​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​កំពូល​តារាង EPL ទាំងពីរ គឺ Arsenal និង Man City នៅតែ​មាន​ភាគរយ​ឈ្នះ​ខ្ពស់​នៅ​ថ្ងៃ​សៅរ៍​នេះ​ខណៈ​ពួកគេ​ព្យាយាម​ប្រជែង​យក​លេខ​១​រៀង​​ៗ​ខ្លួន​នៅ​មុន​ថ្ងៃ​បុណ្យ​ណូអែល​។ ដោយឡែក ក្រុម​តោ​ខៀវ Chelsea ដែល​កំពុង​បាក់​ចង្កូម មាន​ភារកិច្ច​ធ្ងន់​នៅ​ចុង​សប្តាហ៍​នេះ​ផងដែរ ដោយ​ត្រូវ​ធ្វើដំណើរ​ទៅ​ផ្ទះ​ក្រុម​ឡើង​ជើង Newcastle ជាមួយ​ភាគរយ​ឈ្នះ​នៅ​ទឹកដី​សារិកា​ព្រៃ​គឺ​មាន​តិចតួច​បំផុត​។

​ការព្យាករណ៍ ៖

– Manchester City vs Brentford

* Manchester City បាន​ស៊ុត​បញ្ចូល​ទី ៤១ គ្រាប់​ក្នុង​ការប្រកួត​ក្នុងផ្ទះ​ចំនួន ១១ លើក​នៅ​រដូវ​កាល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​ជា​មធ្យម​គឺ​លើស​ពី​៣​គ្រាប់​។​
* Brentford របូត ១១ គ្រាប់​ក្នុង​ការប្រកួត​ក្រៅ​ដី ៣ លើកចុងក្រោយ​។​
* Manchester City បាន​ស៊ុត​បាល់​បញ្ចូល​ទី ៤ គ្រាប់​ក្នុង ៣ ប្រកួត​ក្នុងផ្ទះ​នៃ​ការប្រកួត ៧ លើក​ចុង​ក្រោយ​នៅ​រដូវ​កាល​នេះ​។​

​ក្រុម​មេឃ​ខៀវ Manchester City បានឈ្នះ ៤ ដង​ជាប់​គ្នា​ជាមួយនឹង​ជ័យជម្នះ​ពាក់កណ្តាល​សប្តាហ៍​ក្នុង Carabao Cup លើ​ក្រុម Chelsea ប៉ុន្តែ​ឥឡូវនេះ​ការយកចិត្តទុកដាក់រ​បស់​ពួកគេ​បាន​ត្រឡប់​ទៅរក​ការការពារ​តំណែង​ជើងឯក Premier League នៅក្នុង​ការប្រកួត​ជុំ​ចុង​ក្រោយ​មុនពេល​ការប្រកួត World Cup ។​

​វា​ត្រូវកា​របាល់​ពិន័យ​១១​ម៉ែត្រ​ចុង​ម៉ោង​ពី​កីឡាករ​បម្រុង Erling Haaland ដើម្បី​ដណ្តើមបាន​៣​ពិន្ទុ​ពី​ក្រុម Fulham កាលពី​ចុង​សប្តាហ៍​មុន ហើយ​ខណៈ​ការវិលត្រឡប់​របស់​កីឡាករន័​រវែស​រូប​នេះ​ទៅរក​ភាពរឹងមាំ​ពេញលេ​ញវិញ​នៅ​មិនទាន់​បាន​បញ្ជាក់ គេ​ហ៊ាន​រំពឹងថា ពួកគេ​នឹង​ឈ្នះ​យ៉ាង​ងាយស្រួល​នៅពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម​អន់​ក្រៅ​ទឹកដី Brentford​។

