ដោយ: ស្រីនាង,មុនីរ័ត្ន/ភ្នំពេញ: ទីម័រឡេស្តេ បានប្រកាសស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្ត ដែលបានប្រកាសទទួលយកទីម័រឡេស្តជាសមាជិកទី១១ របស់អាស៊ាន និងទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ី។

ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២ ប្រទេសទីម័រឡេស្តេបានបញ្ជាក់ទៀតថា
• យើងសូមសំដែងនូវក្តីរីករាយ ក្នុងការបន្តធ្វើការ និងកិច្ចសហការនានាជាមួយ ក្រុមប្រឹក្សាសម្រប សម្រួលអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ឆ្ពោះទៅកាន់ការរៀបចំផែនទីបង្ហាញផ្លូវ ក៏ដូចជាការ ត្រៀមលក្ខណៈចូលជាសមាជិកពេញសិទ្ធរបស់ទីម័រឡេស្តេរដោយរួមបញ្ចូលទាំងការឈានទៅ សម្រេចបាននូវសមិទ្ធិផលសំខាន់នានា ដែលបានកំណត់ដោយរបាយការណ៍ស្វែងយល់ការពិត ទាំងបីរបស់អាស៊ាន។

យើងស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ផ្ដល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធដល់ទីម័រ ឡេស្តេ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល១១ឆ្នាំ និងការអនុម័រនូវផែនទី ចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ជាចុងក្រោយដោយអរគុណដល់កម្ពុជាផងដែរថា “ យើងសូមទទួលស្គាល់ និងសូមសំដែងនូវការអរគុណចំពោះការបន្តរផ្ដល់ជំនួយ និងការគាំទ ដោយពេញលេញពីប្រទេសសមាជិកអាស៊ាន ជាពិសេសចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ ការគាំទ្រឥតងាករេ ក៏ដូចជាការកោតសរសើរចំពោះបណ្តាប្រទេសជាដៃគូខាងក្រៅ សម្រាប់ការ ផ្តល់ជំនួយកសាងសមត្ថភាពនានា។

គួររំលឹកថាសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីសំណើសុំចូលជាសមាជិក អាស៊ានរបស់ទីម័រឡេស្តេកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកាបានបញ្ជាក់ថាយើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា៖
១. ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។
២. ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
៣. បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
៤. ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការ កសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕ N