ដោយ៖ ដេប៉ូ / ភ្នំពេញ៖ គំនិតផ្តួចផ្តើមរបស់កម្ពុជា សម្រាប់ការរៀបចំនូវ «កិច្ចព្រម ព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែក ក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតង ប្រកបដោយចីរភាពនោះ ត្រូវបានអ្នកនាំពាក្យ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ បញ្ជាក់ថា នឹងបន្តជួយដល់ប្រទេស សមាជិក ក្នុងការធ្វើពង្រាងឯកសារ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ហើយ អាចនឹងដាក់ចេញ ដល់មេដឹកនាំកំពូល អនុម័ត្រ នៅថ្ងៃខាងមុខ។

គួរបញ្ជាក់ថា កម្ពុជាបានលើកសំណើឱ្យមានការរៀបចំនូវ «កិច្ចព្រមព្រៀងបៃតង អាស៊ាន» សំដៅរួមចំណែក ក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគត បៃតង ប្រកបដោយចីរភាព និងភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនេះ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន លោក គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអ្នកនាំពាក្យ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ដឹងថាៈ ជាទូទៅ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» នេះ បានគ្របដណ្តប់ ទៅលើច្រើនវិស័យ ហើយអាស៊ាន តែងបានធ្វើការឆ្លើយតបទៅហើយ ក្នុងនេះទាំង តាមរយៈក្របខណ្ឌ និងគោលនយោបាយផ្សេងៗ ដើម្បីធ្វើយ៉ាងណា ឱ្យអាស៊ាន តៀមខ្លួនរួចស្រេច ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយក៏ដូចជា ការរៀបចំខ្លួន ដើម្បីផ្លាស់ប្តូរទៅរកអនាគមួយ ឱ្យសមស្រប ទៅនឹងការប្រែប្រួល នៃអាកាសធាតុដែរ។

លោក បានមានប្រសាសន៍ថាៈ ទោះបីយ៉ាងណា មកដល់ពេលនេះ ការឆ្លើយតប របស់អាស៊ានទៅលើវិស័យនីមួយៗ ក្នុងនេះដូចជាវិស័យថាមពល ដែលស្របទៅនឹង ក្របខណ្ឌរបស់ខ្លួន ។ ក្រៅពីនេះ វិស័យផ្សេងទៀត ក៏មានក្របខណ្ឌរបស់ខ្លួនដែរ។ គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើ «កិច្ចព្រមព្រៀងបៃតង អាស៊ាន» គឺសំដៅយកក្របខណ្ឌទាំងអស់ មកដាក់នៅក្រោមក្របខណ្ឌតែមួយ សំដៅដោយធ្វើយ៉ាងណា ដើម្បីឱ្យក្របខណ្ឌនីមួយៗ អាចសហការគ្នាបាន ឆ្លុះបញ្ចាំងគ្នា ទៅវិញទៅមកបាន។

លោក បានពន្យល់ ដោយការបញ្ជាក់ថាៈ ”ពីព្រោះថា ទាក់ទិនទៅនឹងការបម្រែ បម្រួលអាកាសធាតុ វាមិនមែនជាទំនូលខុសត្រូវ វិស័យណាមួយ ពិតប្រាកដទេ គឺគ្រប់វិស័យទាំងអស់ ត្រូវធ្វើការជាមួយគ្នា ក្នុងនេះឧទាហរណ៍ដូចជា អ្នកផលិត ជាមួយនឹងអ្នកប្រើប្រាស់ ក្នុងនេះអ្នកប្រើប្រាស់ មានភាពប្រទាក់ប្រទាញគ្នា និងពាក់ព័ន្ធគ្នា ក្នុងទីកន្លែងនេះដែរ។ ដូច្នេះក្នុងក្របខណ្ឌមួយៗនេះ គឺនឹងមើលទៅ លើហេដ្ខារចនាសម្ព័ន្ធ ថាមពល ការផលិត ការប្រើប្រាស់ កសិកម្ម និងហិរញ្ញវត្ថុនេះ ក៏យើង ត្រូវការដែរ ដោយសារវាពាក់ព័ន្ធគ្នា ពីព្រោះថា រាល់គំនិតផ្តួចផ្តើមនោះ វាចាំបាច់ត្រូវប្រើថវិកា ដែលនឹងត្រូវយកទៅអនុវត្ត។

