ដោយៈ សុផល / ភ្នំពេញ៖ ព្រះរាជាណាណាចក្រកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ សំខាន់ៗជាច្រើន។ ក្នុងជំនួបប្រជុំនេះ មានវត្តមានថ្នាក់ដឹកនាំកំពូលៗ ដូចជា ព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមេដឹកនាំជាន់ខ្ពស់ប្រទេសធំ តូច។ ទាំងនេះបង្ហាញថា កម្ពុជា មានសន្តិភាពពេញលេញ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទទួលស្វាគមន៍ នូវរាល់វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ពិភពលោក និងតំបន់ ក៏ដូចជា ប្រធានស្ថាប័ន និងអង្គការអន្តរជាតិ​ធំៗនានា ព្រមទាំងឆ្លុះបញ្ជាំង ឲ្យឃើញពីសមត្ថភាព នៃការដឹកនាំធនធានមនុស្ស ដ៏មានសក្តានុពល និងនាំឱ្យ កម្ពុជា មានសិទ្ធិ និងអំណាច ស្មើមុខស្មើមាត់ ដូចបណ្តាប្រទេសនានា ក្នុងពិភពលោក។

ទាក់ទងនឹងកិត្យានុភាព និងកេរ្តិ៍ឈ្មោះរបស់ ព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន ម៉ានី បានសរសេរ នៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានខ្លឹមសារ ថា៖ កម្ពុជា សូមស្វាគមន៍

តើមនុស្សប៉ុន្មាននាក់ ដែលគិតថា កម្ពុជា អាចមានថ្ងៃនេះ? តើអ្វីៗដែលយើងសម្រេចបាននេះ ជារឿងចៃដន្យឬ?

លោកបានរំលឹកឡើងវិញ ពីអតីតកាលថាៈ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ យុទ្ធជន មួយក្រុមតូច ដឹកនាំដោយសមមិត្ត ហ៊ុន សែន ផ្តើមការតស៊ូដាក់ជីវិត រើបំរះចេញ ពីរបបខ្មែរក្រហមដ៍ខ្មៅងងឹត។ កាលនោះ តើមនុស្សប៉ុន្មាននាក់ ដែលគិតថា គាត់អាចទទួលបានជោគជ័យ និងអាចដឹកនាំប្រទេស រហូតបានមកដល់ថ្ងៃនេះ?

ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាត្រូវបានរំដោះទាំងស្រុងចេញពីរបបខ្មែរក្រហម។ ពីបាតដៃទទេ កម្ពុជាត្រូវបន្តរស់ ដោយពឹងខ្លួនឯង ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ក្រោមទណ្ឌកម្មសេដ្ឋកិច្ចដ៍ធ្ងន់ធ្ងរ ពីប្រទេសបស្ចឹមលោក ដែល​មានចេទនា ដាក់កម្ពុជា ឲ្យនៅឯកកោ។ ទោះយ៉ាងនេះ កម្ពុជាបន្តរស់ដោយខ្លួនឯង យ៉ាងអង់អាច រហូតដល់មានកិច្ចសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឈានទៅដល់ការបោះឆ្នោតសកល ឆ្នាំ១៩៩៣ ដែលកាលនោះសន្តិភាពពេញ​លេញ ក៍រកមិនទាន់បាន ទោះមានជំនួយពីអង្គការសហប្រជាជាតិ។ សង្រ្គាមនៅបន្ត ដែលតម្រូវឲ្យកម្ពុជា ត្រូវបន្តដោះស្រាយបញ្ហាផ្ទៃក្នុងជាច្រើន ដោយខ្លួនឯងជាថ្មី។ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្មះ-ឈ្មះ ដែលផ្តួចផ្តើមឡើង ដោយឯកឧត្តម ហ៊ុន សែន សន្តិភាពពេញលេញ បានកើតមានឡើង ហើយខ្មែរគ្រប់ភាគី បានក្លាយជា អ្នកឈ្មះ ក្រោមនយោបាយ ដែលដាក់ចេញដោយខ្មែរខ្លួនឯង។ នេះជាសន្តិភាព ដែលកើតមានឡើង ក្រោមការលះបង់ ការប្រឹងប្រែង និងការតម្តល់ប្រយោជន៍ជាតិ ខ្មែរជាធំ។

