​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​សេត​វិមាន​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន នឹង​ព្រមាន​សម​ភាគី​ចិន ស៊ី ជីន​ភីង នៅក្នុង​ជំនួប​ផ្ទាល់​ជា​លើក​ដំបូង​រវាង​មេដឹកនាំ​​ទាំង​ពីរ​នៅ​ថ្ងៃ​ចន្ទ​ទី​១៤​វិច្ឆិកា​ថា ការ​បន្ត​អភិវឌ្ឍ​សព្វាវុធ​របស់​កូរ៉េ​ខាងជើង​នឹង​នាំ​ដល់​ការបង្កើន​វត្តមាន​យោធា​អាម៉េរិក​នៅក្នុង​តំបន់​។​

​សហរដ្ឋ​អាម៉េរិក​មាន​ការព្រួយបារម្ភ​ថា​កូរ៉េ​ខាងជើង​មាន​ផែនការ​បន្ត​ការសាកល្បង​នុយក្លេអ៊ែរ​ឡើងវិញ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៧ និង​ជឿ​ថា​ចិន​ព្រមទាំង​រុស្ស៊ី​មាន​ឥទ្ធិពល​បញ្ចុះបញ្ចូល​កុំ​​អោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ធ្វើ​ដូច្នោះ​។​

​បៃ​ដិន និង ស៊ី គ្រោង​នឹង​ជួប​គ្នា​ទល់មុខ​ជា​លើកដំបូង​ក្នុងនាម​ជា​មេដឹកនាំ​តំណាង​ប្រទេសនៅក្រៅ​ជំនួប​កំពូល​G20​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​នា​សប្តាហ៍​ក្រោយ​។​

​ទីប្រឹក្សា​សន្តិសុខ​សេត​វិមាន​លោក ជេ​ក ស៊ុល​លី​វ៉ាន់ បាន​និយាយា​ថាលោក​បៃ​ដិន នឹង​ប្រាប់​លោក​ស៊ីថា កូរ៉េខាងជើង​តំណាងអោយ​ការ​គំរាម​មួយ មិន​ត្រឹមតែ​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន​កូរ៉េ​​ខាងត្បូង​និង​ជប៉ុនទេ តែ​គំរាម​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​តំបន់​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​លើ​យន្តហោះ​Air Force One​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ដំណើរ​មក​ចូលរួម​កិច្ចប្រជុំ​នៅ​កម្ពុជា​ថា «​បើ​កូរ៉េខាងជើង​នៅតែ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន វា​នឹង​មានន័យថា​​អាម៉េរិក​បង្កើន​វត្តមាន​យោធា​និង​សន្តិសុខ​នៅក្នុង​តំបន់​នេះ​។​ដូចនេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ផលប្រយោជន៍​​ក្នុងការ​ដើរតួនាទី​ស្ថាបនា​មួយ​ដើម្បី​ទប់ស្កាត់​កុំ​អោយ​កូរ៉េ​ខាងជើង​ដើរ​​ទៅរក​និន្នាការ​អាក្រក់​បំផុត​»​។​

«​មិន​ថា​គេ​ជ្រើសរើស​ផ្លូវ​ដើរ​របៀប​ណា​ទេ ពិត​ណាស់​វា​អាស្រ័យ​លើ​ពួកគេ​»​។​

​សូមបញ្ជាក់​ថា ទណ្ឌកម្ម​អន្តរជាតិ​ដឹកនាំ​ដោយ​អាម៉េរិក​បរាជ័យ​ក្នុង​ការបង្ខំ​អោយ​កូរ៉េខាងជើង​បញ្ឈប់​កម្មវិធី​សព្វាវុធ​របស់ខ្លួន​។​ការសាកល្បង​អាវុធក្នុង​ចំនួន​ច្រើន​បំផុត​នា​ឆ្នាំ​នេះ​របស់​កូរ៉េ​ខាងជើង​រួម​មាន​​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប ដែល​ផលិត​ឡើង​សំរាប់​វាយប្រហារ​ដីគោក​អាម៉េរិក​។​

