ដោយៈ​សុផល​/​ភ្នំពេញ​៖ ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​១១​ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​អធិបតី​អគ្គបណ្ឌិត​សភា ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ប្រចាំការ​ក្រុមប្រឹក្សា​ជាតិ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​។​ពិព័រណ៍​បច្ចេកវិទ្យា​នេះ ជា​កម្មវិធី​ពិព័រណ៍​ថ្នាក់ជាតិ​ដំបូង និង​ធំ​បំផុត​នៅ​កម្ពុជា និង​ជា​កម្មវិធី​អម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងឆ្នាំនេះ​។​

​ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ (Cambodia Tech Expo 2022)​ចាប់ផ្តើម​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​អគារ A-F នៃ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ ពិព័រណ៍​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រោម​ការសម្របសម្រួល​របស់​អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ពិព័រណ៍​បច្ចេកវិទ្យា​នេះ​។​

​ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ១. កៀរគរ​រដ្ឋ​សមាជិក​អាស៊ាន រដ្ឋាភិបាល វិស័យ​ឯកជន ស្ថាប័ន​ស្រាវជ្រាវ ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល ដើម្បី​សហការ ចែករំលែក​បទពិសោធ​ន៍ និន្នាការ​ថ្មីៗ បញ្ហា​ប្រឈមនិង​ឧ​ត្ត​មា​នុ​វត្ត​ន៍​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា សេដ្ឋកិច្ច​និង​សង្គម​ឌីជីថលនិង​បដិវត្តន៍​ឧស្សាហ កម្ម​ជំនា​ន់ទី​៤, ២. បង្ហាញ​អំពី​វឌ្ឍនភាព​គោលនយោបាយ និង​ក្របខណ្ឌ​គតិយុត្ត និង​ផលិតផល​និង​សេវាកម្ម​បច្ចេកវិទ្យា​, ៣.​ឆ្លុះបញ្ចាំង​អំពី​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​អំណោយផល​និង​ទាក់ទាញ និង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា​, ៤. អភិវឌ្ឍ​បណ្តាញ​អាជីវកម្ម​រវាង​ធុរកិច្ច​ថ្មី​បច្ចេកវិទ្យា សហគ្រាស​ធុន​តូច​និង​មធ្យម ឧស្សាហកម្ម និង​វិនិយោគ​,៥.​ជំរុញ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍និង ៦. លើកកម្ពស់​ការយល់ដឹង និង​បង្កើត​សំណើ​រួម ក្របខណ្ឌ និង​ការ ស្រាវជ្រាវ​រួម ជាដើម​។

​លោកស្រី MILA JIVKOVA KUSHEVA តំណាង​ក្រុមហ៊ុន Smart Axiata បាន​លើកឡើងថា ក្នុងនាម​ជា​ក្រុមហ៊ុន​នាំមុខ​ផ្នែក​បច្ចេកវិទ្យា យើង​យល់​យ៉ាងច្បាស់​នូវ​តួនាទី​របស់​យើង​ក្នុងនាម​ជា​តួអង្គ​សំខាន់​ក្នុងការ​កសាង​នូវ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​។ ក្នុង​រយៈពេល ១៤ឆ្នាំកន្លងមកនេះ យើង​បាន និង​កំពុង​គាំទ្រ និង​សហការ​យ៉ាង ​ជិតស្និត​ជាមួយនឹង​និយ័ត​ករ​នានាដើម្បី​ធ្វើឱ្យ​ប្រសើរឡើងនិង​ពង្រីក​នូវ​នវានុវត្តន៍​បច្ចេកវិទ្យា​ឌីជីថល​លើ​ផ្នែក​សេវាកម្មនិង​ផលិតផល​របស់​យើងព្រមទាំង​ធ្វើឱ្យ​ប្រសើរ ឡើង និង​ពង្រីក​នូវ​គុណភាព​បណ្តាញ និង​សេវា​គ្របដណ្តប់​ដើម្បី​ធានាថា​មូលដ្ឋានគ្រឹះ​ផ្សេងៗ​ត្រូវ​បង្កើតឡើង​សម្រាប់​កម្ពុជា​ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច និង​លើក កម្ពស់​សុខុមាលភាព​សង្គម​។​