លោកបានចោទជាសំណួរថាៈ “ តើគំនិតដែលមានបច្ចុប្បន្ន ឬក៏មានគំនិតជម្រើស អ្វីផ្សេងៗទៀត សម្រាប់យកមកប្រើប្រាស់ ក្នុងគំនិតគាំទ្រ ដល់គំនិតផ្តួចផ្តើម ទាំងអស់នោះ។ ដូច្នេះស្ថិតក្នុងក្រោមឆ័ត្រ តែមួយ មានច្រើនវិស័យ ហើយយើងមើល វិស័យពាក់ព័ន្ធទាំងអស់ នឹងវាអាចបំពេញបន្ថែមគ្នាដូចម្តេច នៅពេលដែលដាក់ចេញ គោលនយោបាយវិស័យមួយ គឺវាមានភាពវិជ្ជមាន ចំពោះវិស័យមួយទៀត បើមិនដូច្នេះទេ វិស័យមួយដែលគាត់ធ្វើទៅ តាមអ្វីដែលគាត់ចង់ធ្វើ ហើយវិស័យ មួយទៀត គាត់ទៅធ្វើរឿងផ្សេងទៀត នៅពេលលទ្ធផលចុងក្រោយ វាមិនបានពេញ សក្តានុពលរបស់វា។ ហេតុនេះ ត្រង់ចំណុចនេះហើយ ជាចំណុចខ្លាំង នៃក្របខណ្ឌ បៃតង ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើង។

លោកបានថ្លែងឱ្យដឹងដែរថាៈ ចំពោះបញ្ហាពាក់ព័ន្ធ ជាមួយគំនិតផ្តួចផ្តើមធំបែបនេះ វាត្រូវការពេលវេលា ហើយលេខាដ្ឋានរបស់អាស៊ាន នឹងបន្តជួយដល់ប្រទេស សមាជិក ក្នុងការធ្វើពង្រាងឯកសារ ហើយឯកសារមួយនេះ លោករំពឹងថា អាចនឹងដាក់ចេញ ដល់មេដឹកនាំកំពូល អនុម័ត្រ នៅពេលនោះ ហើយយើងនឹងចាប់ ផ្តើមអនុវត្តគំនិតផ្តួចផ្តើមមួយនេះ បើឱ្យក្នុងបណ្តាប្រទេសអាស៊ាន មួយមុខ មិនគ្រប់គ្រាន់ទេ គឺយើងត្រូវធ្វើការជាមូយដៃគូ របស់យើងទាំងអស់។ បញ្ហាការ បម្រែបម្រួលអាកាសធាតុ មិនមែនជាបញ្ហាតំបន់ទេ គឺជាបញ្ហាសាកល ខណៈពេល ដែលយើងព្យាយាមដោះស្រាយ តែផ្នែកផ្សេងទៀត គេមិនទាន់ដោះស្រាយ វានៅតែជះឥទ្ធិពល មកយើងដូចគ្នាដែរ។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានលើកឡើង ក្នុងឱកាសអញ្ជើញក្នុងពិធីបើក នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ ២០២២ រាជធានីភ្នំពេញ នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថាបានបញ្ជាក់ពីកម្ពុជាបានលើកសំណើ ​ឱ្យមានការរៀបចំនូវ «កិច្ចព្រមព្រៀងបៃតងអាស៊ាន»មួយនេះផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងបន្ថែមថាៈ កម្ពុជាសូមសម្ដែងការប្ដេជ្ញាចិត្ត ក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹង ប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និងភាពប្រកួត ប្រជែងខ្ពស់៕ V / N