ដោយៈ ទេព មង្គល / បន្ទាយមានជ័យៈ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានថ្លែងថាៈ ដើម្បីទទួលបានឱកាសការងារល្អ ក្មួយៗ ត្រូវមានជំនាញ យ៉ាងតិច ៤។

ការថ្លែងបែបនេះរបស់លោក ស សុខា បានធ្វើឡើង នៅពេលលោកបានអញ្ជើញជា អធិបតី តំណាងលោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងពិធីបិទកម្មវិធី “វោហារឆ្នើម បន្ទាយមានជ័យ” នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាកលវិទ្យាល័យជាតិមានជ័យ។

ជំនាញទាំងបួន ដែលលោក ស សុខា ថ្លែងទៅកាន់អង្គពិធីទាំងមូល ពិសេសក្មួយៗ សិស្ស និស្សិត និងបេក្ខជន បេក្ខនារី ទាំងអ្នកទទួលបានជ័យលាភី និងអ្នកមិនទទួល បានជ័យលាភី ក្នុងកម្មវិធីវោហារឆ្នើម បន្ទាយមានជ័យ នាឱកាសនោះ រួមមានៈ ទី១. គឺជំនាញដែលក្មួយៗ រៀននៅថ្នាក់ឧត្តមសិក្សា (បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត), ទី២. ជំនាញភាសាបរទេស , ទី៣. ជំនាញកុំព្យូទ័រ (បច្ចេកវិទ្យា) និងទី៤. ជំនាញទំនាក់ទំនង។

កម្មវិធី “វោហារឆ្នើម បន្ទាយមានជ័យ” បានបិទបញ្ចប់ទៅក្រោមបរិយាកាស យ៉ាងអធិកអធម និងដោយមានវត្តមានលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោក ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អស់លោក លោកស្រី ជាអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំង មន្ទីរ អង្គភាពជុំវិញខេត្ត ភ្ញៀវកិត្តិយស ក្រុមហ៊ុនដៃគូសហការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បេក្ខជន បេក្ខនារី ជាច្រើនរូប។

សូមបញ្ជាក់ថា កម្មវិធីវោហារឆ្នើម បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការឧបត្ថម្ភគាំទ្រ ដោយលោក ស សុខា និងលោកស្រី ព្រមទាំងបានធ្វើ ឡើង ចំនួន ២លើក រួចមកហើយគឺៈ ទី១. នៅខេត្តព្រៃវែង កាលពីឆ្នាំ២០១៩ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែង ចំនួន ១៣៧ នាក់ និងទី២. នៅខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែង ចំនួន ២០៤ នាក់ ។ ដោយឡែក នៅខេត្តបន្ទាយមាន ជ័យ ជាលើកទី៣ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែង ចំនួន ៣៨៨ នាក់៕/V-PC