​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក​ប្រធានាធិបតី ចូ បៃ​ដិន បាន​ប្តេជ្ញា​នៅក្នុង​កិច្ចពិភាក្សា​ស្តីពី​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី​១១​វិច្ឆិកា​ថា​សហរដ្ឋ​អាម៉េរិក​​កំពុង​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​របស់ខ្លួន ដោយ​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ទប់ស្កាត់​ការឡើង​កម្តៅ​ផែនដី​ដ៏​មហន្តរាយ​។​

​សុន្ទរកថា​របស់​លោក​បាន​ធ្វើឡើង​នៅ​ពាក់កណ្តាល​ផ្លូវ​នៃ​សន្និសីទ COP27​រយៈពេល​ពីរ​សប្តាហ៍​នៅ​ក្នុងប្រទេស​អេ​ហ្ស៊ី​ប កន្លែង​ដែល​អ្នក​បំពុល​ដ៏​មាន​ស្តុកស្តម្ភ​ដូចជា​សហរដ្ឋ​អាម៉េរិក​កំពុងស្ថិត​នៅ​​ក្រោម​សម្ពាធ​ដើម្បី​ផ្តល់​មូលនិធិ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​លោកបៃ​ដិនបាន​កោតសរសើរ​ការអនុម័ត​កញ្ចប់​ចំណាយដ៏​ធំ ៣៦៩ ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​អាម៉េរិក​មាន​ភាព​បៃតង ដែល​ជា​សមិទ្ធិផល​មួយ នឹង “​ផ្លាស់ប្តូរ​គំរូ​” សម្រាប់​ប្រទេស​របស់​គាត់ និង​ពិភពលោក​ទាំងមូល​។​

​លោកបៃ​ដិនបាន​និយាយថា “​វិបត្តិ​អាកាសធាតុ​គឺ​អំពី​លើ​សន្តិសុខ​មនុស្ស សន្តិសុខ​សេដ្ឋកិច្ច សន្តិសុខ​បរិស្ថាន សន្តិសុខ​ជាតិ និង ជីវិត​នៅលើ​ភពផែនដី​”​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ជាច្រើន​ម៉ោង​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប មុនពេល​ធ្វើ​ដំណើរ​ទៅកាន់​អាស៊ី​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង G20 លោកបៃ​ដិនបាន​និយាយថា សហរដ្ឋ​អាម៉េរិក​”​នឹង​បំ​​ពេញ​” គោលដៅ​របស់​ខ្លួន​ក្នុង​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន ៥០-៥២ ភាគរយ​នៅក្រោម​កម្រិត​ឆ្នាំ​២០០៥ នៅ​ឆ្នាំ ២០៣០​។​

​លោក​ក៏​បាន​ប្រកាស​ផងដែរ​អំពី​ផែនការ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​មេតាន ដែល​ជា​ការរួមចំណែក​ដ៏​សំខាន់​ដល់​ការឡើង​កម្តៅ​ផែនដី​ដោយ​បិទ​ការ​លេច​ធ្លាយ​ឥន្ធនៈហ្វូស៊ីល​​និង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​លើ​ការ​លេច​ធ្លាយ​ឧស្ម័ន ដែល​បាន​រាយការណ៍​ដោយ​ភាគី​ទី​បី​គួរ​អាច​ជឿ​ទុកចិត្តបាន​។​

​លោក​បាន​និយាយថា “​ដើម្បី​ទាញ​ខ្សែកោង​ការបំភាយ​ឧស្ម័ន​ឱ្យ​ចុះ​ជា​អចិន្ត្រៃយ៍ គ្រប់​ប្រជាជាតិ​ទាំងអស់​ត្រូវតែ​បង្កើន​ការប្រឹងប្រែង​។ នៅ​កិច្ចប្រជុំ​នេះ​យើង​ត្រូវ​បន្ត​និង​លើកកម្ពស់​មហិច្ឆតា​អាកាស​​ធាតុ​របស់​យើង​”​។​

​លោកបៃ​ដិន ដែល​រដ្ឋបាល​របស់​គាត់​ក៏​បាន​ប្រកាស​ផងដែរ​អំពី​ផែនការ​តម្រូវឱ្យ​អ្នកម៉ៅការ​សហព័ន្ធ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​របស់​ពួកគេ​ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​និយាយថា “​សហរដ្ឋ​អាម៉េរិក​បានធ្វើ​សកម្មភាព​ហើយ អ៊ីចឹង​ប្រទេស​ទាំងអស់​ត្រូវតែ​ធ្វើ​សកម្មភាព​ដែរ​។ វា​ជា​កាតព្វកិច្ច​និង​ទំនួល​ខុស​ត្រូវ​នៃ​ភាពជា​អ្នកដឹកនាំ​សកល​”៕

​ប្រធានាធិបតីបៃដិ​ន​ថ្លែង​សុន្ទរកថា​នៅ​កិច្ច​ពិភាក្សា​ស្តីពី​អាកាសធាតុ​របស់​អ​.​ស​.​ប​នៅអេ​ហ្ស៊ី​ប​ក្នុង​ដំណើរ​សំ​ចតមួយ ដែល​នឹង​នាំ​គាត់​ទៅកាន់​ប្រទេស​កម្ពុជា និង​ឥណ្ឌូនេស៊ី​ផងដែរ​