​លោក Andy Chee ប្រធាន​ក្រុមហ៊ុន Kepstar Data Centre Management បាន​លើកឡើងថា ក្រុមហ៊ុន​របស់លោក​ត្រៀមខ្លួន​ជាស្រេច​រួម​ធ្វើដំណើរ​ជាមួយ​រាជរដ្ឋាភិ បាល​កម្ពុជា ឆ្ពោះទៅរក​ភាព​រីកចម្រើន​រុងរឿង​នៃ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​។

ជាមួយគ្នានេះដែរលោក William Kim តំណាង​ក្រុមហ៊ុន Publox បានលើកឡើង​ផងដែរ​ ថា ក្រុមហ៊ុន​នឹង​ផ្តល់នូវ​អធិបតេយ្យភាព​ទិន្នន័យ​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប តាម​ថ្នាល​ទិន្នន័យ​របស់​ក្រុមហ៊ុន ដែលមាន​ឈ្មោះថា North latitude, THirty-degrees (NTH)​។ លោក​បាន​បន្ថែមថា លោក​មានបំណង​ចង់ឱ្យ​ប្រជាជន​កម្ពុជា​យល់ដឹង​អំពី​តម្លៃ និង​គុណ​តម្លៃ​ដ៏​អស្ចារ្យ​នៃ​ទិន្នន័យ​របស់​ពួកគាត់​។

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង​នវានុវត្តន៍គឺជា​វិស័យ​ចាំបាច់​បំផុត ជាពិសេស ​ក្នុង​វិស័យ​កសិកម្ម ដែលជា​គន្លឹះ​នៃ​ការអភិវឌ្ឍន៍​ជាតិ​ក្នុងសម័យ​បច្ចេកវិទ្យា​នេះ​។ ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម គឺ​ជួយ​ទៅដល់​ការរីកចម្រើន​ក្នុង​វិស័យនេះ ជាពិសេស​ការ ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ជាស​កល​។ ទោះជា​យ៉ាង​ក្តី ឯកឧត្តម ក៏បាន​បញ្ជាក់​ផងដែរ​ថា ការអភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នេះ ចាំបាច់​ត្រូវ​ពិនិត្យ មើល​អំពី​ផលប៉ះពាល់ ជាពិសេស​ផល​ប៉ះ ពាល់​ទៅលើ​បរិស្ថាន និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​។

​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​មានប្រសាសន៍ថា វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​សក្តានុពល​ក្នុង​ការបង្កើន​ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព​និង​ជះឥទ្ធិពល​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេចបាន​តាម​មហិច្ឆតា​នៃ​របៀបវារៈ​ឆ្នាំ​២០៣០ របស់​រាជរដ្ឋាភិបាល និង​បង្កើត​នូវ​អត្ថប្រយោជន៍​សម្រាប់ សេដ្ឋកិច្ច សង្គម និង បរិស្ថាន​។​

​កិត្តិ​សេដ្ឋា​បណ្ឌិតមានប្រសាសន៍​បន្ថែមទៀត​ថា​៖​ដើម្បី​ចាប់យក​អត្ថប្រយោជន៍​នៃ​នវានុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាពយើង​ត្រូវ​៖១.កៀរគរ​នូវ​រាល់​ធនធាន​ទេពកោសល្យ  ​របស់​យើង​ទាំងអស់​ឆ្ពោះ​សំដៅទៅ​កាន់ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, ២. ពង្រឹង​ប្រព័ន្ធ​នវានុវត្តន៍ តាមរយៈ​ការ​ផ្តល់នូវ​បរិស្ថាន​ដែល​ជំរុញ​និង​ការពារ​នូវ​ការចាប់យក​នូវ​ហានិភ័យ និង​ផ្តល់នូវ​បរិយាកាស​វិនិយោគ​ប្រកបដោយ​សន្តិសុខ​, ៣. ផ្តល់​ការលើកទឹកចិត្ត​ដល់​ការ វិនិយោគ​ពី​ប្រភព​ផ្សេងៗ ជាអាទិ៍ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ផល ប៉ះពាល់​នៃ​វិនិយោគ ហើយ​ត្រូវ​សម្រប​នូវ​ធនធាន​ហិរញ្ញវត្ថុ​វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង​នវានុវត្តន៍ដែលមាន​ទាំងអស់​ឆ្ពោះ​សំដៅទៅ​កាន់ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង  ៤. បង្កើត​នូវ​សេដ្ឋកិច្ច​ពុទ្ធិ​នវានុវត្តន៍​បើកចំហរ និង​ប្រកបដោយ​បរិ​យាប​ន្ន​។​

