​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រភព​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក​ជឿថា រុស្ស៊ី​បាន​ព្យាយាម​ហើយ​បរាជ័យ​ក្នុង​ការសាកល្បង​គ្រាប់បែក “​ប្រល័យ​លោក​” ដែល​ជា​សញ្ញា​មួយ​អាច​បង្ហាញ​ថា​ទណ្ឌកម្ម​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​អាច​នឹង​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព​។​

​គ្រាប់ថ័​រផេ​ដូ (Torpedo)​មាន​សមត្ថភាព​នុយក្លេអ៊ែរ ដែល​មានឈ្មោះ​ថា Poseidon អាច​ត្រូវ​បាញ់​ចេញពី​នាវា​មុជទឹក Belgorod ជា​នាវាមុជទឹក​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ដែល​ទើបតែ​​ចូល​បម្រើ​ការងារ​ក្នុង​រដូវក្តៅ​នេះ​។​

​នាវា Belgorod ត្រូវបាន​ដាក់​បង្ហាញ​ឱ្យ​អ្នកគាំទ្រ​បាន​ឃើញ​ក្នុង​ឆ្នាំ ២០១៩ ហើយ​គ្រាប់ Poseidon ដែល​បាន​បង្ហាញ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៥​ត្រូវ​គេ​មើលឃើញ​ថា​ជា​គ្រាប់ពេជ្រ​របស់​នាវាមុជទឹក​​នេះ​។​

​រុស្ស៊ី​បាន​អួតអាង​នៅពេលនោះ​ថា គ្រាប់ Poseidon នឹង​មាន​សមត្ថភាព​បំផ្លាញ​ទីក្រុង​ទាំងមូលៗ ដោយ​បង្ក​ជា​រលក​យក្ស​ស៊ូ​ណា​មី​។​ប៉ុន្តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រភព​របស់​សហរដ្ឋ​អាម៉េរិក​បាន​ប្រាប់​​ទូរទស្សន៍ CNN ថា​ពួកគេ​បាន​សង្កេតមើល​នាវា Belgorod ដែល​កំពុង​ត្រៀម​សម្រាប់​ការសាកល្បង បន្ទាប់មក​បាន​ចាកចេញ​ពី​តំបន់​សាកល្បង​នៅ​សមុទ្រ​អាក់​ទិក​ហើយ​ត្រឡប់​ទៅ​កំពង់ផែ​វិញ​​ដោយ​មិនបាន​ធ្វើ​ការសាកល្បង​នោះទេ​។​

​ចារកម្ម​អាម៉េរិក​ជឿថា ការខកខាន​ក្នុង​ការសាកល្បង​អាវុធ​នេះ​ទំនង​មកពី​បញ្ហា​បច្ចេកទេស​។​

​អ្នកការទូត​លោកខាងលិច​ម្នាក់​បាន​ប្រាប់ CNN ថា “​នេះ​អាច​ត្រូវបាន​គេ​មើលឃើញថា​ជា​ផ្នែក​នៃ​រូបភាព​ធំ​ជាង​នេះ និង​ជា​ការអនុវត្ត​យោធា​នា​ពេល​ថ្មីៗ​នេះ​របស់​រុស្ស៊ី​ដោយ​បញ្ជូន​កងទ័ព​ដែល​មិន​​បាន​បណ្តុះបណ្តាល​ល្អ និង​មិន​បាន​បំពាក់អាវុធ​គ្រប់គ្រាន់​ទៅកាន់​អ៊ុ​យក្រែន​”​។​

“​ឧស្សាហកម្ម​យោធា​របស់​រុស្ស៊ី​កំពុង​ឆ្លងកាត់​គ្រា​លំបាក ហើយ​យើង​ក៏​អាច​មើល​ឃើញ​ដែរ​ថា ការដាក់ទណ្ឌកម្ម​រប​ស់លោក​ខាង​លិច​លើ​ទំនិញ​យោធា​បច្ចេកវិជ្ជា​ខ្ពស់​កំពុង​មាន​ប្រសិទ្ធភាព ហើយ​ត្រូវតែ​បន្ត​”៕

​រុស្ស៊ី​បាន​អួតអាង​ថា គ្រាប់ Poseidon នឹង​មាន​សមត្ថភាព​បំផ្លាញ​ទីក្រុង​ទាំងមូលៗ ដោយ​បង្ក​ជា​រលក​យក្ស​ស៊ូ​ណា​មី