​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វេទិកា​លុយ​អេឡិចត្រូនិក FTX បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១១​វិច្ឆិកា​ថា FTX រងគ្រោះ​ដោយ​វិបត្តិ​បាន​ក្ស័យធន​ហើយ​នៅ​សហរដ្ឋ​អាម៉េរិក​ហើយ​នាយក​ប្រតិ​​បត្តិ​របស់​ខ្លួន​គឺ​លោក សាម ប៊ែង​មែន​ហ្វ្រេត (Sam Bankman-Fried) បាន​លាលែង​ពី​តំណែង ដែល​នេះ​ជាការ​វាយ​សំពង​ចុងក្រោយ​បំផុត​នៅក្នុង​រឿងរ៉ាវ​ជុំវិញ​ទិដ្ឋភាព​រូបិយប័ណ្ណ​ឌីជីថល​។​

​ការ​ដាក់​ពាក្យ​ក្ស័យធន​នេះ​កើតឡើង​បន្ទាប់​ពី​វេទិកា​រូបិយប័ណ្ណ​អេឡិចត្រូនិក​ដ៏​ធំ​បំផុត​របស់​ពិភពលោក Binance បាន​យល់ព្រម​ទិញ​យក​គូ​ប្រជែង​របស់​ខ្លួន​កាលពីដើម​សប្តាហ៍​នេះ​ប៉ុន្តែ​បាន​​ដកថយ​វិញ ជាហេតុ​នាំ​ឱ្យ​តួអង្គ​ទីផ្សារ​ឈានមុខ​គេ​ជាច្រើន​ពិចារណា​ឱ្យ​មាន​ការឆ្លើយតប​ពី​និយតក​រ​។​

​ក្រុមហ៊ុន FTX Group បាន​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​ដាក់ពាក្យ​សម្រាប់​ដំណើរការ​ក្ស័យធន​ជំពូក ១១ ដោយ​បន្ថែម​ថា​ខ្លួន​បាន​ចាប់ផ្តើម​”​ដំណើរការ​តាម​​លំដាប់លំដោយ​ដើម្បី​ពិនិត្យ​មើល​និង​ទាញ​ប្រាក់កម្រៃ​ពី​ទ្រព្យសកម្ម​សម្រាប់​ជា​ប្រយោជន៍​ដល់​ភាគី​ពាក់ព័ន្ធ​ទូទាំង​ពិភពលោក​”​។​

​ជំពូក​១១​គឺជា​យន្តការ​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​រៀបចំ​រចនា​សម្ពន្ធ​បំណុល​របស់​ខ្លួន​ឡើងវិញ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ខណៈ​នៅតែ​អាច​បន្ត​ប្រតិបត្តិការ​បាន​ដដែល​។​

​ភាពវឹកវរ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​សប្តាហ៍​នេះ​នៅ​ក្រុមហ៊ុន FTX បានឃើញ​រូបិយប័ណ្ណ​អេឡិចត្រូនិក​សំខាន់ៗ រួមទាំង Bitcoin ធ្លាក់ចុះ​។​

​លោក​ប៊ែង​មែន​ហ្វ្រេ​ត​បាន​ចេញ​ការសុំទោស “​ដោយស្មោះ​” កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បន្ថែម​ថា FTX នឹងធ្វើ “​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​បង្កើន​សាច់ប្រាក់​ងាយស្រួល​”​។​

​ក្រុមហ៊ុន​ដែល​មាន​បញ្ហា​សាច់ប្រាក់​នេះ​បាន​បន្ថែម​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ខ្លួន​បាន​តែងតាំង​លោក ច​ន ជេ រ៉ា​យ (John J. Ray) ជា​នាយក​ប្រតិបត្តិ​ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ​។​

​លោក​រ៉ា​យ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​ការប្រកាស​ភ្លាមៗ​នៃ​ជំពូក​១១​គឺ​សមរម្យ​ដើម្បី​ផ្តល់​ឱ្យ​ក្រុមហ៊ុន FTX Group នូវ​ឱកាស​ដើម្បី​វាយតម្លៃ​ស្ថានភាព​របស់ខ្លួន​”​។​

“​ភាគី​ពាក់ព័ន្ធ​គួរតែ​យល់ថា ព្រឹត្តិការណ៍​បាន​ដំណើរការ​យ៉ាង​លឿន ហើយ​ក្រុម​ថ្មី​ទើបតែ​បាន​ចូលរួម​នា​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​”​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា “​បុគ្គលិក​នៃ​ក្រុមហ៊ុន FTX Group នៅក្នុង​ប្រទេស​ផ្សេងៗ​ត្រូវបាន​រំពឹងថា​នឹង​បន្ត​នៅ​ជាមួយ FTX Group និង​ជួយ​លោក​រ៉ា​យ​និង​អ្នកជំនាញ​ឯករាជ្យ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុងអំឡុង​កិច្ចដំណើរការ​ជំពូក​១១”៕

ក្រុមហ៊ុន FTX ដាក់ពាក្យ​ក្ស័យធន​កាលពី​ថ្ងៃ​សុក្រ​