ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro)ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានឹងចុះហត្ថលេខាលើលិខិតប្ដូរសារនិងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនក្នុងទឹកប្រាក់ប្រមាណ៧,៣៩៨ លានយ៉េនស្មើប្រមាណ៥១,៣ លានដុល្លារអាមេរិក នៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ ២០២២ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ ។

 

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក គឺស៊ីដា ហ្វ៊ូមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro)ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានឹងចុះហត្ថលេខាលើលិខិតប្ដូរសារនិងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញ ប្បទានឥតសំណងរបស់ជប៉ុននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។

ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារនិងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនរួមមាន៖

១.«គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា»ដែលមានទឹកប្រាក់ចំនួន ២.៤៥១ លានយ៉េន(ប្រមាណ ១៧ លានដុល្លារអាមេរិក) ។
២. «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម»ដែលមានទឹកប្រាក់ចំនួន ១.១៥០លានយ៉េន (ប្រមាណ ៨ លានដុល្លារអាមេរិក)។
៣.«គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ »ដែលមានទឹកប្រាក់ចំនួន ៤៣៦ លានយ៉េន (ប្រមាណ ៣ លានដុល្លារអាមេរិក) ។
៤.«គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក»ដែលមានទឹកប្រាក់ចំនួន ៣.៣៦១ លានយ័ន (ប្រមាណ ២៣លាន ៣សែន ដុល្លារអាមេរិក)។

ក្នុងពេលជាមួយគ្នានោះដែរលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏នឹងចុះហត្ថលេខាលើឯកសារដូចខាងក្រោមជាមួយភាគីជប៉ុន៖ .កិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងចំនួន ៣ ខាងលើដែលអនុវត្តដោយ JICAជាមួយលោកស្រី កាមេ ហារូកូ (KAMEI_Haruko) ប្រធានតំណាងការិ យាល័យទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំកម្ពុជានិង អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រុមហ៊ុន Toyota Tsusho Corporation ជាមួយលោក តូហ្ស៊ីមីតស៊ូ អ៊ីម៉ៃ (Toshimitsu Imal )អគ្គនាយករងប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation ។

ហិរញ្ញប្បទានឥតសំណងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះនឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពនឿ នការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមកម្ពុជាព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់និងចំណងមិត្តភាពជា ប្រពៃណីរវាងប្រ ទេសទាំងពីរ ៕