​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី កាលពី​ថ្ងៃ​សុក្រ​ទី​១១​វិច្ឆិកា​បាន​គាំទ្រ​យុទ្ធនាការ​រៃអង្គាស​ថវិកា​ដើម្បី​ជួយ​អ៊ុយ​ក្រែន​សាងសង់​ដ្រូ​ន​កងទ័ព​ជើង​ទឹក​ដើម្បី​​ការពារ​ទីក្រុង​របស់​ខ្លួន​ប្រឆាំង​នឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​រុស្ស៊ី​ពី​សមុទ្រ​ខ្មៅ​។​

United24 ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ​ធ្វើឡើង​ដោយ​លោក​ហ្សេ​លេន​ស្គី​ដើម្បី​រៃអង្គាស​ថវិកា​សប្បុរស​ធម៌​សម្រាប់​អ៊ុយ​ក្រែន​បន្ទាប់​ពី​ការលុកលុយ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​របស់​រុស្ស៊ី បាន​និយាយថា អ៊ុយ​ក្រែន​ត្រូវការ​ដ្រូ​ន ១០០ គ្រឿង ដែល​ដ្រូ​ន​នីមួយៗ​មានតម្លៃ ២៧៤.០០០ ដុល្លារ​។​

​ចាប់​តាំងពី​ការចាប់ផ្តើម​លុកលុយ​ពេញទំហឹង​របស់ខ្លួន​មក រុស្ស៊ី​បាន​ធ្វើ​ការវាយប្រហារ​ដោយ​មី​ស៊ី​លពី​កប៉ាល់​នៅ​សមុទ្រ​ខ្មៅ​និង​ពី​តំបន់​គ្រី​ម៉េ ដែល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​កាត់​យក​ក្នុង​ឆ្នាំ ២០១៤ និង​ជា​ជម្រក​របស់​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​។​

​លោក​ហ្សេ​លេន​ស្គី​បាន​សរសេរ​នៅ​លើ​កម្មវិធី​ផ្ញើ​សារ Telegram ថា “​យើង​ត្រូវតែ​ការពារ​ដែនទឹក​នៃ​សមុទ្រ​របស់​យើង និង​ទីក្រុង​សន្តិភាព​ពី​មី​ស៊ី​ល​រុស្ស៊ី ដែល​បាញ់​ចេញពី​នាវា​។​ដ្រូ​ន​កងទ័ពជើងទឹក​​ក៏​នឹង​ជួយ​បើក​ច្រករបៀង​សម្រាប់​នាវា​ស៊ីវិល​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​សម្រាប់​ពិភពលោក​ផងដែរ​”៕

អ៊ុយ​ក្រែន​ត្រូវការ​ដ្រូ​ន ១០០ គ្រឿង​ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​