​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​រដ្ឋមន្ត្រី​យុត្តិធម៌​ជប៉ុន​បាន​លាឈប់​ពី​តំណែង​កាលពី​ថ្ងៃ​សុក្រ​ទី​១១​វិច្ឆិកា ដោយ​លោក​បាន​ក្លាយជា​រដ្ឋមន្ត្រី​ទី​ពីរ​ដែល​ចាកចេញ​ពី​គណៈរដ្ឋមន្ត្រី​នៅពេល​មិន​ដល់​មួយ​ខែ​ផង ​ដោយសារ​រឿង​អាស្រូវ​ពាក្យសម្តីលេងសើចក្នុងអង្គប្រជុំមួយ នៅ​ពេល​នាយក​រដ្ឋមន្ត្រី ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា ខិតខំ​ទប់​អត្រា​គាំទ្រ​សាធារណជន​ដែល​កំពុង​ធ្លាក់ចុះ​របស់​លោក​។​

​ការគាំទ្រ​របស់​លោក​គី​ស៊ី​ដា​បាន​ដាំ​ក្បាល​ចុះ​ដល់​កំរិត​៣០​ភាគរយ​នៅក្នុង​ការស្ទង់មតិ​ជាច្រើនគឺជិត​ដល់​តំបន់​គ្រោះថ្នាក់​ដែល​ពិបាក​នឹង​អោយ​លោក​ជំរុញ​ឃោសនា​របៀបវារៈ​របស់​លោក​។​

​រដ្ឋមន្ត្រី​យុត្តិធម៌ យ៉ា​ស៊ូ​ហ៊ី​រ៉ូ ហា​ណា​ស៊ី

​រដ្ឋមន្ត្រី​យុត្តិធម៌ យ៉ា​ស៊ូ​ហ៊ី​រ៉ូ ហា​ណា​ស៊ី​(Yasuhiro Hanashi)​បាន​ស្ថិត​ក្រោម​ការរិះគន់​ដោយសារ​តែ​សម្តី​ដែល​ត្រូវបាន​ផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​លោក​បាន​ចាត់ទុក​ភារកិច្ច​របស់​លោក​មិន​​សំខាន់និង​គួរ​អោយ​ធុញ ជាពិសេស​ការអនុម័ត​ទោស​ប្រហារជីវិត​។​គេ​ថា លោក​ហា​ណា​ស៊ី ដែល​ជា​សមាជិក​បក្ស​កាន់អំណាច​LDP​របស់​លោក​គី​ស៊ី​ដា បាន​និយាយថា​មុខតំណែង​របស់​លោក​ក្នុងគណៈ​​រដ្ឋមន្ត្រី​មិន​ជា​សំខាន់លេចធ្លោ​ទេ តែ​លោក​«​ធ្វើអោយ​មាន​ការចាប់អារម្មណ៍​ទាល់តែ​អនុម័ត​ការប្រហារជីវិត​ទាំង​ព្រឹក​»​។​

​សម្តី​របស់​លោក​ហា​ណា​ស៊ី​រង​ការ​រិះគន់​ភ្លាម​ចេញ​ពី​បក្សប្រឆាំង​និង​សូម្បី​តែ​ក្នុង​គណបក្សកាន់អំណា​ច​របស់លោក​គី​ស៊ី​ដា ដែល​កាន់តែ​វាយប្រហារ​រដ្ឋាភិបាលរ​បស់​លោក​បន្ទាប់ពី​វាមាន​បញ្ហា​ដោយសារ​តែ​​ទំនាក់ទំនង​រាប់​ទសវត្សរ៍​ជាមួយ​ព្រះវិហារ​Unification Church ជា​ក្រុម​សាសនា​ជាប់​រឿងអាស្រូវ​មួយចំនួន​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​ខ្ញុំ​បាន​ដាក់ពាក្យ​សុំលាលែង​ទៅ​នាយក​រដ្ឋមន្ត្រី​»​ហើយ។​

​សូមបញ្ជាក់​ថា ជប៉ុន​អនុវត្ត​ទោស​ប្រហារជីវិត​ដោយ​ព្យួរក​ហើយ​មិន​ប្រាប់​អ្នកទោស​ត្រូវ​ប្រហារជីវិត​ជាមុន​ទេ ទាល់តែ​ពេលព្រឹក​ត្រូវ​ប្រហារជីវិត ជា​គោលការណ៍​មួយ​ដែល​បង្ក​ការរិះគន់​អស់​ពេល​ជា​យូរ​មក​​ហើយ​។​

​លោក​ហា​ណា​ស៊ី បាន​សុំ​ទោស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំពោះ​ពាក្យសម្តី​ឆ្គាំឆ្គងរបស់លោក និង​បាន​ប្រាប់​សភា​ថា​លោក​«​ទទួលយក​វា​មក​វិញ​»។

​លោក​គី​ស៊ី​ដា ត្រូវ​ធ្វើដំណើរ​មក​កម្ពុ​ជា​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន តែ​បាន​ពន្យារពេល​ដល់​ថ្ងៃ​សៅរ៍ នេះ​បើ​តាម​ក្រសួង​ការបរទេស​របស់លោក​៕