ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅល្ងាចថ្ងៃទី១២វិច្ឆិកានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាទ្វេភាគីជាមួយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ។

ក្នុងជំនួបកំពូលទ្វេភាគីនោះបើតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោប្រាប់អ្នកសារព័ត៌មានថា៖លោក ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ។លោក ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោថាសហគមន៍អាស៊ានគឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិកជាពិសេសចំពោះរដ្ឋបាលរបស់លោកផ្ទាល់តែម្ដងហើយសហរដ្ឋអាមេរិកគាំទ្រឯកភាពនិងមិត្តភាពអាស៊ាន ។

លោក ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ាដើម្បីឲ្យវិលត្រឡប់មកស្ថាន ភាពដើមវិញ។ជា

ការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណលោក ចូ បៃដិន ដែលបានធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញដែលនេះសបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់របស់ សហរដ្ឋអាមេរិកចំពោះអាស៊ាន។

សម្ដេចតេជោឆ្លៀតក្នុងឱកាសនោះដែរបានជម្រាបជូនលោក ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើការជួយអ៊ុយក្រែនក្នុងការដោះមីននិងប្រឆាំងការប្រើប្រាស់ពាក្យ សំដីគំរាមកំហែងការប្រើប្រាស់នុយក្លេអ៊ែរ ។ ក្នុងឱកាសនេះដែរសម្ដេចតេជោក៏បានថ្លែងអំណរគុណសហរដ្ឋអាមេរិកដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ សហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ ៕