ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងក្រសួងបរិស្ថានព្រៃឈើ និងប្រែប្រួលអាកាសធាតុឥណ្ឌា តំណាងដោយ ឯកអគ្គ រដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ត្រូវបានចុះហត្ថលេខា លើអនុស្សរណៈនៃ ការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃ ដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វា រវាងក្រសួងបរិស្ថានកម្ពុជា។

ពិធីនេះ បានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកអនុប្រធានាធិបតីឥណ្ឌា Jagdeep Dhankha នៅរាជធានីភ្នំពេញ។

ផ្នែកលើកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់ប្រជាជនកម្ពុជា ទើបកម្ពុជា មានឱកាសយកត្រឡប់មកវិញ នូវប្រភេទសត្វកម្រ នៅលើទឹកដីកម្ពុជា ជាពិសេសប្រភេទសត្វខ្លាធំ។

គួរបញ្ជាក់ថា កម្ពុជាបានចូលរួមក្នុងវេទិកាអន្តរជាតិ កាលពីឆ្នាំ២០១០ ស្តីពីការអភិរក្ស និងបង្កើនចំនួនសត្វខ្លាធំ នៅក្នុងព្រៃ ឱ្យបានចំនួនទ្វេដង នៅឆ្នាំ២០២២ និងបានរៀបចំផែនការសកម្មភាពរបស់ខ្លួន ស្ដីពីសត្វខ្លាធំ (ឆ្នាំ២០១៥-២០២៤)។ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រកម្មវិធីស្តារសត្វខ្លាធំ ហើយការគាំទ្រផ្នែកនយោបាយ លើកម្មវិធីនេះ បានធ្វើឱ្យកម្ពុជា ជាប្រទេសទីមួយ នៅតំបន់អាស៊ាន ធ្វើការនាំយកសត្វខ្លាធំ ចូលព្រៃធម្មជាតិវិញ។

បណ្តាប្រទេសនៅលើពិភពលោក ដែលមានសត្វខ្លាធំ ជាពិសេសប្រទេសឥណ្ឌា ជាប្រទេសមានចំនួនសត្វខ្លាធំ ច្រើនជាងគេបំផុត បានគាំទ្រកម្ពុជា ក្នុងការអនុវត្ត កម្មវិធីស្តារសត្វខ្លាធំឡើងវិញ។

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុ នៃសាធារណរដ្ឋឥណ្ឌា ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃ ដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វា ដែលអនុវត្ត ជំហានដំបូង នៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មក អនុវត្តនៅតំបន់អភិរក្សកែវសីម៉ា។

ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃការបង្កើនទំនាក់ទំនង និងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា-ឥណ្ឌា ជាពិសេសរវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រ កម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុ នៃសាធារណរដ្ឋ ឥណ្ឌា ក្នុងវិស័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ ទៅលើបញ្ហាដូចខាងក្រោម៖
ក) ជំរុញការអភិរក្សជីវៈចម្រុះដោយផ្តោតលើការអភិរក្ស និងស្តារសត្វខ្លាធំ នៅប្រទេសកម្ពុជា ជាពិសេសនៅតំបន់ទេសភាពសំខាន់ៗ រួមមានជួរភ្នំក្រវាញ និងខ្ពង់រាបភាគខាងកើតកុំឱ្យផុតពូជពីកម្ពុជា។
ខ) ផ្តល់ពូជសត្វខ្លាធំពីប្រទេសឥណ្ឌា និងជំរុញកិច្ចសហប្រតិបត្តិការ ការពារ សត្វខ្លាធំ ឱ្យរស់នៅក្នុងព្រៃធម្មជាតិ បានជោគជ័យ។ ចែករំលែក និងផ្លាស់ប្តូរ ជំនាញ និងសមត្ថភាព ក្នុងគោលដៅ ជំរុញការអភិរក្សសត្វខ្លាធំ នៅក្នុងប្រទេសទាំងពីរ។
គ) ជំរុញការអភិរក្សសត្វព្រៃដោយចែករំលែកបទពិសោធន៍ល្អៗ នៃការអនុវត្ត បច្ចេកវិទ្យា ការរកចំណូលចិញ្ចឹមជីវិតសម្រាប់សហគមន៍ រស់នៅក្នុងដែនជម្រក សត្វព្រៃ និងការគ្រប់គ្រងជីវៈចម្រុះប្រកបដោយនិរន្តរភាព។

ប្រទេសទាំងពីរ នឹងគាំទ្រឱ្យមានការវិវឌ្ឍន៍ទៅមុខ នៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការនេះ និងគោរពទស្សនៈគា្ន ទៅវិញទៅមក៕ V / N