ដោយៈ សុក្ខារិន / ពោធិសាត់ៈ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ស៊ុយ សែម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងក្រុមការងារ បានបើកការដ្ឋានជុសជុលផ្លូវក្រាលក្រួសក្រហម មួយខ្សែ ប្រវែង ១១.៤០០ ម៉ែត្រ បែកចេញពីផ្លូវជាតិលេខ៥ ត្រង់ភូមិស្វាយដូនកែវ១ ឆ្ពោះទៅកាន់ភូមិច្រប់ ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ដែលរងការខូចខាត ដោយគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ ។និងមានប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ចូលរួមផងដែរ ។

លោក ឌឹម គឹមហ៊ាត ប្រធានក្រុមប្រឹក្សាឃុំស្វាយដូនកែវ បានឲ្យដឹងថាៈ ផ្លូវនេះ ជាផ្លូវលំដីស តាំងពីមុនមក ប៉ុន្តែពុំដែលបានលើកឲ្យខ្ពស់នោះទេ នៅឆ្នាំ១៩៩៧ ផ្លូវនេះ បានជុសជុល ដោយអង្គការស្បៀងអាហារពិភពលោក និងអង្គការខុនសឺន ដោយមានអង្គការអ៊ីយូអាសាក់ បានជួយសាងសង់ស្ពាន ឆ្នាំ២០១៥ បានកសាង ជាផ្លូវក្រួសក្រហម ដោយរាជរដ្ឋាភិបាល តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានប្រវែង ១០.៣០០ ម៉ែត្រ ហើយនៅឆ្នាំ២០១៩ លោក ស៊ុយ សែម និងលោកស្រី ព្រមទាំងក្រុមការងារ បានជួយជួសជុលស្ពាន ចំនួន ៦ កន្លែង ប្រវែងសរុប ៧២ ម៉ែត្រ ដែលចាស់ទ្រុឌទ្រោម តែងតែបង្កគ្រោះថ្នាក់ដល់ អ្នកធ្វើដំណើរ ជាញឹកញាប់ ហើយនៅឆ្នាំ២០២២នេះ ផ្លូវនេះ បានខូចខាត ដោយសារទឹកជំនន់ ។

ដោយមានការស្នើសុំពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ លោក ស៊ុយ សែម និងក្រុមការងារ ក៍បានជួយជួសជុលសារជាថ្មីម្ដងទៀត ដែលធ្វើពិធីបើកការដ្ឋាន សាងសង់ផ្លូវនេះឡើងវិញ នៅថ្ងៃនេះ តែម្តង។

លោក ស៊ុយ សែម បានពាំនាំមកនូវការនឹករលឹកពី សំណាក់សម្ដេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសពេលដែលបងប្អូនជួបគ្រោះមហន្តរាយ ផ្សេងៗ ជាក់ស្ដែង គ្រោះទឹកជំនន់ នាពេលថ្មីៗនេះ សម្ដេចបានចុះគ្រប់ខេត្ត ដែលមានការលិចលង់ ដើម្បីចែកស្បៀងអាហាសង្គ្រោះបន្ទាន់ រួមនឹងចែកស្រូវពូជ សម្រាប់ស្ដារឡើងវិញ នៅពេលជំងឺកូវីដ ១៩ កើតឡើង សម្ដេចបានស្វែងរក វ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើងគ្រប់ៗគ្នា។

លោក ស៊ុយ សែម បានមានប្រសាសន៍ថាៈ ការបើកការដ្ឋានជុសជុលផ្លូវក្រួស ក្រហម ប្រវែង ១១.៤០០ ម៉ែត្រ ក្នុងឃុំស្វាយដូនកែវ ថ្ងៃនេះ ដើម្បីបំពេញតាម សេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក ឱ្យបានងាយ ស្រួល ក្នុងជីវភាពប្រចាំថ្ងៃ។

លោករដ្ឋមន្ត្រី សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះតាមដងផ្លូវ ត្រូវមានការ យោគយល់ ចំពោះការប៉ះពាល់បន្តិចបន្តួច និងចូលរួមឲ្យបានសកម្ម ដើម្បីបង្ក លក្ខណៈងាយស្រួល ដល់ក្រុមការងារជុសជុលផ្លូវ ឱ្យបានដំណើរការ ទៅបានដោយរលូន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បោះ ឆ្នោតហើយ សូមនាំគ្នាទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតសារជាថ្មី រីឯអ្នកមិនទាន់ បានចុះឈ្មោះ សូមនាំគ្នាទៅចុះឈ្មោះ នៅតាមឃុំសង្កាត់រៀងៗខ្លួន ដើម្បីមានសិទ្ធិ ចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕ V / N