​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​យូ​ន ស៊ុក​យ៉ូល​កាលពី​ថ្ងៃសៅរ៍​បានស្នើ​បង្កើត​យន្តកា​រមួយ​សំរាប់​ការចរចា​ត្រីភាគី​ជាមួយ​ចិន​និង​ជប៉ុន រួម​មាន​ជំនួប​កំពូល​មួយ​​ផង​ដើម្បី​ពិភាក្សា​បញ្ហា​ជាច្រើន​ដូច​ជា​សន្តិសុខ​និង​ការប្រែប្រួល​អាកាសធាតុ​។​

​នៅ​ជំនួប​កំពូល​អាស៊ាន បូក​ចិន ជប៉ុន​និង​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​១២​វិច្ឆិកា លោក​យូ​ន​បាន​ទទូច​សុំ​អោយ​មាន​កិច្ច​ខិតខំ​រួមគ្នា​ខ្លាំង​ឡើង​ដើម្បី​ជម្នះ​វិបត្តិ​ចាក់ស្រេះ​នាពេល​អនាគត ដូចជា​បញ្ហា​កើត​​ចេញពី​សង្គ្រាម​និង​ការរំលោភ​សិទ្ធិមនុស្ស ព្រមទាំង​ហានិភ័យ​នៃ​សន្តិសុខ​ស្បៀង​និង​ថាមពល​ដែល​កើតចេញ​ពី​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​យូ​ន​ក៏បាន​និយាយថា​ការ​បង្ករឿង​ពី​កូរ៉េខាងជើង​ជា​បន្តបន្ទាប់​និង​ការខិតខំ​ជំរុញ​សមត្ថភាព​កាំជ្រួច​និង​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ជាការ​គំរាម​ធ្ងន់ធ្ងរ​មួយ​ចំពោះ​សហគមន៍​អន្តរជាតិ​។​លោក​​បានបញ្ជាក់​ថា បើសិនជា​កូរ៉េខាងជើង​បាញ់​បង្ហោះ​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​មួយទៀត និង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ នោះ​សហគមន៍​អន្តរជាតិ​គួរ​ឆ្លើយតប​ជាមួយ​នឹង​សម្លេង​តែ​មួយ ។​

​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​បន្ថែមថា ក្នុងពេល​ជាមួយគ្នា កូរ៉េខាងត្បូង​ក៏ស្វះស្វែង​សុំផ្តល់ការគាំទ្រ​ផ្នែក​សេដ្ឋកិច្ច បើសិនជា​កូរ៉េខាងជើង​សំរេច​រំសាយ​ចោល​នុយក្លេអ៊ែ​រ​។​

​ការិយាល័យ​បាន​និយាយថា ក្រុម​មេដឹកនាំ​អាស៊ាន​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​បំពាន​បទដ្ឋាន​អន្តរជាតិ​និង​អង្គការសហប្រជាជាតិ ។​ក្រុម​មេដឹកនាំ​ក្នុង​ជំ​​នួប​កំពូល​នា​ទីក្រុង​ភ្នំពេញ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បញ្ឈប់​ការ​គំរាម​សន្តិភាព​តំបន់​ហើយ​ឆ្លើយ​តប​ចំពោះ​ការអំពាវនាវ​អោយ​វិល​ទៅរក​ការចរចា​ស្តី​ពី​ការរំសាយ​ចោល​នុយក្លេអ៊ែរ​លើឧបទ្វីបកូរ៉េ៕

​ក្នុងជំនួប​កំពូល​អាស៊ាន បូក​ចិន ជប៉ុន​និង​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​១២​វិច្ឆិកា ប្រធានាធិបតី យូ​ន ស៊ុក​យ៉ូល សុំ​បង្កើត​យន្តការ​ត្រីភាគី​មួយ​ជាមួយ​ចិន​និង​ជប៉ុន​ដើម្បី​ដោះស្រាយ​បញ្ហា​ចាប់​ពី​សន្តិសុខរហូតដល់​ការប្រែប្រួល​អាកាសធាតុ