​ចិន​និង​រុស្ស៊ី​គាំទ្រ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​ប្រឆាំង​កូរ៉េខាងជើង​ក្រោយពី​ប្រទេស​នេះ​បាន​សាកល្បង​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០១៧ តែ​កាលពី​ខែ​ឧសភា ឆ្នាំនេះ​ប្រទេស​ទាំង​ពីរ​បាន​បោះឆ្នោត​ប្រឆាំង​ការជំរុញ​របស់​​អាម៉េរិក​មួយ​ដើម្បី​អោយ​អង្គការសហប្រជាជាតិ​ដាក់ទណ្ឌកម្ម​ថែម ដោយសារ​តែ​របប​ក្រុង​ព្យុង​យ៉ាង​បន្ត​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​ជាថ្មី​។​

​ចិន​និង​រុស្ស៊ី​លើក​ហេតុផល​ថា ការ​ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​មិន​បន្ទប់​ជំហរ​អំពី​ទណ្ឌកម្ម​និង​ការបន្ត​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ជាមួយ​កូរ៉េ​ខាងត្បូង​ឡើងវិញ​ជា​លេស​នាំអោយ​កូរ៉េខាងជើង​សាកល្បង​​កាំជ្រួច​ដើម្បី​ជា​ការឆ្លើយតប​។​

​ដា​ញែល រូស​សែ​ល​(Daniel Russel)​អ្នកការទូត​ជាន់ខ្ពស់​អាម៉េរិក​សំរាប់​អាស៊ី​ខាងកើតនៅក្រោម​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​បារ៉ាក់ អូ​បា​ម៉ា បាន​និយាយថា​នៅ​ទីបំផុត​ចិន​អាច​ក្លាយជា​អ្នក​​ទប់ស្កាត់​មួយ​។​វា​អាច​ធ្វើទៅបាន​នៅពេល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​យល់ថា សន្តិសុខ​របស់​ខ្លួន​ប្រឈម​ការ​គំរាម​ផ្ទាល់ មិន​ត្រឹមតែ​ចេញ​ពី​សមត្ថភាព​របស់​កូរ៉េខាងជើង តែក៏ចេញ​ពី​ការបង្កើត​កម្លាំងយោធារ​បស់​​អាម៉េរិក​និង​សម្ពន្ធមិត្ត​ដើម្បី​ដោះស្រាយ​ការ​គំរាម​ពី​កូរ៉េខាងជើង​ផងដែរ​។​

​នៅ​មួយ​ថ្ងៃមុន​ជំនួប​នេះ លោកបៃ​ដិន ក៏​នឹង​ជួបប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​និង​សម​ភាគី​កូរ៉េ​ខាងត្បូង​នៅ​កម្ពុជា​ដើម្បី​ពិភាក្សា​រក​វិធី​ទប់ទល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​លោក​​ស៊ុល​លី​វ៉ាន បាន​និយាយថា​លោកបៃ​ដិន​មាន​ផែនការ​ពិនិត្យមើ​ល​ឡើងវិញ​ជាមួយ​សម្ពន្ធមិត្ត​ទាំង​ពីរ​អំពី​ប្រធានបទ​ដែល​លោក​នឹង​លើក​ទៅ​ពិភាក្សា​ជាមួយ​លោក​ស៊ី ហើយ​នឹង​សួរ​មេដឹកនាំ​ទាំង​ពីរ​​ថា​ពួក​លោក​ចង់​លើក​អំពី​បញ្ហា​អ្វី​៕

​បៃ​ដិន នឹង​ជួប ស៊ី ដោយ​ផ្ទាល់​ជា​លើកដំបូង​នៅ​សប្តាហ៍​ក្រោយ ហើយ​មុខជា​លើក​បញ្ហា​សព្វាវុធ​កូរ៉េខាងជើង ដោយ​ទំនងជា​សុំ​អោយ​ចិន​អន្តរាគមន៍​បញ្ឈប់​កម្ម​វិធី​អាវុធ​របស់​របស់​គីម ជុង​អ៊ុន​