ដោយ:មុនីរ័ត្ន/ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្ដម Zhang Ming អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំពោះការសម្របសម្រួលរបស់ឯកឧត្ដមក្នុងការគំាទ្រការដាក់បេក្ខភាពរបស់កម្ពុជាជាអ្នកសង្កេតការណ៍ នៃ SCO និងបានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការទទួលយកនូវអនុសាសន៍នានារបស់ SCO និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសម្រេចបាននូវគោលដៅនេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្ដមអគ្គលេខាធិការ Zhang Ming បានពិភាក្សាគ្នាយ៉ាងផុលផុសអំពីការដាក់បេក្ខភាពកម្ពុជាដើម្បីក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការសៀងហៃ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់អង្គការនេះក្នុងឆ្នាំ២០១៥។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីបានក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ ២០១៥ កម្ពុជាបានរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO ដោយបានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងអង្គការនានាក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ។

ទន្ទឹមនឹងការសាទរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្ដម ឯកឧត្ដមអគ្គលេខាធិការ Zhang Ming បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញឯកឧត្ដមចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន។
ឯកឧត្ដមអគ្គលេខាធិការ បានកោតសរសើរកម្ពុជាចំពោះការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងSCO និងបានលើកឡើងពីដំណើរការផ្ទៃក្នុងរបស់ SCO ក្នុងការដំឡើង ឋានៈពីដៃគូសន្ទនាទៅជាអ្នកសង្កេតការណ៍របស់ SCO និងបង្ហាញពីក្តីសង្ឃឹមថាកម្ពុជានឹងក្លាយជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្ដមអគ្គលេខាធិការ បានពិភាក្សា និងធ្វើការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO៕សរន