ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ រដ្ឋបាល​ខណ្ឌ​កំបូល​បានរៀបចំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​អំពី​ការដោះស្រាយ​សំណើ សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បានលើកឡើង​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០២២ នៅក្នុង​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​កន្ទោក សង្កាត់​ភ្លើង​ឆេះ​រទេះ និង​សង្កាត់​ប្រទះ​ឡាង ក្រោម​អធិបតីភាព​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល​។

​កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​អភិបាលរងខណ្ឌ តំណាង​អធិការដ្ឋាន​នគរបាល​ខណ្ឌ តំណាង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ លោក លោកស្រី​ប្រធានការិយាល័យ​ចំណុះ​សាលាខណ្ឌ តំណាង​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ពោធិ៍​សែន​ជ័យ តំណាង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ តំណាង​អគ្គិសនី​កម្ពុជា តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម MIZUDA លោក​ចៅសង្កាត់ លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល លោក​/​លោកស្រី​ប្រធានភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ នៃ​សង្កាត់​កន្ទោក សង្កាត់​ភ្លើង​ឆេះ​រទេះ និង​សង្កាត់​ប្រទះ​ឡាង សរុប ១០០​នាក់​។

​មន្ត្រី​សាលាខណ្ឌ​ឱ្យដឹងថា​៖​តាមរយៈ​កិច្ចប្រជុំ​នេះដែរ លោក​អភិបាលខណ្ឌ​កំបូល​បាន​ជម្រាប​ដល់​សង្កាត់​ទាំង​៣ អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាល​ខណ្ឌ និង​លទ្ធផល​នៃ​ការដោះស្រាយ​សំណើ សំណូមពរ​របស់​ប្រជាពលរដ្ឋ កន្លងមក ព្រមទាំង​ទទួលយក​នូវ​សំណើ សំណូមពរ​បន្ថែមទៀត ដើម្បី​រួមគ្នា​បន្ត​ដោះស្រាយ​៕​