​ក្រុម​ឱ​ម៉ាល់ Brentford ត្រូវ​បាន​ទម្លាក់​ចេញពី​ពានរង្វាន់ Carabao Cup ដោយ​ក្រុម Gillingham កាលពី​ពាក់កណ្តាល​សប្តាហ៍ ហើយ​ឥឡូវនេះ​មិន​ដែល​ឈ្នះ​សោះ​ក្នុង​ការប្រកួត​៥​លើកចុងក្រោយ ប៉ុន្តែ​ទម្រង់​លេង​អន់​ក្រៅ​ទឹកដី​ទើប​ជា​ចំណុច​គួរឱ្យ​ស្រក់ទឹកមាត់​សម្រាប់​ម្ចាស់ផ្ទះ ពេល​លេង​នៅ​កីឡដ្ឋាន Etihad ។​

​ពួកគេ​មិន​ទាន់​ឈ្នះ​ការប្រកួត​ក្រៅ​ដី​នៅ Premier League នៅ​រដូវ​កាល​នេះ​ទេ ហើយ​បាន​របូត ១៧ គ្រាប់​ក្នុងចំណោម ២៤ គ្រាប់​របស់​ពួកគេ​នៅ​ក្រៅ​ទឹកដី រួមទាំង ១១ គ្រាប់ ដែល​របូត​នៅ ៣ ប្រកួត​ក្រៅ​ទឹកដី​ចុងក្រោយ​របស់​ពួកគេ​។​

​នេះ​នឹង​ក្លាយ​ជា​ដំណឹង​ដ៏​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់​អ្នកគាំទ្រ​របស់​ក្រុម​ភ្ញៀវ ជា​ពិសេស​ពេល​ដឹងថា Manchester City បានឈ្នះ​ការប្រកួត​ក្នុងផ្ទះ​ចំនួន ១៦ លើ​ក​ជាប់ៗ​គ្នា​។​

​យោង​លើ​ចំណុច​នេះ Man City រំពឹង​ឈ្នះ​យ៉ាងតិច​ក៏ ៤ គ្រាប់​ឡើងទៅ​ដែរ​។

– Newcastle vs Chelsea

* ការ​ឈ្នះ Premier League ៤ ដង​នៃ​ការប្រកួត​៦​លើក​ចុងក្រោយ​របស់ Newcastle គឺ​មាន​ការ​ស៊ុត​ចូល​គ្នា​ទៅវិញទៅមក​។​
* Chelsea តែង​របូត​គ្រាប់​បាល់​នៅ ៦ លើកចុងក្រោយ​។​
* Newcastle មិន​ដែល​ចាញ់​នៅ ៨ ប្រកួត​ចុងក្រោយ (​ឈ្នះ ៦ ស្មើ​២)​។​
* Callum Wilson ចូលរួមចំណែក ៤ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៣ លើក​ចុងក្រោយ​របស់​គេ​។​

​សុបិន​លេង​នៅ​ក្របខណ្ឌ Champions League របស់ Newcastle កាន់តែ​មាន​ពន្លឺ​ត្រចះត្រចង់​។ ការទទួល​ជ័យជម្នះ​ក្នុង​ការប្រកួត​ចុងក្រោយ​នៅមុន​ការប្រកួត World Cup នឹង​ធានា​ចំណាត់ថ្នាក់​លេខ ៣ យ៉ាង​រឹងមាំ​សម្រាប់​ក្រុម​សារិកា​ព្រៃ Newcastle ក្នុងអំឡុង​បុណ្យ​ណូអែល ហើយ​ពិត​ណាស់ ពួកគេ​គឺជា​ក្រុម​រំពឹង​ផ្តួល​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប ២០២០/២១ Chelsea ដើម្បី​បង្ហាញ​ថា សមត្ថភាព​ពួកគេ​ឈាន​ដល់​កម្រិត​ណា​។​

