ដោយៈសុផល/ភ្នំពេញ៖ សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប(S.T.C)ទទួលបានការអនុញ្ញាតពីគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ដើម្បីប្រើប្រាស់ ជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដើម្បីបណ្តុះបណ្តាលអ្នកជំនាញថ្មីនៅខេត្តសៀមរាប។

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប គ្រោងនឹងជ្រើសរើសយុវជន/យុវនារីថ្មីចំនួន ៣០០នាក់ មកពីក្រុមគ្រួសារទីទាល់ក្រ និងចំណាកស្រុកដើម្បីចូលសិក្សា បដិសណ្ឋារកិច្ចលើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និង ភេសជ្ជ: ជំនាញក្រឡុកស្រា និងជំនាញគេហកិច្ច ដែលកម្មវិធីនឹងចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២២ រហូត ខែសីហា ឆ្នាំ២០២៣។

យុវជន/យុវនារីមកពីបណ្តាស្រុកចំនួនប្រាំរួមមាន៖ ស្រុកជីក្រែង ស្រុកក្រឡាញ់ ស្រុកបាគង ស្រុកអង្គរជុំ និងស្រុកវារិននៃខេត្តសៀមរាបនឹងទទួលបានឱកាស សិក្សាជំនាញ បដិសណ្ឋារកិច្ច ហូកា ពេញម៉ោង រយៈពេល ៦ខែ ដោយសិក្សាទាំងទ្រឹស្តី ការអនុវត្តនិងចុះហ្វឹកហាត់ផ្ទាល់តាមមូលដ្ឋានអាជីវកម្មនានាក្នុង ខេត្ត សៀមរាប។ សិក្ខាកាមគ្រប់រូបទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ១៥០ដុល្លា ក្នុង១ខែ អាហារសម្រន់ពីរ សម្ភារៈសិក្សា ឯកសណ្ឋានការប្រឹក្សាការងារនិងជួយស្វែង រកការងារ បន្ទាប់ពីបញ្ចប់វគ្គសិក្សា។

ការចូលរួមរបស់សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (S.T.C) នឹងក្លាយជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាពពង្រឹងសមត្ថភាពក្នុងការបំពេញ ការងារប្រកប ដោយវិជ្ជាជីវៈខ្ពស់ និងជួយកាត់បន្ថយក្នុងការធ្វើចំណាកស្រុក តាមរយៈការចាប់យកអាជីពបដិសណ្ឋារកិច្ចដែលទទួលបានប្រាក់បៀរវត្តន៍សមរម្យនិងបន្តអភិវឌ្ឍ ជំនាញបន្ថែមរបស់ខ្លូនដើម្បីទទួលបានឧត្តមភាពការងារក្នុងពេលខាងមុខ៕/PC