក្នុងគោលដៅសំខាន់ៗ ហើយកម្លាំង ដែលប្រើរួមមានកម្ឡាំងអន្តរាគមន៍ពិសេស កម្ឡាំងតាមការិយាល័យជំនាញ កម្លាំងចរាចរណ៍សណ្តាប់ធ្នាប់ និងដាក់ពង្រាយ តាមដងផ្លូវសំខាន់ៗទាំងអស់ ក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ ដើម្បីជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមាន ការកកស្ទះ ជាពិសេសកម្លាំងអគ្គិភ័យ គឺត្រៀម ២៤ម៉ោងលើ ២៤ម៉ោង ក្នុងករណីមានបាតុភាពអគ្គិភ័យកើតមានឡើង។

កម្លាំងសមត្ថកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា

អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ សរុបជារួម គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ គឺស្ថានភាពល្អមិនមានបញ្ហាអ្វីកើត ឡើងនោះទេ។

សូមជម្រាបថា នៅថ្ងៃទី១១ ខែវិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ាន ជាសាកលលើកទី២ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយ ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានដទៃទៀត នឹងអញ្ជើញចូលរួមកម្មវិធីជំនួប ដោយឡែកពីគ្នា ជាមួយតំណាងនៃអន្តរសភាអាស៊ាន តំណាងនៃយុវជនអាស៊ាន និងតំណាងនៃ ក្រុមប្រឹក្សាអ្នកប្រឹក្សាធុរកិច្ចអាស៊ាន។ ថ្នាក់ដឹកនាំ ក៏នឹងចូលរួម ក្នុងកិច្ចសន្ទនាអាស៊ាន ជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញ ក្រោយជំងឺ កូវីដ-១៩ ដែលនឹងមានការអញ្ជើញចូលរួមពីប្រធានអង្គការអន្តរជាតិ សំខាន់ៗ មួយចំនួនផងដែរ។ ថ្នាក់ដឹកនាំ នៃដៃគូសន្ទនាអាស៊ានមួយចំនួន ក៏រំពឹងថា នឹងចូលរួម ក្នុងកិច្ចសន្ទនានេះផងដែរ។

នៅក្នុងពិធីបិទជាផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រគល់ញញួរ ប្រធានអាស៊ានជូន លោក ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំក្រោយ។ នៅរវាងកិច្ចប្រជុំដែលបានគ្រោង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មានជំនួបទ្វេភាគី ជាមួយប្រមុខប្រតិភូមួយចំនួនផងដែរ៕/V

កម្លាំងសមត្ថកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា