ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក Jagdeep Dhankha អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ន និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ឥណ្ឌា ជាពិសេស នៅលើ​វិស័យ​នយោបាយ សេដ្ឋកិច្ច អប់រំ និង​វប្បធម៌ នា​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ជាថ្មី​អំពី​ការគាំទ្រ​របស់​កម្ពុជា​ចំពោះ​ប្រទេស​ឥណ្ឌា​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ លោក Jagdeep Dhankha បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​របស់​រដ្ឋាភិបាល​ឥណ្ឌា​សម្រាប់​ការគាំទ្រ​នេះ​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ បានលើកឡើង​ផង​អំពី​ទំនាក់​ទំនងជា​មិត្តភាព​ដ៏​យូរលង់​រវាង​ប្រជាជាតិ​ទាំងពីរ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ឥណ្ឌា​គឺជា​ប្រទេស​ភ្ជាប់​ទំនាក់ទំនង​ការទូត​ទីមួយ​ដែល​បានទទួល​ស្គាល់​កម្ពុជា​ក្រោយ​ការរំដោះ​ប្រទេស ហើយ​និង​បាន​រំលឹក​ឡើងវិញ​អំពី​ដំណើរ ទស្សនកិច្ច​ជា​លើក​ទី​១​របស់​សម្តេច​ទៅកាន់​ប្រទេស​ឥណ្ឌា នៅ​ឆ្នាំ​១៩៨១ ដែលជា​ការបើក​ទំព័រ​ថ្មី​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​ឥណ្ឌា​។ លោក​អនុ​ប្រធានាធិបតី Jagdeep Dhankha បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​សម្តេច​តេ​ជោ ក្នុងការ​លើកកម្ពស់​ទំ​នង​ទំនង​ទ្វេភាគី​ទៅកាន់​កម្រិត​ខ្ពស់ ជាង​មុន​។​

​លោក​អនុ​ប្រធានាធិបតី Jagdeep Dhankha បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ថា​ប្រ​ទស​ឥណ្ឌា​កំពុង​រំពឹង​ដល់​ព្រះរាជដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំក្រោយ និង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌា​របស់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដើម្បី​រំឭក​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ឥណ្ឌា និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​ការពង្រឹង​ទំនាក់ទំនង ខណៈដែល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានកត់សម្គាល់​ដោយ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ការកើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​បាន​លើក ទឹកចិត្ត​ឱ្យ​ភាគី​ទាំងពីរ​ស្វែងរក​លទ្ធភាព​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​បន្ថែមទៀត​។

​សម្តេច​តេ​ជោ ក៏បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បោសសម្អាត​មីន​ផងដែរ ដើម្បី​ជួយ​កម្ពុជា​ឱ្យសម្រេចបាន នូវ​គោលដៅ​របស់ខ្លួន «​កម្ពុជា​គ្មាន​មីន ត្រឹម​ឆ្នាំ​២០២៥»​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ឥណ្ឌា​ដែល​បានផ្តល់​ជំនួយ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ការអភិរក្ស​ប្រាសាទ បុរាណ និង​ការអភិវឌ្ឍ​ធនធានទឹក​សម្រាប់​វិស័យ​កសិកម្ម ។​

​នៅក្រោយ​ជំនួប​ទ្វេភាគី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក​អនុ​ប្រធានាធិបតី Jagdeep Dhankha បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្លាស់ប្តូរ​ឯកសារ​ដែល​ចុះហត្ថលេខា​រួច​ចំនួន​បួន រួមមាន​៖
១. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា​ជូ​ដពរ (IIT Jodhpur) ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ឌី​ជី​ថ​លូ​ប​នី​យ កម្ម តំបន់​បេតិកភណ្ឌ​កម្ពុជា ។​
២. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិរក្ស​ជីវៈចម្រុះ ការគ្រប់គ្រង​សត្វព្រៃ​ដោយ​និរន្តរភាព និង​យុទ្ធសាស្ត្រ​ស្តារ​សត្វ​ខ្លាធំ និង​ទីជម្រក​របស់​វា រវាង ក្រសួងបរិស្ថាន​កម្ពុជា និង​ក្រសួងបរិស្ថាន ព្រៃឈើ និង​បម្រែបម្រួល​អាកាសធាតុ​ឥណ្ឌា​។​
៣. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សុខភាព និង​ឱសថ រវាង​ក្រសួងសុខាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល និង​សង្គមកិច្ច​គ្រួសារ​ឥណ្ឌា​។​
៤. កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ឥណ្ឌា លើ​ការជួសជុល និង​អភិរក្ស គំនូរ​វត្ត​រាជ​បូ​ណ៌ ខេត្តសៀមរាប​៕​