ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ដូចអ្វីដែលបានគ្រោងទុកលោកចូបៃដិនប្រធានាធិបតីសហរដ្ឋអាមេរិកបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។តាមកម្មវិធីលោកប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ នារសៀលនៅសណ្ឋាគារសុខាភ្នំពេញ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចុះថ្ងៃទី២៨ ខែតុលាកន្លងទៅបានបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋ អាមេរិកនឹងធ្វើដំណើរមកកម្ពុជា នៅថ្ងៃទី ១២ និងទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។នៅកម្ពុជាលោកនឹងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៌ និងមជ្ឈភាពអាស៊ាន ពង្រឹងបន្ថែមលើជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក អាស៊ាននៅទីក្រុងវ៉ាស៊ីនតោន។ លោកនឹងបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ អាមេរិក អាស៊ាន នៅក្នុងការធានាសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ និងសុខុមាលភាពនៃប្រជាជនរបស់យើង ដែលមានចំនួនសរុបមួយពាន់លាននាក់។

គួរបញ្ជាក់ថា យន្តហោះ U.S. Air Force របស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿងកាលពីថ្ងៃទី ៣១ ខែតុលា បានដឹកជញ្ជូនសម្ភារ និងរថយន្តចំនួនពីរសម្រាប់ប្រើប្រាស់ការពារសុវត្ថិភាពជូនលោកលោកប្រធានាធិបតីសហរដ្ឋអាមេរិកដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាននាពេលខាងមុខ។

សូមរម្លឹកថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ៕srn

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកមកដល់កម្ពុជានឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ(រូបថត AMS)