សន្តិភាពពេញលេញ បានក្លាយជាមូលដ្ឋានដ៏រឹងមាំ ដែលអាចឲ្យកម្ពុជា បោះជំហ៊ាន ដ៏ស្វាហាប់ លើគ្រប់វិស័យ។ ក្រៅពីវិស័យអប់រំ សុខាភិបាល និងវិស័យសំខាន់ៗ ផ្សេងៗទៀត វិស័យសេដ្ឋកិច្ច បានរីកធំធាត់ គួរឲ្យកត់សម្គាល់។ ជាង ២ ទសវត្ស ចុងក្រោយ កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ជាងគេមួយ ក្នុងចំណោម ៦ ប្រទេសលើលោក ដែលមានសេដ្ឋកិច្ចរីកចម្រើនក្នុងរង្វង់ ៧%។ ក្រៅពីវិស័យសេដ្ឋកិច្ច ការរីកចម្រើនក្នុងវិស័យការទូត ក៏ជាចំណុចដ៏សំខាន់ មួយ ដែលគួរឲ្យកត់សម្គាល់។ កម្ពុជា ដែលធ្លាប់តែជាប្រទេសខ្ទេចខ្ទាំ ដោយសារ សង្គ្រាម និងដែលធ្លាប់ស្នើសុំទាំងជំនួយសង្គម និងមនុស្សធម៌ ពីបណ្តាប្រទេសនានា លើលោក បានក្លាយជាប្រទេស ដែលផ្តល់ជំនួយទៅបណ្តាប្រទេសផ្សេងៗនោះ ទៅវិញ។ កម្ពុជា បានក្លាយទៅជាប្រធាន និងសមាជិកអង្គការអន្តរជាតិធំៗជាច្រើន រួមជាមួយនឹងអង្គការក្នុងតំបន់ ដែលក្នុងនោះរួមមានសមាគមប្រជាជាតិអាស៊ីអាគ្មេយ៍ (ASEAN) នេះជាអាទិ៍។
ក្នុងឋានៈថ្មីៗទាំងនេះ កម្ពុជាមិនត្រឹមតែបានចូលរួម ក្នុងការសម្របសម្រួលលើ យន្តការតំបន់ និងអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទី ជាអ្នកកាច់​ចង្កូតនាវាតំបន់ និងអន្តរជាតិផងដែរ។ តើនេះ ជារឿងចៃដន្យទេ?

ការអញ្ជើញចូលរួម ពីបណ្តាប្រមុខថ្នាក់ដឹកនាំកំពូលៗ លើលោកនៅពេលនេះ ឆ្លុះបញ្ជាំងយ៉ាងច្បាស់ ពីតួនាទីដ៍សំខាន់របស់កម្ពុជា ការជឿទុកចិត្តលើកម្ពុជា និងការឲ្យតម្លៃដល់កម្ពុជា។ ភាពជោគជ័យនៅថ្ងៃនេះ មិនមែនជារឿងចៃដន្យឡើយ ហើយក៏មិនមែនជាអ្វី ដែលបរទេសណាម្នាក់ បានផ្តល់ឲ្យកម្ពុជាឡើយ។ ភាពជោគជ័យ នៅថ្ងៃនេះ ជាញើស ជាឈាមរបស់កម្ពុជាសុទ្ធសាធ ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាលយើង ជាមួយនឹងការបន្តគាំទ្ររបស់ខ្មែរ យើងម្នាក់​ៗលើការដឹកនាំដ៏ត្រឹមត្រូវនេះ៕/V-PC