ដោយ៖ ផាត ចាន់សុនិតា/ភ្នំពេញ:នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បើកសម្ពោធមហោស្រពវប្បធម៌អាស៊ាន២០២២ នៅសាលមហោស្រពចតុមុខ ក្រោមអធិបតីភាព លោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា និង លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងគណៈប្រតិភូជាច្រើនរូបទៀត។ គោលបំណងនៃការរៀបចំកម្មវិធីនេះគឺដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងអបអរសាទរខួប៧០ឆ្នាំនៃកាបង្កើតទំនាក់ទំនងការទូតរវាងឥណ្ឌានិងកម្ពុជា។

ក្រោមកិច្ចសហការរវាងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងបណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានរៀបចំតាំងបង្ហាញពិព័រណ៍រូបគំនូរចំនួន១៦ផ្ទាំង។ គំនូរទាំង១៦ផ្ទាំងនេះជាស្នាដៃរបស់វិចិត្រករដែលជ្រើសរើសចេញពីប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានមានដូចជា៖ កម្ពុជា ថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាលេស៊ី ព្រុយនេ ដោយចំណាយរយៈពេលគូរចំនួន១០ថ្ងៃនៅក្នុងប្រទេសឥណ្ឌា។ ប្រធានបទនៃរូបគំនូរគឺសមុទ្រនៃការទំនាក់ទំនង។

រូបគំនូរទាំង១៦ផ្ទាំងដែលគូរដោយវិចិត្រករឥណ្ឌា និងវិចិត្រករមកពីបណ្តាប្រទេសអាស៊ានខាងលើ ត្រូវបានដាក់តាំងបង្ហាញជាមួយ «ពិព័រណ៍ក្តីសុបិនកម្ពុជា» រៀបចំឡើងដោយបណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីឧទ្ទិសថ្វាយព្រះបរមរាជវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួបព្រះប្រសូត្រ ១០០ ព្រះវស្សា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ កន្លងមក៕សរន