​ថ្លែង​ក្នុង​សុន្ទរកថា​បើកសម្ពោធ​ជា​ផ្លូវការ​កម្មវិធី​ពិព័រណ៍​ច្ចេក​វិទ្យា​កម្ពុជា ២០២២ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ប្រចាំការ​ក្រុមប្រឹក្សា​ជាតិ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល បាន​មានប្រសាសន៍ថា​៖ បរិវត្ត​កម្ម​ឌីជីថល និង​ឌី​ជី​ថ​លូ​ប​នីយកម្ម​គឺជា​និន្នាការ​គន្លឹះ​ក្នុង​ការជំរុញ​តម្រូវការ​សម្រាប់​ជំនាញ​ឌីជីថល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង ទូរគមនាគមន៍ អប់រំ សុខភាព និង​វិស័យ​រដ្ឋាភិបាល​។

​ក្នុង​ដំណើរការ​នៃ​បរិវត្ត​កម្ម​ឌីជីថល និង​ឌី​ជី​ថ​លូ​ប​នីយកម្ម​នេះ អគ្គបណ្ឌិត​សភាចា​រ្យ បាន​សង្កត់ធ្ងន់​ទៅលើ​ចំណុច ជាអាទិ៍ ១. ការអភិវឌ្ឍ​ធនធានមនុស្ស ទាំង​ជំនាញ និង​ចំណេះដឹង ដែលជា​កត្តា​លី​ករ​មិនអាច​ខ្វះ​បាន​ក្នុងការ​ជំរុញ​ផលិតផល​សេដ្ឋកិច្ច និង​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពី​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​កម្លាំង​ជំនាញ​ទាប​និង​ពលកម្ម​ដោយ​ការអនុគ្រោះទៅជា​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​ជំនាញ​ខ្ពស់បច្ចេកវិទ្យានិង​មូលធន​,២.សារៈសំខាន់​នៃ​សហគ្រាស​ធុន​តូច​និង​ធ​ម្យ​ម​ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​, ៣. ការវិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ដែល​បាននិងកំពុង​ជួយ​ជំរុញ​ផលិតភាព​នៅក្នុង​គ្រប់ផ្នែក​និង​វិស័យ​ផ្សេងៗ​ជាច្រើន និង ៤. ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​និង​ភាព​ធន​នឹង​អាកាសធាតុ​ដែលជា​ផ្នែក​សំខាន់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ប្រកបដោយ​ចីរភាព តាមរយៈ​ការពង្រីក​ការសហការ​កសាង​ហេដ្ឋារចនា សម្ព័ន្ធ​បៃតង​, ការលើកកម្ពស់​ការផ្លាស់​ប្តូរ​ថាមពល​, និង​ការប្រើប្រាស់​បច្ចេកវិទ្យា​បៃតង​សម្រាប់​សេដ្ឋកិច្ច​បៃតង​។

