​ប្រែ​សម្រួលៈ​បំណង​(vnexpress)៖ ក្នុងជំនួប​ជាមួយ​សម​ភាគី​ចិន​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាំ មិញ ជិញ​(Pham Minh Chinh)​បានស្នើ​បង្កើន​ការតភ្ជាប់​គមនាគមន៍សំរាប់ដឹកជញ្ជូនទំនិង​និង​បង្កើតពាណិជ្ជកម្ម​មាន​តុល្យភាព​មួយ​ជាមួយ​ចិន ។​

​លោ​កជិញ បាន​និយាយ​នៅក្នុង​ជំនួប​នេះ​ថា វៀតណាម​តែងតែ​អោយ​តំលៃ​និង​ផ្តល់​អាទិភាព​លើ​ភាព​ជា​ដៃគូ​សហការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ​ជាមួយ​ចិន​។​លោក​បាន​ស្នើសុំ​អោយ​ប្រទេស​ទាំង​​ពីរ​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​មាន​តុល្យភាព​មួ​យ​និង​រក្សា​ពាណិជ្ជកម្ម​ដ៏​រលូន​នៅ​តាម​ច្រកទ្វារ​ព្រំដែន ។​លោក​ក៏​បាន​ស្នើសុំ​អោយ​ចិន​បង្កើត​លក្ខខណ្ឌ​អំណោយផល​សំរាប់​នាំចូល​កសិផល​វៀតណាម​​ជាពិសេស​ក្នុងអំឡុង​រដូវចូលឆ្នាំ​ចិន​-​វៀតណាម​នាពេលខាងមុខ​។​

​លោក​សង្ឃឹមថា ភាគី​ទាំងពីរ​នឹង​បង្កើន​ការតភ្ជាប់​ផ្លូវដែក​នៃ​ប្រទេស​ទាំង​ពីរដោយបង្កើន​ទំហំនាំចូល​ទំនិញ​វៀតណាម​ដោយ​ប្រើ​ផ្លូវដែក​ចិន ដើម្បី​​អោយទៅដល់​ប្រទេស​ទី​បី និង​ដកចេញ​ការលំបាក​នៅ​​ក្នុង​គំរោង​ខ្លះ ដូចជា​គំរោង​រោងចក្រ​ដែក​និង​ជីគីមី​វៀតណាម​។​

ចំណែក​នាយករដ្ឋមន្ត្រី​ចិន​លោក លី ឃឹ​ឈៀង (Li Keqiang )​បាន​យល់ស្រប​អំពី​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ រួម​មាន​សេដ្ឋកិច្ច​ឌីជីថល សេដ្ឋកិច្ច​បៃតង​និង​ការឆ្លើយតប​ទៅ​នឹង​ការ​ប្រឈម​​កំពុង​លេចឡើង​ដូច​ជា​សន្តិសុខ​ស្បៀង ទឹក​និង​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​បាន​និយាយថា ចិន​នឹង​សហការ​ជាមួយ​វៀតណាម​ដើម្បី​ដោះស្រាយ​បញ្ហា​ឳ​ន​ភាព​ពាណិជ្ជកម្ម​និង​ជំរុញ​ពាណិជ្ជកម្ម​សំរាប់​ផលប្រយោជន៍​ទៅវិញទៅមក​។​លោក​ក៏​បាន​ធានាថា ចិន​នឹង​បង្កលក្ខណៈ​​ងាយ​ស្រួល​សំរាប់​ទំនិញ​វៀតណាម​ឆ្លងកាត់​គយ​ចិន​អោយ​បាន​លឿន​ឡើង ដើម្បី​កុំអោយ​កសិផល​វៀតណាម​កកស្ទះ​និង​ខូច​នៅតាម​ច្រកព្រំដែន​។​

​បើ​តាម​លោក​លី ចិន​ត្រៀម​បង្កើត​លក្ខខណ្ឌ​អំណោយផល​សំរាប់​និស្សិត​វៀតណាម​វិល​ទៅ​សិក្សា​នៅ​ចិន​ឡើងវិញ​និង​ការបន្ត​ជើងហោះហើរ​ពាណិជ្ជកម្មរ​វា​ង​ប្រទេស​ទាំង​ពីរ​ឡើងវិញ​ផងដែរ​។​

​ស្តី​ពី​សន្តិភាព​និង​ស្ថិរភាព​នៅ​សមុទ្រ​ខាងកើត​(​សមុទ្រ​ចិន​ខាងត្បូង​) មេដឹកនាំ​ទាំង​ពីរ​បាន​យល់ស្រប​គ្នា​ថា​នឹង​ដោះស្រាយ​ការមិនចុះសម្រុង​គ្នា​ឈរ​លើ​សមភាព​និង​កិច្ចសហការ​គ្នា បន្ត​ធ្វើ​អោយ​មាន​​ប្រយោជន៍​លើយន្តការ​ចរចា​ស្តីពី​ការកំណត់​ព្រំដែន​សមុទ្រ​និង​កិច្ចសហការ​គ្នា ហើយ​នឹង​អនុវត្ត​សេចក្តីប្រកាស​ស្តីពី​ការ​ប្រតិបត្តិ​របស់​គូភាគី​នៅ​សមុទ្រ​ខាងកើត​ហៅថា​DOC​។​ភាគី​ទាំងពីរ​ក៏​យល់ស្រប​គ្នា​​ថា​នឹង​ខិតខំ​ជំរុញ​ការបង្កើត​ក្រម​ប្រតិបត្តិ​(COC)​មាន​ប្រសិទ្ធភាព​នៅក្នុង​សមុទ្រ​ខាងកើត​ស្របតាម​ច្បាប់​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​ប្រចាំ​អាស៊ាន និង​ជា​ដៃគូ​ធំ​បំផុត​ទី​ប្រាំមួយ​នៅក្នុង​លោក​។​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឡើងដល់​១៦៥,៨​ពាន់​លាន​ដុល្លារ​​នៅ​ឆ្នាំ​២០២១ កើន​២៤,៦​ភាគរយ​ពី​ឆ្នាំ​២០២០៕

​នាយករដ្ឋមន្ត្រី ផាំ មិញ ជិញ និង​សម​ភាគី​ចិន លី ឃឹឈៀង ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​១១​វិច្ឆិកា​