ដោយៈសុផល/ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មីៗនេះបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក អាកខុម ថេមភីតាយ៉ាប៉ៃស៊ិត ( Arkhom Termpittayapaisith) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់តួនាទីវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅតា ខ្សែបន្ទាត់ ព្រំដែន និងច្រកទ្វារ ព្រំដែនទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យមួយនេះឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីសកម្មភាពការងារសំខាន់ៗជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រថៃនៅតាមព្រំដែន ក្នុងនោះរួមមាន៖ ១) គម្រោងរៀបចំច្រកទ្វារ អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនសាងសង់សម្រេចបានជិត ៧០%ហើយ គិតត្រឹមថ្ងៃទី៣១ តុលា ឆ្នាំ២០២២ និងកំពុងជំរុញការងារបន្ត ២) គម្រោងសាងសង់ស្ពាន ឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់-បានណងអៀនត្រូវបានបញ្ចប់ការ សាងសង់រួចរាល់ ប៉ុន្តែមិនទាន់មានការឯកភាពគ្នាលើការយកកម្រៃសេវាពីអ្នកប្រើប្រាស់ស្ពាននៅឡើយ។ ទាក់ទងនឹងបញ្ហានេះដែរ ភាគីថៃនឹងស្នើសុំការឯកភាពពី ថ្នាក់ដឹកនាំរបស់ខ្លួនដើម្បីពិនិត្យលើសំណើរបស់ភាគីកម្ពុជា ដែលមិនតម្រូវឱ្យយក កម្រៃសេវាពីអ្នកប្រើប្រាស់ស្ពាន សាងសង់ឡើងក្រោមជំនួយឥតសំណងនោះឡើយ ៣) គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ច្រកស្ពានជ័យជំនះ) ស្ថិតក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្នការសិក្សាគំនូសប្លង់នៃអគារឆ្លងកាត់ព្រំដែនអន្តរជាតិ នេះ ត្រូវបានបញ្ចប់រួចរាល់ និងកំពុងពិនិត្យស្វែងរកលទ្ធភាពក្នុង ការស្ថាបនា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានបង្ហាញទស្សនៈ យល់ស្របចំពោះលោកទេសរដ្ឋមន្ត្រីដែលបានលើកឡើងខាងលើ និងបានបញ្ជាក់ថា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសជិតខាង ជាក់ស្តែងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃនេះស្រាប់។ លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ ទោះបីជាស្ថិតក្នុងបរិបទដែលមានជំងឺកូវីដ-១៩រាតត្បាត ក៏ដោយ វិស័យដឹកជញ្ចូន ទំនិញរវាងប្រទេសទាំងពីរ ក៏មិនបានទទួលរងការប៉ះពាល់ខ្លាំងនោះទេ ដោយសារមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព និងប្រសិទ្ធភាពការងារខ្ពស់។

ភាគីទាំងពីរបានបង្ហាញសុឆន្ទៈក្នុងការជំរុញគម្រោងនានា ដែលបានលើកយកមកពិភាក្សាខាងលើឱ្យសម្រេចបានលទ្ធផលលេចចេញជារូបរាងនាពេលខាងមុខឆាប់ៗ និងបានប្តេជ្ញា ខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