ដោយ៖ ដេប៉ូ / ភ្នំពេញ៖ មន្រ្តីនៃក្រសួងបរិស្ថាន បានថ្លែងថាៈ ការវិនិយោគលើ ថាមពលកកើតឡើងវិញ កំពុងកើនឡើងជាលំដាប់ ដែលជាផ្នែកមួយ ក្នុងការលើក កំពស់ ភាពធន់ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នៅក្នុងវិស័យថាមពល។ កម្ពុជា ក៏កំពុងយកចិត្តទុកដាក់ខ្ពស់ ដល់លើតួនាទីព្រៃឈើ ក្នុងការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ ដែលរួមមានការអនុវត្តគម្រោង REDD-Plus, ដំណោះស្រាយ ផ្អែកលើធម្មជាតិ និងការទូទាត់សម្រាប់សេវាកម្មប្រព័ន្ធអេកូឡូស៊ី។ កម្ពុជា ក៏កំពុង ធ្វើការងារយ៉ាងសកម្មក្នុងការជំរុញការវិនិយោគបៃតង។

ការបញ្ជាក់ពីមន្រ្តីក្រសួងបរិស្ថាន បែបនេះ បានធ្វើឡើងដោយលោក ស៊ុ ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៃក្រសួងបរិស្ថាន តំណាងដ៏ខ្ពស់ខ្ពស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានចូល រួមជាវាគ្មិន កាលពីថ្មីៗមកនេះ នៅក្នុងព្រឹត្តិការណ៍អម COP27​ ស្តីពីការលើក កម្ពស់មហិច្ឆតាសកម្មភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើង ដោយ UNESCAP ។

លោក អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៃ ក្រសួងបរិស្ថាន បានបញ្ជាក់ថាៈ កម្ពុជាជាប្រទេស ដែលរួមចំណែកតិចតួចបំផុត ដល់ការប្រែប្រួលអាកាសធាតុ ដោយក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់សុទ្ធ តិចជាង ០,៣ ភាគរយ នៃការបញ្ចេញឧស្ម័នពិភពលោក។

ជាមួយគ្នានេះ លោក ក៏បានបង្ហាញពី ផែនការរួមចំណែករបស់កម្ពុជា ឆ្លើយតបនឹង ការប្រែប្រួល អាកាសធាតុ (NDC) និងយុទ្ធសាស្ត្រ រយៈពេលវែង សម្រាប់អព្យាក្រឹតភាពកាបូន។

លោកបានលើកឡើង ដោយបញ្ជាក់បន្ថែមថាៈ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការ ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូ និងវិស័យឯកជន ក្នុងការគៀគរហិរញ្ញប្ប ទាន អាកាសធាតុ និងអនុវត្តផែនការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ៕/V-PC