ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ចាប់ពី​ខែធ្នូ ចុងឆ្នាំ​២០២៣ តទៅ​កា​ពី​ទែន​ក្រុមបាល់ទាត់​នារី​កម្ពុជា បាន ជា​វៃ នឹង​ចូល​ហាត់​ជាមួយ​ក្រុម​បាល់​ទា​ត់បុរ​ស ក្រោម​អាយុ​១៨​ឆ្នាំ ភ្នំពេញ​ក្រោ​ន ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​ក្នុង​គោលបំណង​បំពេញ​ចន្លោះ​ខ្វះខាត​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ បើទោះបី​រូបគេ​មិនអាច​ទៅធ្វើ​ការហ្វឹកហាត់​នៅ​ចិន បាន​ក៏ដោយ​។​

​កីឡាការិនី​ឆ្នើម​ក្នុង​ក្រុម​ជម្រើសជាតិ​នារី​ខាងលើ​បាន​ឲ្យ​ដឹងថា​កត្តា​ដែល​នាំ​ឲ្យ​ខ្លួន​ចូល​ហាត់​ជាមួយ​បុរស​ព្រោះតែ​ខ្លួន​យល់ថា​ការចូល​ហាត់​ជាមួយ​កីឡាករ​ប្រុសៗ​អាច​ពង្រឹង​បន្ថែម​ផ្នែក​កម្លាំងកាយ​។ សម្រាប់​សមត្ថភាព​នាពេល​បច្ចុប្បន្ន ជា​វៃ យល់ថា នៅមានកម្រិត​ធម្មតាៗ មិនទាន់​ល្អ​ដល់​កម្រិត​ដែល​ខ្លួន​ចង់បាន​ឡើយ​។ ប៉ុន្តែ​គេ​មាន​សង្ឃឹមថា​ក្រោយពេល​បាន​ចូល​ហាត់​ជាមួយ​ក្រុម​កីឡាករ​បុរស នឹងធ្វើ​ឲ្យ​ខ្លួន​មានការ​រីកចម្រើន​បាន​មួយផ្នែក​បន្ថែមទៀត​។​

បាន ជា​វៃ គឺជា​កីឡាការិនី​ឆ្នើម​ម្នាក់​ក្នុង​ក្រុម​ដែល​ត្រូវ​មានឈ្មោះ​ទៅធ្វើ​ការហាត់​នៅ​ប្រទេស​ចិន​ដើម្បី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ផងដែរ ប៉ុន្តែ​ដោយសារតែ​រវល់​ការងារ​នៅ​ក្លិប​ភ្នំ​ពេញ​ក្រោ​ន ទើប​សម្រេច​ជ្រើស​រើសយក​ការហ្វឹកហាត់​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន និង​ធ្វើការ​ផង​។ ជាមួយគ្នា​នោះ​កីឡា​ការ​នី​ឆ្នើម​បានដាក់​ចិត្ត​ដាក់​កាយ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាងខ្លាំង​ពេលខ្លះ​ហាត់​លើស​ម៉ោង​នៃ​កម្មវិធី​ហ្វឹកហាត់​ផង​ក៏មានដែរ​។​

​ការហ្វឹកហាត់​ជាមួយ​U18​អាច​មានការ​ហត់នឿយ​ខ្លាំង​បើ​ធៀប​ជាមួយ​ការហ្វឹកហាត់​ក្នុង​ក្រុម​នារី​ដូចគ្នា​។​ទោះជា​យ៉ាងណា​កីឡាការិនី​ដដែល​ជឿថា​ក្រោយពេល​ក្រុមកីឡា​ការិនី​ត្រ​ឡប់​ពី​ហ្វឹកហាត់​នៅ​ចិន​វិញ​នា​ខែមេសា​ខ្លួន​នឹង​ទទួលបាន​ការកោះហៅ​ឲ្យ​ចូល​ក្រុម​វិញ​ទៀតផង​។​

