ដោយ: សុផល / ភ្នំពេញ: នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមាន ព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា ចក្រកម្ពុជា បានទទួលជួបសវនាការ ជាមួយលោក JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋ ឥណ្ឌា ក្នុងឱកាសដែលលោកអនុប្រធានាធិបតី ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៩ នៅរាជធានីភ្នំពេញ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា មានសេចក្តី សោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកអនុប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៩ តបតាមការអញ្ជើញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា របស់លោក និងគណៈប្រតិភូ បានឆ្លុះបញ្ចាំង ពីការគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាន និងទំនាក់ទំនង ដ៏ជិតស្និទ្ធនៃភាពជាដៃគូ អាស៊ាន-ឥណ្ឌា ព្រមទាំងរួមចំណែកពង្រឹងពង្រីក ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជន និងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោក JAGDEEP DHANKHAR បានសម្តែងនូវ សេចក្តីរីករាយ ដែលបានមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជន និងប្រទេសទាំងពីរ បានឆ្លុះបញ្ចាំង អំពីវប្បធម៌ អរិយធម៌រួមគ្នា ដែលមានតាំងពីយូរលង់ ណាស់មកហើយ។ លោកបានរំលឹកថា ប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូត ជាមួយគ្នា តាំងពីឆ្នាំ១៩៥២ មក។
ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង ពង្រីក ជាបន្តបន្ទាប់។ ជាងនេះទៅទៀត ប្រទេសទាំងពីរ បានប្រារព្ធខួប អនុស្សាវរីយ៍ លើកទី៧០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឥណ្ឌា និងខួបអនុស្សាវរីយ៍​លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ឥណ្ឌា។

លោកអនុប្រធានាធិបតី បានគូសបញ្ជាក់ថាៈ ក្នុងបរិបទនៃគោលនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត របស់ប្រទេសឥណ្ឌា អាស៊ាន បានដើរតួនាទី យ៉ាងសំខាន់ ជាពិសេសប្រទេសកម្ពុជា។ ប្រទេសឥណ្ឌា បានខិតខំប្តេជ្ញាចិត្ត ធ្វើយ៉ាងណា​អនុវត្តន៍ និងផ្សារភ្ជាប់នូវគោលនយោបាយធ្វើសកម្មភាព ឆ្ពោះទៅ ទិសខាងកើតនេះ ជាពិសេស តាមរយៈគំនិតផ្តួចផ្តើមនានា ដើម្បីរួមចំណែក ក្នុងកិច្ចសហប្រតិបត្តិការ អាស៊ាន-ឥណ្ឌា និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គារ។

លោកអនុប្រធានាធិបតី បានសម្តែងនូវការអបអរសាទរ ចំពោះប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០,៤១ កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា ដែលបានបញ្ចប់ទៅ ដោយជោគជ័យ។
ជាមួយគ្នានេះ លោកបានជម្រាបជូន សម្តេចប្រធានព្រឹទ្ធសភា ជ្រាបថា នាពេលខាងមុខនេះ លោកអនុប្រធានរដ្ឋសភាឥណ្ឌា នឹងដឹកនាំគណៈប្រតិភូ មកចូលរួមមហាសន្និបាតអន្តរសភា AIPA លើកទី៤៣ នៅប្រទេសកម្ពុជា។

លោកអនុប្រធានាធិបតី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការដ៏ល្អប្រពៃ រវាងសភានៃប្រទេសទាំងពីរ និងក្រុមមិត្តភាពទ្វេភាគី នៃសភាប្រទេសទាំងពីរ។ ឆ្លៀតឱកាសនោះដែរ លោកបានគោរពអញ្ជើញ សម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋឥណ្ឌា ក្នុងពេលវេលាសមស្របណាមួយ។

សម្តេចប្រធានព្រឹទ្ធសភា បានរំលឹកអំពី ទំនាក់ទំនងមិត្តភាព ជាប្រពៃណី រវាងប្រទេសទាំងពីរ ដែលមាន តាំងពីយូរលង់ណាស់មកហើយ ដែលបានបង្ហាញ ច្បាស់ តាមរចនាបទនៃប្រាង្គប្រាសាទនានា នៅកម្ពុជា។
ចាប់តាំងពីប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូត តាំងពីឆ្នាំ១៩៥២ មក ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង ពង្រីកជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំ ជាន់ខ្ពស់ ក្រសួងស្ថាប័ននានា និងការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ព្រមទាំងទំនាក់ទំនង ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដែលមិនគ្រាន់តែនាំមកនូវវឌ្ឍនភាព វិបុលភាពដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ តែប៉ុណ្ណោះទេ គឺនូវបានរួមចំណែកយ៉ាងសំខាន់ ដល់ការថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍន៍ នៅក្នុងតំបន់ និងអន្តរជាតិ ផងដែរ។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថាៈ និមិត្តរូបនៃចំណងមិត្តភាពកម្ពុជា ឥណ្ឌា ដែលប្រជាជនកម្ពុជា ចងចាំជានិច្ចនោះ គឺនៅភ្នំពេញ មានដាក់តាំងរូបសំណាក លោក មហាត្មិះ គន្ធី មហាវិថីប្រសិទ្ធិនាមលោក ហ្សាវ៉ាហារឡាល នេហ៍រុ និងដើមពោធិ៍ព្រឹក្ស ដែលនាំមកពីប្រទេសឥណ្ឌា ត្រូវបានប្រជាជន នាំយកទៅដាំដុះ នៅតាមបណ្ដាខេត្ត​ទូទាំងកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋ ឥណ្ឌា ដែលបានគាំទ្របុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់កម្ពុជា តាំងពីឆ្នាំ ១៩៨១ ក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុងជួបការលំបាកបំផុត ក្រោយពីបាន រំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាន៍ និងត្រូវបានគេហ៊ុមព័ទ្ធ ទាំងខាង នយោបាយ និងទាំងខាងសេដ្ឋកិច្ច។ ជាមួយគ្នានេះ សម្តេច ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយសប្បុរសធម៌ នូវវ៉ាក់សាំងប្រភេទ កូវីសែ្យលចំនួន ៣២៥.០០០ ដូស ក្រោមគំនិតផ្តួចផ្តើមចតុភាគី (QUAD)។

