ដោយៈប.ខុន/ ភ្នំពេញៈ ទំនប់បង្ហៀរ១មករាដែលទឹកហូរច្រោះបាក់ដាច់កាលពីយប់ថ្ងៃទី១២ខែវិច្ឆិកា នៅ ក្នុង ឃុំ បាល័ង្គ ស្រុកបារាយណ៍ ខេត្ត កំពង់ ធំ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមអញ្ជើញចុះពិនិត្យនិងចាត់វិធានការទប់វិញជាបន្ទាន់ដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងឱ្យបាន៤០លានម៉ែត្រគូបដូចដើម។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អមដំណើរដោយលោក ប៊ុន ហ៊ាន រដ្ឋលេខាធិការនិងជាប្រធានមុខព្រួញខេត្តកំពង់ធំ លោកព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ ខេត្តកំពង់ចាមនិងខេត្តព្រៃវែង អភិបាលស្រុកបារាយណ៍បានចុះធ្វើការអន្តរាគមន៍ជាបន្ទាន់ដើម្បីបិតភ្ជិតទំនប់ទំនប់បង្ហៀរ១មករា(អាងស្ទឹងជីនិត) ដែលទឹកហូរច្រោះបាក់ដាច់ប្រវែងប្រមាណ ៥០ម៉ែត្រ ជម្រៅប្រហែល ៤ម៉ែត្រ ស្ថិត នៅ ក្នុង ឃុំ បាល័ង្គ ស្រុកបារាយណ៍ ខេត្ត កំពង់ ធំ ឡើងវិញ។
នៅក្នុងឱកាសខាងលើ លោក លឹម គានហោ បានបញ្ជាឲ្យក្រុមការងារប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ច្រើនគ្រឿងធ្វើការជួសជុលទំនប់ឱ្យរួចក្នុងរយៈពេលបីថ្ងៃដើម្បីរក្សាទឹកទុកក្នុងអាងស្ទឹងជីនិត ឲ្យបានដូចដើមវិញក្នុងបរិមាណ៤០លានម៉ែត្រគូប។
សំណង់ខាងលើ នេះ ជាប្រភេទ សំណង់ចាស់តាំង ពី ជំនាន់ ប៉ុលពត ហើយ ត្រូវ បានជួសជុល និង កែលម្អសម្រាប់ ប្រើ ប្រាស់ ឡេីង វិញ នៅឆ្នាំ ២០០៤ មានប្រវែង ៧៥០ម៉ែត្រ ។ ដោយ ស្ថានភាព ទំនប់ មាន សភាព ចាស់ទ្រុឌទ្រោម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើការជួសជុលម្តងរួចមកហើយកាលពីរដូវប្រាំងឆ្នាំ ២០២០ លើផ្នែកតួទំនប់បង្ហៀរមួយកំណាត់ដើម្បីប្រើប្រាស់បណ្តោះអាសន្នជាបណ្តើរៗដោយ រងចាំការ ធ្វើ ទំនើបកម្ម លើ ប្រព័ន្ធ ធារាសាស្ត្រ ស្ទឹង ជីនិត ដែល កំពុង ស្ថិត នៅ ក្នុង តំណាក់កាល ដេញ ថ្លៃ និង ឈាន ទៅ អនុវត្ត ក្នុង ពេល ឆាប់ៗ ខាង មុខ នេះ ក្រោម ហិរញ្ញ ប្បទាន ពី IAIP-ADB។ ការហូរ ច្រោះ បាក់ដាច់ទំនប់នេះ ពុំរងផលប៉ះពាល់ដល់ផ្ទះសម្បែង អាយុជីវិតប្រជាពលរដ្ឋនិងសត្វពាហនៈទេ តែបានបណ្តាលឲ្យទឹកស្រកនៅសល់កម្ពស់ធម្មតាស្មើមាត់ស្ទឹង៕/PC