​ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។ សម្រាប់​ស្ត្រី​មិនត្រូវ​មាត់ឥតគម្រប​ប្រយ័ត្ន​កើតរឿង​រាវ​ជម្លោះ​វិវាទ ហើយ​មក​លំបាក​អាត្មាខ្លួននាគ្រា​ខាងមុខ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​សម្រេច​តាម​គោលដៅ​ឬ​មានការ​ជឿនលឿន​ទៅមុខ​ដូច​គាប់​បំណង​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាពលំបាក​ច្រើន​ចំពោះមុខ​។
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ក៏​ច្រើន ឯការ​ផ្អែមល្ហែម​ក៏​ច្រើន​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ទំនាក់ទំនង​ការងារ បណ្តាក់ទុន ការចរចា ការធ្វើ​កិច្ចសន្យា ជាដើម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​ណាត់​ទុកជាមុន​ជាមួយ​អតិថិជន​គឺ​តែងមាន​ផ្លែផ្កា និង​ហុច​ផល​ល្អ​មកវិញ​ជានិច្ច​។​អ្នក​អាជីវករ ការជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជានិច្ច​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ផ្សះផ្សា​ជា​ពេលវេលា​ល្អ​បំផុត​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្តូរ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​បានទេ បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម និង ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​ទាំង​ស្ត្រី​បុរស ងាយ​ឈ្លក់​វង្វេង​ឬ​អាច​ភ្លាំងភ្លាត់​ធ្វើ​អ្វីមួយ ណាស់​ប្រយ័ត្ន​ជាប់ផុង​ខ្លួន​ហើយ​ដក​ពុំរួច​។​ការប្រកប​ការងារ ដំណើរ​ជីវិត​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ហើយ​ពុំមាន​អ្វី​ជា​ឧបសគ្គ​រារាំង​នាំ​ជួប​ការលំបាក​ត្រូវ​ឆ្លងកាត់​នោះ​ច្រើន​ឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទ្រព្យ​សំណាង​ពេលនេះ​រួម​ស្តើង ម្ល៉ោះហើយ​ទោះ​មានការ​ខិតខំ​ប៉ុនណា​ក៏​មិន​ចូល​ហូរហៀរ​ដែរ​គឺ​អ្នកខ្លះ​រកបាន​ត្រឹម​បង្គ្រប់​ឆ្នាំងបាយ​នោះ​រាប់​ថា​ប្រើ​សើ​រហើយ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​រកាំចិត្ត​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់រុក​ឆ្កឹះ​ឆ្គៀ​លពី​បញ្ហា​អ្វីមួយ បង្កើត​ជម្លោះ​វិវាទ​ជាមួយ​សត្រូវ​ចាស់​ថ្មី ហើយ​គេ​បែរជា​លួច​សើចចំអក​ដាក់​មកវិញ​។​ការប្រកប​ការងារ ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ផ្លែផ្កា​ឆ្លើយតប​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើន ប៉ុន្តែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​ប្រាក់កាស​ពី​នរណាម្នាក់​តែង​អាច​សម្រេច​ជោគជ័យ និង​បាន​តាម​ការគ្រោងទុក​ត្រឡប់មកវិញ​។​ទាំង​ស្ត្រី​បុរស​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុក​ការងារ​ឬ​ទំនាក់​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់ និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។ ទាំង​ស្ត្រី​បុរស​ការរស់នៅ​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​គួរប្រកាន់​ភាព​ស្លូតបូត ដោយនិយាយ​ឱ្យ​តិច ធ្វើឱ្យ​ច្រើន​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​។​នៅថ្ងៃនេះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​បើ​មានការ​ពិចារណា​បានល្អ​នោះ​គឺ​មិន​នាំឱ្យ បាត់បង់​ប្រាក់កាស ត្រូវ​ទទួលរង​ខូចចិត្ត​ឬ​ខាត​ពេលវេលា​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ឆេវឆាវ​ខឹងច្រឡោត​តោតតូង​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​ចំពោះ​គ្នា ៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ព្រោះថា​ពេលខ្លះ​មិត្ត​អាច​ក្លាយជា​សត្រូវ មនុស្ស​ល្អ​ប្រែជា​អាក្រក់​ឡើង​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​តែម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​នឿយណាយ​និង​ប្រឆាំង​គ្នាច្រើន​សព្វមួយដង​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់ ឬ ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​តែង​សម្រេច​ជោគជ័យ​ឬ​មនុ​សុ្ស​ភាគច្រើន​អាណិតអាសូរ​ជានិច្ច​។​ការប្រកប​ការងារ​មាន​ភាព​សុខដុម និង​ក្រុមមនុស្ស​ក៏​ជួយ​ជ្រោមជ្រែង​ច្រើន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសារ​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​របស់​ក្រុមមនុស្ស​អមិត្ត ហើយ​ដាច់ខាត​មិនត្រូវ​ខឹងច្រឡោត​ឡើយ​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី​ទើប​ប្រសើរ​។​ចំ​ណែ​ការប្រកប​ការងារ​វិញ​ឃើញថា​មិនមាន​អ្វី​ប៉ះពាល់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ជួប​នូវ​រឿង​រាវ​ប្រទាំង​ប្រទើស​ខ្លះៗ​ចូល​យាយី ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​ការប្រកប​ការងារ​ថ្ងៃនេះ​បើ​ចង់​បំពេញចិត្ត​នរណាម្នាក់​នោះ​មិន​ងាយ​បាន​ដូច​បំណង​ឡើយ ពិសេស​មានតែ​គេ​អាច​ស្តីបន្ទោស​បន្ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង និង មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​មិនល្អ​ចូល​យាយី​នោះ​ក៏​ច្រើន​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​មានរឿង​រាវ​ខ្លះ​តូចតាច​សោះ​ដែល​អ្នក​មិន​ចាប់អារម្មណ៍ ប៉ុន្តែ​វា​អាច​ប្រែ​រីក​ជាធំ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​គ្រប់​រឿង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​បញ្ហា​ថ្នាំងថ្នាក់​ខ្លះៗ​កើតឡើង ប៉ុន្តែ​ក៏​មិនមាន​រឿង​រាវ​អ្វី​ធំដុំ​គួរកត់សម្គាល់​នោះដែរ​៕