សម្តេចប្រធានព្រឹទ្ធសភា បានធ្វើការកត់សម្គាល់ ដោយសេចក្តីពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ អាស៊ាន-ឥណ្ឌា និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គារ មានវឌ្ឍនភាពដ៏ល្អប្រសើរ។ ក្នុងនោះ ឥណ្ឌា ជួយទ្រទ្រង់គម្រោងទទួលផល ឆាប់រហ័ស (QIP) និងកិច្ចសហប្រតិបត្តិការឥណ្ឌា-CLMV។
ចាប់តាំងពីឆ្នាំ២០១៥-២០២២ កម្ពុជាទទួលបានគម្រោងលើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអភិវឌ្ឍជនបទ អប់រំ ការលើកកម្ពស់ស្រ្តី និងវប្បធម៌ ចំនួន ៤៦ គម្រោង ក្នុងនោះ ២១ គម្រោងបានបញ្ចប់ និង ២៥ គម្រោងទៀត បាននឹងកំពុងអនុវត្ត។

ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនលោក អនុប្រធានាធិបតី ជ្រាបអំពី មុខងារស្នូលរបស់ព្រឹទ្ធសភាកម្ពុជា មានចំនួនបី គឺ ទី១ មុខងារនីតិកម្ម ទី២មុខងារតំណាង និងទី៣មុខងារតាមដាន ការអនុវត្តច្បាប់។ ឈរលើមុខងារស្នូលទាំងបីនេះ ព្រឹទ្ធសភាបានបំពេញភារកិច្ចរបស់ខ្លួន បម្រើឧត្តម ប្រយោជន៍ជាតិ ការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជំរុញនិងលើក កម្ពស់គោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ ធានាស្ថិរភាពនយោ បាយ សន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយវឌ្ឍនភាព។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងសភាឥណ្ឌា ដែលបានជួយ និងបន្តជួយអភិវឌ្ឍធនធានមនុស្សរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា តាមរយៈទៅធ្វើកម្មសិក្សា នៅប្រទេសឥណ្ឌា និងការបញ្ជូនអ្នកជំនាញការឥណ្ឌា មកបណ្តុះបណ្តាលផ្ទាល់នៅកម្ពុជា។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងពីរ បានឯកភាពបន្តអនុស្សរណៈយោគយល់ គ្នាហើយ បច្ចុប្បន្ននេះ កំពុងរង់ចាំពេលវេលាសមស្រប ដើម្បីចុះហត្ថលេខា។

ជាទិសដៅខាងមុខ សម្តេចប្រធានព្រឹទ្ធសភា បានស្នើដល់ព្រឹទ្ធសភាឥណ្ឌា ពិចារណាលើចំនួន ៣ ចំណុច រួមមាន៖
១-ព្រឹទ្ធសភាទាំងពីរជំរុញការបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិត ឱ្យបានញឹកញាប់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើវិស័យនៃគណៈកម្មការជំនាញ របស់ព្រឹទ្ធសភាទាំងពីរ និងជួយគាំទ្រគ្នា ទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌអន្តរសភា តំបន់ និងអន្តរជាតិ។
២-បន្តជួយអភិវឌ្ឍន៍ធនធានមនុស្សរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា តាមរយៈកម្មសិក្សា និងអាហារូបករណ៍ ឬឥណ្ឌាបញ្ជូនអ្នកជំនាញឥណ្ឌា មកបណ្ដុះបណ្ដាលផ្ទាល់ នៅកម្ពុជា។
៣-អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាទាំងពីរ រៀបចំពេលវេលាសមស្រប ដើម្បីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា រវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាឥណ្ឌា។

ឆ្លើយតបនឹងការអញ្ជើញរបស់លោកអនុប្រធានាធិបតី សម្តេចប្រធានព្រឹទ្ធសភា សន្យាថា នឹងជ្រើសរកពេលវេលាសមស្រប ដើម្បីបំពេញទស្សនកិច្ច នៅសាធារណរដ្ឋឥណ្ឌា។ សម្តេចបានប្រសិទ្ធពរជូនលោក និងគណៈប្រតិភូ មានសុខភាពល្អ និងទទួលបានជោគជ័យ ព្រមទាំងភាពរីករាយ ក្នុងការស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា៕ V / N