ដោយៈ ប.ខុន / ភ្នំពេញៈ ការងារកាយស្តាររុក្ខវារី ចេញពីប្រឡាយមេរលាំងជ្រៃ ខាងត្បូង ដើម្បីនាំទឹកក្នុងរដូវប្រាំង ទៅផ្គត់ផ្គង់ដល់ស្រុកគងពិសី និងស្រុកបាទី ឱ្យបានលឿន  ដែលអនុវត្តដោយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានធ្វើរួចប្រវែង ៣០ គីឡូម៉ែត្រ នៃប្រវែងដែលត្រូវស្តារ ៣៥ គីឡូម៉ែត្រ ។ បន្ទាប់ពី កាយស្តារប្រឡាយមេ រលាំងជ្រៃខាងត្បូងរួច ក្រុមការងារនឹង បន្តទៅកាយស្តារ នៅប្រឡាយមេរលាំងជ្រៃខាងជើង ដែលមានប្រវែង ២០ គីឡូម៉ែត្រ នោះទៀត ដើម្បីនាំទឹកទៅដល់ ស្រុកអង្គស្នួល។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ ប្រឡាយមេរលាំង ជ្រៃខាងត្បូង អាចនឹងត្រូវកាយស្តារ សម្អាតរុក្ខវារីរួច ក្នុងរយៈពេលមួយសប្តាហ៍ទៀត ហើយបន្ទាប់ពីនេះ ក្រុមការងារ បន្តទៅធ្វើការស្តារប្រឡាយ មេរលាំងជ្រៃខាងជើង ដែលមានរុក្ខវារី ដុះពេញដូចគ្នា ធ្វើឱ្យរំខានដល់ការនាំទឹក នៅក្នុងរដូវប្រាំង។

ប្រធានមន្ទីរខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ការកាយស្តាររុក្ខវារី នៅក្នុង ប្រឡាយ មេរលាំងជ្រៃ ខាងត្បូង បានចាប់ផ្តើមរយៈពេល ជាងមួយខែមកហើយ ដោយគិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា នេះ ការកាយសម្អាតបានប្រវែង ៣០ គីឡូម៉ែត្រ នៃប្រឡាយត្រូវស្តារ ប្រវែង ៣៥ គីឡូម៉ែត្រ។ ប្រឡាយនេះ បានកាយស្តារ រាល់ឆ្នាំ  បើមិនដូច្នេះទេ គឺមិនអាចធ្វើការនាំទឹកបានលឿន ទៅដល់គោលដៅឡើយ ដោយសាររុក្ខវារី បានដុះពេញប្រឡាយ។

លោក ញ៉ាញ់ ជាបហ៊ង បានបញ្ជាក់ថាៈ ប្រឡាយមេរលាំងជ្រៃខាងត្បូង មានតួនាទី យ៉ាងសំខាន់ ក្នុងការនាំទឹកស្ទឹងព្រែកត្នោត​ដែលទម្លាក់មកពីអាងទឹកតាសាល បញ្ជូនទៅបំពេញតម្រូវការប្រើប្រាស់ ប្រចាំថ្ងៃ សម្រាប់សត្វពាហនៈ សម្រាប់ដំណាំ អនុផល និងស្រូវប្រាំង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកបាទី ខេត្តតាកែវ ។
បន្ទាប់ពីកាយស្តារ ប្រឡាយមេរលាំងជ្រៃ ខាងត្បូងរួច ក្រុមការងារ បន្តទៅកាយ ស្តារប្រឡាយ មេរលាំងជ្រៃខាងជើង ដែលមានប្រវែងប្រមាណជា ២០ គីឡូម៉ែត្រទៀត​ដើម្បីនាំទឹកទៅដល់ស្រុក អង្គស្នួល ខេត្តកណ្តាល៕/V-PC