​លោក Eddie Howe ធ្វើ​បាន​យ៉ាង​ល្អ​ក្នុងការ​ឆ្លាស់​កីឡាករ​ក្នុង​ក្រុម​របស់​គាត់​សម្រាប់​ការប្រកួត​ពាក់កណ្តាល​សប្តាហ៍ ហើយ​នៅតែ​អាច​យកឈ្នះ​លើ​គូប្រជែង Crystal Palace ក្នុង Premier League​។ ការយកចិត្តទុកដាក់​បាន​ត្រឡប់​ទៅ​កាន់ Premier League វិញ​ភ្លាមៗ ខណៈ​ដែល Newcastle សម្លឹង​បើក​គម្លាត ៩ ពិន្ទុ​ពី​លើ​ក្រុម​តោ​ខៀវ Chelsea​។​

​ការ​មិន​ចាញ់​សោះ​ចាប់តាំងពី​ខែ​សីហា ស​បញ្ជាក់ថា Newcastle ជា​ក្រុម​ខ្លាំង​នៅ​រដូវ​កាល​នេះ​។ ពិតណាស់ មានតែ​៣​ក្រុម​ប៉ុណ្ណោះ​ដែល​មាន​អត្រា​ឈ្នះ​នៅ Premier League (៧៥%) ខ្ពស់ជាង Newcastle ដែល​នេះ​បង្ហាញឱ្យឃើញថា ពួក​គេ​មិនមែន​ជា​ក្រុម​អាច​មើល​ស្រាល​បាន​នោះឡើយ​។​

Chelsea ពិតជា​មាន​គុណភាព​នៅ​លើ​ក្រដាស​ដើម្បី​ផ្តួល​ក្រុម​សារិកា​ព្រៃ Newcastle នៅលើ​ទីលាន ប៉ុន្តែ​ការ​ឈ្នះ​ត្រឹមតែ ២ ដង​ក្នុង​ការប្រកួត ៧ លើក​ចុងក្រោយ​របស់​ពួកគេ បង្ហាញថា Chelsea ឥឡូវ​នេះ​គ្រាន់តែ​ជា​តោ​បាក់​ចង្កូម​តែប៉ុណ្ណោះ​។​

​តោ​ខៀវ​នឹង​មិន​ឈរ​នៅ​កំពូល​តារាង​ទាំង​បួន​អំឡុង​បុណ្យ​ណូអែល​នោះឡើយ មិន​ថា​លទ្ធផល​ថ្ងៃ​សៅរ៍​នេះ​ទៅជា​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​ជ័យជម្នះ​អាច​មាន​សារៈសំខាន់​ក្នុង​ការស្វែងរក​កៅអី Champions League របស់​ពួកគេ​។​

​ត្បិត​ខកខាន​ស៊ុត​ចូល​ទី​២​ដង​ក្នុង​ការប្រកួត​ក្រៅ​ដី ៧ លើកចុងក្រោយ Chelsea គួរតែ​អាច​បង្ក​បញ្ហា​ខ្លះ​ដល់​ក្រុម​ម្ចាស់ផ្ទះ ជាមួយនឹង​កីឡាករ​ដូចជា Raheem Sterling និង Mason Mount​។​

​លទ្ធផល​ព្យាករណ៍ Newcastle ឈ្នះ ៣-១​។​

– Wolverhampton vs Arsenal

* Wolves នៅតែ​គ្មាន​អ្នក​ចាត់ការ​ទូទៅ​អចិន្ត្រៃយ៍​រហូត​ដល់​ក្រោយ​បុណ្យ​ណូអែល ហើយ​អវត្តមាន​កីឡាករ​ជាច្រើន​។​
* Arsenal អាច​ទទួលបាន​ចំណាត់​ថ្នាក់​កំពូល​សម្រាប់​បុណ្យ​ណូអែល​ជាមួយ​នឹង​ជ័យជម្នះ​នៅទីនេះ​។​
* Arsenal គឺជា​ក្រុម​ក្រៅ​ដី​ខ្លាំង​បំផុត​នៅ Premier League នៅ​រដូវ​កាល​នេះ​។​
* Gabriel Martinelli បាន​ស៊ុត​បញ្ចូល​ទី​ក្នុង ៥ ប្រកួត​នៃ​ជ័យជម្នះ ១១ លើ​ក​របស់ Arsenal ក្នុង​រដូវ​កាល​នេះ ដោយ​ស៊ុត​បើកឆាក​បាន ៣ ដង​។​

