ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ថ្ងៃទី១២វិច្ឆិកាម្សិលម៉ិញនេះក្រុមកីឡាករ-កីឡាការិនី នៃក្រុមជម្រើសជាតិប៉េតង់កម្ពុជា ដណ្ដើមបានមេដាយមាស ២គ្រឿងនិងមេដាយប្រាក់ ១គ្រឿងក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី៤ ឆ្នាំ២០២២ នៅប្រទេសថៃ។

សម្រាប់មេដាយមាសទី១ របស់កម្ពុជា គឺដណ្ដើមបានដោយកីឡាករ អ៊ុក ដួងខែ លើវិញ្ញាសាវាយយកពិន្ទុយុវជន បន្ទាប់ពីប្រកួតឈ្នះកីឡាករវៀតណាម Tran Hoang Phuc ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយពិន្ទុ ៥០ទល់៤៥ពិន្ទុ ។ រីឯមេដាយមាសទី២ របស់កម្ពុជា ដណ្ដើមបានដោយកីឡាករថោងឈឿនលើវិញ្ញាសាវាយយកពិន្ទុបុរសក្រោយយកឈ្នះកីឡាករម្ចាស់ផ្ទះថៃ Sarawut Srisoonpeng ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៥៧ទល់៥៣ពិន្ទុ ។
កីឡាការិនី អ៊ុន ស្រីយ៉ា ទទួលបានត្រឹមមេដាយប្រាក់ លើវិញ្ញាវាយយកពិន្ទុផ្នែកនារី បន្ទាប់ពីប្រកួតចាញ់កីឡាការិនីវៀតណាម Thach Thianglan ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ២៦ទល់១៥ពិន្ទុ ។

ព្រឹត្តិការណ៍នេះកម្ពុជាបានបញ្ចូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ២៧នាក់ចូលរួមប្រកួតខណៈព្រឹត្តិការណ៍ប្រកួតប៉េតង់ជើងឯកអាស៊ីលើកទី៤ដែលថៃធ្វើម្ចាស់ផ្ទះនេះធ្វើឡើងចាប់ពីថ្ងៃទី១០ដល់១៤ខែវិច្ឆិកាខាងមុខដោយមានបណ្ដាប្រទេសក្នុងទ្វីបអាស៊ីជាច្រើនចូលរួមប្រកួតប្រជែង ៕