ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ បានត្រួតពិនិត្យ ណែនាំ និងអប់រំ ភ្ជាប់កិច្ចសន្យា លើកដំបូង ដល់អ្នកបើកបរ និងម្ចាស់រថយន្តធំ ដឹកដី ថ្ម ខ្សាច់ គ្រឿងសំណង់ និងទំនិញបន្ទុកផ្សេងៗទៀត មុនចាត់វិធានផ្លូវច្បាប់ ដោយការផាកពិន័យ និងដាក់ទោសទ័ណ្ឌនានា ។

រូបថត ( លោកវរសេនីយ៍គី មករានិងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យត្រួតពិនិត្យ ណែនាំមុនផាកពិន័យដល់អ្នកបើកបរនិងម្ចាស់រថយន្តធំដឹកដី ថ្ម ខ្សាច់…(រូប : ភ្នំស្វាយ ) 

នេះបើតាមលោកវរសេនីយ៍ គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោកបានបន្តថាៈ ដោយមានការអនុញ្ញាត និងឯកភាពពីលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទើបលោក និងនាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រី បានចុះអនុវត្តលើកដំបូង ត្រួតពិនិត្យ ណែនាំ មុនផាកពិន័យ ដល់អ្នកបើកបរ និងម្ចាស់រថយន្តធំ ដឹកដី ថ្ម ខ្សាច់ គ្រឿងសំណង់ និងទំនិញបន្ទុកនានា ឱ្យគោរព អនុវត្ត ៤ ចំណុចសំខាន់ៗ ។

លោកវរសេនីយ៍ គី មករា បានបន្តថាៈ ៤ ចំណុចនោះ​ រួមមាន ទី១-រាល់យានយន្ត រថយន្តដឹកជញ្ជូនធុនធ្ងន់ ត្រូវមានឯកសារយានយន្ត និងអ្នកបើកបរ ឱ្យគ្រប់គ្រាន់ ដែលចេញឱ្យ ដោយអាជ្ញាធរមានសមត្ថកិច្ចនានា ។ ទី២-បើមានបញ្ហាខុសឆ្គង ខ្វះ លើសលើបញ្ហាលក្ខណៈបច្ចេកទេស ត្រូវប្រញាប់ទៅកែតម្រូវ កែលម្អ ឱ្យបានរួសរាន់។ ទី៣- រាល់ខ្សាច់ ដី ថ្ម គ្រឿងសំណង់ ទំនិញបន្ទុកដែលអាចជ្រុះ កំពប់ ឬហុយ អ្នកបើកបរ និងម្ចាស់យានយន្ត ត្រូវតែមានតង់ ក្រណាត់គ្របវេចខ្ចប់ ឬដាក់ផ្ទុក ឱ្យបានសមស្រប ដើម្បីចៀសវាងការបង្កឱ្យខូចសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ។ និងទី៤- ឆ្លងកាត់ទីប្រជុំជន ទីក្រុង ឬមុខទីឯកជន និងទីសាធារណៈនានា យានយន្ត ត្រូវរក្សាល្បឿន ក្រោម ឬ ត្រឹម ៣០ គ.ម / ម៉ ។

លោកវរសេនីយ៍ គី មករា បានបន្តថាៈ កន្លងមក អាជ្ញាធរក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ធ្លាប់បានចេញចាត់វិធានការ ជាបន្តបន្ទាប់ដែរ ប៉ុន្តែសម្រាប់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ទើបចេញអនុវត្តលើកទី១ ប៉ុណ្ណោះ ។ ក្នុងនោះ លទ្ធផល ១ថ្ងៃ គឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានត្រួតពិនិត្យលើយានយន្ត / រថយន្តធុនធំ ក្នុងមុខសញ្ញាខាងលើ បានជាង ៦០ គ្រឿង ក្នុងនោះ រកឃើញរថយន្ត តែជាង ១០ គ្រឿងប៉ុណ្ណោះ ដែលខុសឆ្គង និងត្រូវអប់រំ ធ្វើកិច្ចសន្យា កែតម្រូវ ។
មានន័យថា ម្ចាស់ ឬអ្នកបើកបរ មានការយល់ដឹង និងចូលរួមអនុវត្តច្បាប់ ក៏ដូចជា នីតិវិធីនានា បានល្អច្រើនហើយ ហើយមន្ត្រីផ្នែកជំនាញ នឹងបន្តខិតខំផ្សព្វផ្សាយ នូវច្បាប់ នីតិវិធី និងសេចក្តីណែនាំថ្មីទៀត ដល់សាធារណជន ៕V / N