​នៅក្នុង​កម្មវិធី​បើកសម្ពោធ​ជា​ផ្លូវការ​កម្មវិធី​ពិព័រណ៍​ច្ចេក​វិទ្យា​កម្ពុជា ២០២២ នេះ ក៏មាន​ពិធី​អម​មួយចំនួន​ផងដែរ ដូចជា​៖ ១. ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​របាយការណ៍​ស្តី​ពីស​ន្ទ​ស្សន៍​វិនិយោគ​នវានុវត្តន៍ (Innovation Investment Index)ដោយ​អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង​នវានុវត្តន៍នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេក វិទ្យា និង​នវានុវត្តន៍ និង​អង្គការ Konrad-Adenauer-Stiftung (KAS), ២.ពិធី​សម្ពោធ​បើក​ការដ្ឋាន​នៃ​ក្រុមហ៊ុន Kepstar Data Centre, ៣.វិធី​ផ្លាស់ប្តូរ​អនុស្សរណៈ​យោគ យល់​ គ្នា​រវាង​ក្រុមហ៊ុន Kepstar Data Centre Management និង​ក្រុមហ៊ុន Mobile C&C និង ៤. វិធី​ផ្លាស់ប្តូរ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន Publox និង​ក្រុមហ៊ុន Mobile C&C​។​

​គួរបញ្ជាក់​ផងដែរ​ថា ពិ​ព៌​រណ៍​បច្ចេកវិទ្យា​កម្ពុជា ២០២២ រួមមាន​កម្មវិធី​ចម្បងៗ ដូចជា​៖ វេទិកា​កិច្ចសន្ទនា​វិស័យ​សាធារណៈ​-​ផ្នែក​ឯកជន (ASEAN Public-Private Sector Dialogue), វេទិកា​ពិព័រណ៍​បច្ចេក​វិទ្យា​កម្ពុជា (Main Stage),​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech Stage), វេទិកា​ធុរកិច្ច​ថ្មី​បច្ចេកវិទ្យា (Tech Startup Stage) និង​សកម្មភាព​សំខាន់ៗ​មួយចំនួនទៀត ជាអាទិ៍ កម្មវិធី​ទំនាក់ទំនង និង​ជំនួប​រវាង​វិនិយោគិន​និង​ធ​រុ​កិច្ច​ថ្មី​បច្ចេកវិទ្យា​ជា ដើម​។​

​ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ ទទួលបាន​ការគាំទ្រ​រៀបចំ​ដោយ​អន្តរក្រសួង​ចំនួន ៩ រួមមាន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ការងារ និង​បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងសុខាភិបាល​។ ជាមួយគ្នានេះដែរ ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ ក៏បាន​ទទួល​ការឧបត្ថម្ភ​គាំទ្រ​ពី​វិស័យ​សាធារណៈ​និង​ឯកជន​មួយចំនួន ដូចជា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រុមហ៊ុន SMART Axiata, ក្រុមហ៊ុន Kepstar Data Center, ក្រុមហ៊ុន Publox, ក្រុមហ៊ុន Metfone, ក្រុមហ៊ុន Online, ក្រុមហ៊ុន Edotco, ធនាគារ​ព្រី​នស៍​, ធនាគារ​ភ្នំពេញ​ពាណិជ្ជ ម​.​ក​, ធនាគារ​ស្ថាបនា​, ក្រុមហ៊ុន Mobile C&C, ក្រុមហ៊ុន Huawei Technology (Cambodia), ក្រុមហ៊ុន Cellcard, ធនាគារ​វី​ង​, ក្រុមហ៊ុន Binance, សហគ្រិន​ខ្មែរ​, រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​, ក្រុមហ៊ុន Vehaa Data Center និង​លោក​ឧកញ៉ា PHU Se Tong​។ ជាង​នេះ​យើង​ក៏មាន​ស្ថាប័ន​ដៃគូ​មួយចំនួន​ផងដែរ​ដូចជា​បណ្ឌិត្យសភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា​, ក្រុមហ៊ុន Tube Coffee និង Tube Central, ក្រុមហ៊ុន Thalias, ក្រុមហ៊ុន Aus Khmer, ក្រុមហ៊ុន Coca Cola, ក្រុមហ៊ុន Krud និង Vattanac Beer, ក្រុមហ៊ុន Compass, Factory Phnom Penh, ក្រុមហ៊ុន G Gear Group, ក្រុមហ៊ុន Sabay, សារព័ត៌មាន Phnom Penh Post, ក្រុមហ៊ុន Quantum, ក្រុមហ៊ុន Sabay Osja, ធុរកិច្ច Bonkert Solutions និង​ក្រុមហ៊ុន Today ISP៕Ph