ដោយៈ មុនីរ័ត្ន / ភ្នំពេញៈក្រោយពីកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួម ក្នុងពិធីបិទការប្រកួត បាញ់កាំភ្លើងដៃ កងទ័ពជើងគោកអាស៊ាន លើកទី៣០ ដែលប្រព្រឹត្តទៅ នារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមប្រកួតរបស់ ក្រុមបាញ់កាំភ្លើងដៃ កងទ័ពជើងគោកកម្ពុជា ចំនួន ៥៥ រូប។

នៅក្នុងពិធីនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន ទាំង ១០ ប្រទេស បានអញ្ជើញចូលរួមប្រកួត បាញ់កាំភ្លើងមិត្តភាព និងដាំដើមឈើមិត្តភាព ព្រមទាំងបានទស្សនាការសម្តែង សិល្បៈទស្សនីយភាពផ្សេងៗ ដែលរៀបចំដោយកងទ័ពប្រជាជនវៀតណាម ជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានបញ្ចប់ទៅប្រកបដោយមនោសញ្ចេតនា និង ស្មារតីភាតរភាពស្និទ្ធស្នាល បន្ទាប់ពីត្រូវបានខកខាករៀបចំ អស់រយៈពេល ២ ឆ្នាំ ជាប់គ្នាមក គឺឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ដោយសារការរីករាលដាលនៃ ជំងឺកូវីដ-១៩ ។ សម្រាប់ឆ្នាំ២០២៣ ខាងមុខ កងទ័ពជើងគោក នៃកងភូមិន្ទថៃ នឹងទទួលបន្តធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ ជំនួបបាញ់កាំភ្លើងដៃ កងទ័ពជើងគោកអាស៊ាន (AARM) នេះ រួមទាំងកិច្ចប្រជុំពហុភាគីមេបញ្ជាការ កងទ័ពជើងគោកអាស៊ាន (AACAM) និងកិច្ចប្រជុំប្រចាំឆ្នាំ នាយទាហានរង អាស៊ាន (ASMAM)៕/V-PC