ដោយ៖តារារិទ្ធ (ភ្នំពេញ)នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំអាស៊ាន-ជប៉ុន បានបើកកិច្ចប្រជុំអាស៊ាន-ជប៉ុន លើកទី២៥ (25th ASEAN – Japan Summit)នៅសណ្ឋាគារសុខាភ្នំពេញ ។កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន២រូបគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានិងជាប្រធានអាស៊ានប្តូរវេននិងលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថាភាពជាដៃគូនៃទំនាក់ទំនងចេញពីបេះដូងរវាងអាស៊ាននិងជប៉ុនបានមកនូវជោគជ័យយ៉ាងធំ ធេងលើគ្រប់វិស័យដែលចូល រួមចំណែកលើកកំពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៃតំបន់ទាំងពីរ ។ សម្តេចតេជោវាយតម្លៃខ្ពស់ចំពោះការអនុវត្តជាក់ស្តែងក្នុងការអនុវត្តចក្ខុវិស័យស្តីពីមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការអាស៊ានជប៉ុន «ចក្ខុវិស័យមួយអត្តសញ្ញាណមួយ» ។ ជាមួយនឹងទំនាក់ទំនងប្រកប ដោយភាពរឹងមាំរបស់អាស៊ាននិងជប៉ុនយើងនឹងបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៅ ឆ្នាំក្រោយជាមួយនឹងកិច្ចប្រជុំកំពូលរំលឹកខួប៥០ឆ្នាំ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថាថ្ងៃនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់អាស៊ាននិងជប៉ុនដើម្បីផ្លាស់ប្តូរទស្សនគ្នាជុំវិញបញ្ហាទ្វេភាគីបញ្ហាតំបន់និងសាកលលោក។ជប៉ុននឹងបន្តការគាំទ្រដល់អាស៊ានដល់កិច្ចខិតខំប្រឹងប្រែងឡើងវិញក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយវិបត្តិកូវីដ ១៩ និងចូលរួមចំណែកគាំទ្រដល់ការជំរុញសេដ្ឋកិច្ចតំបន់ដោយផ្តល់កម្ចីប្រមាណ ២៩៥ ពាន់លានយ៉េន។

ប្រទេសជប៉ុនបានចូលជាសមាជិកលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)នៅខែកក្កដាឆ្នាំ២០០៤ ហើយក៏បានក្លាយជាដៃគូសន្ទនាដោយតែងតាំង អគ្គរដ្ឋទូតប្រចាំអាស៊ានរបស់ខ្លួននៅលេខាធិការដ្ឋានអាស៊ានឯទីក្រុងហ្សារកាតា ។ បើយោងតាមទិន្នន័យអាស៊ានសម្រាប់ឆ្នាំ ២០២១ បានឲ្យដឹងថាពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុន បានឈានដល់ជាង២៤០ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុនក្នុងឆ្នាំ២០២១ មានចំនួន១២ពាន់លានដុល្លារអាមេរិកឬកើនឡើង ៣.៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដែលនេះធ្វើឲ្យប្រទេសជប៉ុនជាដៃគូពាណិជ្ជកម្មលំដាប់ទី៣របស់អាស៊ានក្នុងចំណោមដៃគូសន្ទ នារបស់អាស៊ានក្នុងឆ្នាំ២០២១ដូចគ្នា ។

សូមបញ្ជាក់ថាអាស៊ាននិងជប៉ុនបានបង្កើតទំនាក់ទំនងសន្ទនាក្រៅផ្លូវការលើកដំបូងនៅក្នុងឆ្នាំ ១៩៧៣ ក្រោយមកត្រូវបានបង្កើតឱ្យក្លាយជាផ្លូវការនៅខេមីនា ឆ្នាំ១៩៧៧ដោយ មានការកោះប្រជុំជាវេទិកាអាស៊ាន-ជប៉ុន ៕