​នេះ​គឺជា​ការប្រកួត​ចុងក្រោយ​របស់​លោក Steve Davis ក្នុងនាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​របស់ Wolves មុនពេល​ការមកដល់​របស់​លោក Julen Lopetegui ដូច្នេះ​គាត់​សង្ឃឹមថា​នឹង​ផ្តល់​ភាព​រីករាយ​ខ្លះ​ដល់​អ្នកគាំទ្រ បន្ទាប់​ពី​ការចាប់ផ្តើម​ដ៏​អន់​បំផុត​របស់​ពួកគេ​ក្នុង​រដូវ​កាល Premier League ចាប់តាំងពី​ឆ្នាំ ២០១០/១១​។​

​ការទទួល​ជ័យជម្នះ ១-០ លើ Leeds ក្នុង​ការប្រកួត EFL Cup ពាក់កណ្តាល​សប្តាហ៍ បាន​ផ្តល់​សង្ឃឹម​ដល់​ពួកគេ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រជែង​ស្វិតស្វាញ​ខ្លាំង​ទល់នឹង Arsenal ដែល​ជា​ក្រុម​ប្រជែង​ពាន​រដូវ​កាល​នេះ​។​

​មានតែ​ជ័យជម្នះ​មួយ​ប៉ុណ្ណោះ​ដែល​នឹង​ផ្តល់ឱ្យ Wolves នូវ​ឱកាស​គេចចេញ​ពី​បាត​តារាង​ទាំងបី​នៅមុន​ថ្ងៃបុណ្យ​ណូអែល ប៉ុន្តែ​រឿង​នោះ​ប្រហែលជា​មិន​អាច​ទៅ​រួច​នោះ​ទេ​។​

​លោក Mikel Arteta ពេញចិត្ត​ពេញ​ថ្លើម​យ៉ាងខ្លាំង បន្ទាប់​ពី​ក្រុម​របស់​គាត់​បាន​រក្សា​តំណែង​កំពូល​តារាង បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​យ៉ាង​លំបាក ១-០ លើ​គូ​ប្រជែង​ក្នុង​ទីក្រុង​ឡុង​ដ៍​ដូចគ្នា Chelsea ក្នុង​ជុំ​ចុងក្រោយ​។​​បរាជ័យ​ក្នុង​ការប្រកួត​ពាន​ពាក់កណ្តាល​សប្តាហ៍​នៅ​ទឹកដី Brighton ហាក់​មិន​សម​ទំនង​ទេ ប៉ុន្តែ​នោះ​ជា​ឈុត​ទី​ពីរ​របស់​កាំភ្លើង​ធំ ដូច្នេះ​គេ​មិន​អាច​យក​លទ្ធផល​នោះ​មក​ដាក់​ចូល​ក្នុងការ​ប្រកួត EPL នោះទេ​។ ក្នុងនាម​ជា​ក្រុម​ខ្លាំង​បំផុត​នៅ​ក្រៅ​ទឹកដី​នៅ Premier League ក្រុម​កាំភ្លើង​ធំ Arsenal នឹង​រំពឹង​ឈ្នះ​ខ្ពស់​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ក្រុម​កាំភ្លើង​ធំ​គឺ​ជា​ក្រុម EPL តែមួយគត់​ដែល​ស៊ុត​បញ្ចូល​ទី​នៅ​គ្រប់​ការប្រកួត​ទាំងអស់​មក​ទល់​ពេល​នេះ ខណៈ​រក្សា Clean Sheet ដល់​ទៅ ៦ ដង ខ្ពស់​ជាង​ក្រុម​ណាៗ​ទាំងអស់​។

​លទ្ធផល​ព្យាករណ៍ Arsenal ឈ្នះ ១-០៕

Arsenal រំពឹង​ឈ្នះ​ឈរ​លេខ​១ កំពូល​តារាង​មុន​បុណ្យ​ណូអែល