ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអង្ករ ចំនួន ២០០ គីឡូក្រាម មី១០កេស ត្រីខ៥យួរ ទឹកត្រីទឹកស៊ីអ៊ីវ ១០យួរ ទឹកសុទ្ធ៥កេស និង ៥យួរ ជែលលាងដៃ ៣៦ដប រួមនឹងថវិកាចំនួន ៨០ ម៉ឺនរៀល ដែលជាអំណោយ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ឧបត្ថម្ភដល់គណៈកម្មការទូក ” ទេពធីតា សែនជ័យ បារមីជំទាវទេព ”  ។

ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង បានចូលរួមឧបត្ថម្ភនូវថវិកាមួយចំនួន ដល់កីឡាករចំណុះទូក និងគណៈកម្មការ ដែលបានចូលរួម ក្នុងកម្មវិធីផងដែរ ។

គួរបញ្ជាក់ថា ទូក ” ទេពធីតា សែនជ័យ បារមីជំទាវទេព ” ជាប្រភេទទូកមួងបុរស ស្ថិតក្នុងវត្តទេពធីតារាម ហៅវត្តយាយទេព ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាទូក ក្រោមការគ្រប់គ្រង ដោយផ្ទាល់របស់ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មានប្រវែង ២៩,៧៣ ម៉ែត្រ និងមានចំណុះ ៤៦ នាក់ ត្រៀមចូលរួមពិធីប្រណាំងទូកនាមាត់ទន្លេ ផ្សារក្រោម ទល់មុខភ្នំនាងកង្រី ក្រុងកំពង់ឆ្នាំង នាពេលខាងមុខនេះ ៕ V / N