​ឆ្នាំ​២០២១​នៅក្នុង​លី​គ​បាល់ទាត់​នារី​កីឡាការិនី​រូបនេះ​បាន​ក្លាយជា​អ្នក​ដែល​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​គឺ​រហូតដល់​ទៅ​៣៥​គ្រាប់​ធ្វើ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ក្លាយជា​ក្រុម​ជើងឯក​។​

​បាន ជា​វៃ​ចាប់ផ្ដើម​លេង​បាល់ទាត់​ដំបូង​នៅក្នុង​ក្រុម Might Girl នា​ខេត្តបាត់ដំបង​ចន្លោះ​ពី​​ឆ្នាំ​២០១០ ដល់​២០១៥ ដែល​កាល​នោះគេ​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តបាត់ដំបង​។ បន្ទាប់​ពី​សិក្សា​ចប់​ថ្នាក់​ទី​១២ នាង​បាន​បន្ត​ការសិក្សា​នា​រាជធានី​ភ្នំពេញ​រហូតដល់​ឆ្នាំ​២០១៥ ទើប​នាង​មានឱកាស​បាន​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន​ដែល​ទីនោះ​ហើយ​ក្លិប​បាន​ជួយ​នាង​ឲ្យ​បាន​រៀនសូត្រ​ចប់​ចុង​ចប់​ដើម ។​

​បាន ជា​វៃ កើត​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​១៩៩៦ ក្នុង​ខេត្តបាត់ដំបង កម្ពស់​១៥៦​សង់ទីម៉ែត្រ ជា​សមាជិក​ក្រុមបាល់ទាត់​នារី​ភ្នំពេញ​ក្រោ​ន និង​ជម្រើសជាតិ​កម្ពុជា​។ កីឡាការិនី​រូបនេះ​ត្រូវបាន​អ្នកគាំទ្រ​ទទួលស្គាល់​ពី​ទេពកោសល្យ និង​ជំនាញ​បាល់ទាត់​ដ៏​ល្អ​របស់​នាង​ដែល​បានបង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​។​​នាង​រៀបរាប់ថា នាង​បាន​បាត់បង់​ឪពុកម្តាយ​បង្កើត​តាំងពី​អាយុ​ប្រហែល​២​ឆ្នាំ​។ ពេលនោះ​នាង​ត្រូវបាន​គេ​យកទៅ​ចិញ្ចឹម​នៅ​មណ្ឌលកុមារ​មួយ​ឈ្មោះ «​មាតុភូមិ​កុមារ​»​នៅ​ខេត្តបាត់ដំបង​។ នៅ​មណ្ឌល​កុមារកំព្រា​នោះបាន​ទំនុកបំរុង និង​ឧបត្ថម្ភ​គាំទ្រ​ផ្សេងៗ​។​

នាង​ត្រូវ​មណ្ឌល​បញ្ជូនទៅ​រៀន​សាលាបឋមសិក្សា ២​ធ្នូ ឆ្នាំ​២០០២-២០០៩ និង​បន្ត​ចូលរៀន​អនុវិទ្យាល័យ នេ​ត​យ៉ង់ ឆ្នាំ​២០០៩-២០១០ និង​វិទ្យាល័យ​អន្តរជាតិ​ឌូ​វី​ឆ្នាំ​២០១០-២០១៥​។ បន្ទាប់ពី​ចប់​វិទ្យាល័យ កញ្ញា​បាន​ចូលរៀន​សាកលវិទ្យាល័យ បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​ផ្នែក​ព្យាបាល​ដោយ​ចលនា​ឆ្នាំ​២០១៦-២០១៩​។​

​ជា​វៃ បាន​និយាយថា បាល់ទាត់​ជួយ​ជីវិត​នាង​ច្រើនណាស់​។ នាង​ស្ទើរតែ​និយាយថា ជីវិត​នាង​គឺជា​បាល់ទាត់​។ ដោយសារ​បាល់ទាត់​បាន​ធ្វើ​ឲ្យ​នាង​បាន​រៀន​ចប់​ពី​បឋមសិក្សា​រហូតដល់​សាកលវិទ្យាល័យ​៕​