ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រុមសិស្សឆ្នើម មកពីវិទ្យាល័យ AUPP ចំនួន ៣ រូប របស់ប្រទេសកម្ពុជា នឹងចូលរួមកម្មវិធីប្រកួតមនុស្សយន្ត អូឡាំព្យាដពិភពលោក (World Robot Olympiad) នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីទទួលបាន ជោគជ័យ ក្នុងការប្រកួតថ្នាក់ជាតិនៅកម្ពុជា ដែលបានបញ្ចប់កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក។

បើយោងតាមទំព័រហ្វេសប៊ុករបស់ ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថាៈ ការទៅចួលរួមប្រកួតនេះ ក្រុមកម្ពុជា នឹងយកមនុស្ស យន្តប្រភេទ ដែលបានប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់បញ្ជា តាមរយៈសម្លេង ឬកាយវិការ ហើយមានមុខងារ អាចបញ្ជូនដំណឹងពីសុវត្ថិភាព សម្អាតផ្ទះ បញ្ជានិងគ្រប់គ្រងបរិក្ខារអគ្គិសនីក្នុងផ្ទះ ធ្វើបដិសណ្ឋារកិច្ច និងអាចសន្ទនា ជាមួយមនុស្សបាន។

ជាមួយគ្នានេះ ដើម្បីជាការលើកទឹកចិត្ត ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ បានឧបត្ថម្ភសិស្សកម្ពុជា ដែលនឹងចូលរួមការប្រកួតនេះ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់។ កម្មវិធីនេះ មានការចូលរួមពី ៣៦៥ ក្រុម មកពី ៧៣ ប្រទេស ហេីយនឹងផ្សាយផ្ទាល់ Online តាមរយៈតំណភ្ជាប់ www.wro.live៕/V-PC