ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ លោកព្រំ ប៊ុណ្ណយីទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាសម្រាប់ការសរសេរកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាបានពិភាក្សាគ្នាលើការដាក់បញ្ចូលមុខវិជ្ជាកីឡាហែលទឹកជាមុខវិជ្ជារងក្នុងកម្មវិធីសិក្សាតាមសាលារៀនរដ្ឋ ដោយមានមតិជំទាស់ និងមតិខ្លះស្រប ព្រោះថា បញ្ជូលធ្វើអ្វីបើសាលានីមួយៗ គ្មានអាងហែលទឹកហើយមតិវិជ្ជមានថាប្រសិនបើមិនដាក់បញ្ជូលសិក្សាទេនោះសាលារៀនទំាងមិនអាចលើកផែនការកសាងសង់អាងហែលទឹកបានព្រមទាំងធ្វើឲ្យសិស្សានុសិស្សមិនអាចជួយសង្គ្រោះខ្លួន និងអ្នកដទៃនៅពេលមានគ្រោះថ្នាក់លង់ទឹកបាននោះទេ ។

លោកថ្លែងបែបនេះក្នុងពិធីបិទសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយការប្រើប្រាស់សៀវភៅ មុខវិជ្ជាអប់រំកាយសម្រាប់គ្រូនៅគ្រឹះស្ថាន មធ្យមសិក្សាបឋមភូមិ និង ទុតិយភូមិ ។

លោកទីប្រឹក្សាបានបន្តថាលោកគ្រូកីឡាត្រូវនាំយកសិស្សទៅហ្វឹកហាត់ហែលទឹកនៅសាលាឯកជននិងក្លិបហែលទឹកឯកជនដោយប្រាប់សិស្សឲ្យបង់ប្រាក់ជូនគេដើម្បីធ្វើការហ្វឹកហាត់ ដោយសារអ្នកចេះហែលទឹកមានតិចហើយអ្នកខ្លះគ្រាន់រអិលជើងចូលស្រែមានទឹកត្រឹម ០.៧០ម៉ែត្រក៏លង់ទឹកស្លាប់ហើយអ្នកខ្លះទៀតអត់ចេះហែលទឹកប៉ុន្តែបង្ហោះសារតាមបណ្តាញសង្គមថាថ្ងៃនេះខ្ញុំទៅដើរលេងកោះតែខ្ញុំអត់ចេះហែលទឹកទេ។ការដាក់ដាក់បញ្ចូលមុខវិជ្ជាកីឡាហែលទឹកដើម្បីឲ្យសិស្សទំាងអស់គ្នាចេះសង្គ្រោះខ្លួនឯងដូចជាអាចអណ្តែតខ្លួនលើផ្ទៃទឹកដើម្បីស្រែកហៅគេ ឲ្យមកជួយសង្គ្រោះ។

លោកព្រំ ប៊ុណ្ណយីបន្ថែមទៀតថាមុខវិជ្ជាអប់រំកាយនិងកីឡាវាជាមុខវិជ្ជាមួយដែលក្រសួងមានការយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍឲ្យមានលក្ខណៈទំនើបនិងបែបវិទ្យាសាស្ត្រនៃការបង្ហាត់បង្រៀនដល់សិស្សនិស្សិតយើងនាពេលបច្ចុប្បន្ននេះ។មិនតែប៉ុណ្ណោះក្មួយៗនិងប្អូនៗជាសិស្សានុសិស្សបានរៀនអប់រំកាយនិងលេងកីឡាជាប្រចាំអាចចៀសផុតពីអំពើអបាយមុខផ្សេងៗៗដូចជាការប្រើអំពើហិង្សាការសេពគ្រឿងញៀនជាដើម។ព្រោះអប់រំកាយនិងកីឡានាំឲ្យមានវិន័យ វិន័យនាំឲ្យមានសណ្ដាប់ធ្នាប់ មាន សេចក្ដីថ្លៃថ្នូរ និងនាំឲ្យមានកិត្តិយស។ ប្រការទាំងនេះហើយ ដែលនាំឲ្យក្មួយៗទាំងអស់គ្នា អាចក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពល រដ្ឋល្អ នាថ្ងៃអនាគត ៕សរន