ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល ពាក់ព័ន្ធ ជា​លើក​ទី​៣​។​

១- សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​អាស៊ាន អញ្ជើញ​បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ឆ្នាំ​២០២២

​នៅក្នុង​សប្តាហ៍​នេះ កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន បានរៀបចំ​កិច្ចប្រជុំ កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាច្រើន​។ នេះ​ជា​លើក​ទី​៣ ក្នុងពេល ៣០ ឆ្នាំ ដែល​កម្ពុជា បាន​ធ្វើជា​ប្រធាន​អាស៊ាន​។ ក្នុងនោះ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​ជា​ផ្លូវការ នូវ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ឆ្នាំ​២០២២​។ កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ឆ្នាំ​២០២២ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ផ្តល់ឱកាស​ឱ្យ សហគមន៍​ធុរកិច្ច អ្នកជំនួញ មកជួប​ប្រជុំពិភាក្សា​ដោយផ្ទាល់ ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស និង​ប្រធាន​ក្រុមហ៊ុន​នានា ក្នុង​គោលដៅ​ផ្តល់ព័ត៌មាន ស៊ីជម្រៅ និង​ជាក់លាក់ សម្រាប់​ត្រៀមលក្ខណៈ​ក្នុង​ការធ្វើ​អាជីវកម្ម ឆ្នាំ​២០២៣ និង​រួមគ្នា​ដោះស្រាយ បញ្ហា​ប្រឈម​នានា ដែល​បាន​កើតមាន ក្នុង​តំបន់​អាស៊ី អាគ្នេយ៍ នាពេល​បច្ចុប្បន្ន​។​

២- សម្តេច​តេ​ជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន ជួបប្រជុំ​ជាមួយ​អន្តរ​សភា អាស៊ាន

​កាលពី​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន បាន​អញ្ជើញ ចូលរួម​ប្រជុំ​ជាមួយ ថ្នាក់ដឹកនាំ​អន្តរ​សភា​អាស៊ាន ហៅ​កាត់​ថា អាយ​ប៉ា (AIPA)​។ ជំនួប​ប្រចាំឆ្នាំ​រវាង ថ្នាក់ដឹកនាំ​អាស៊ាន និង​ថ្នាក់ដឹកនាំ​សភា​អាស៊ាន អាយ​ប៉ា បានរៀបចំ​ធ្វើ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ លើក​ទី​៤០ និង​លើក​ទី​៤១ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ កិច្ចប្រជុំ​កំពូល​អាស៊ាន ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា​។ រីឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន បានធ្វើ​ឡើងជា​បន្តបន្ទាប់ ចាប់ពី​រសៀល ថ្ងៃទី​១១ វិច្ឆិកា រហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា​។​

៣- អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជិត ២ ពាន់​នាក់ ចូលរួម​យក​ព័ត៌មាន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ភ្នំពេញ

​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង ១.៧០០ នាក់ បាន​ចុះឈ្មោះ ចូលរួម​យក​ព័ត៌មាន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​រាជធានី ភ្នំពេញ​។ ដើម្បី​ធានា​ដល់​ដំណើរការ​ផ្សព្វផ្សាយ អំពី​កិច្ចប្រជុំ​ឲ្យ ប្រព្រឹត្ត​ទៅដោយ រលូន និង​ទទួលជោគជ័យ ក្រសួង​ព័ត៌មាន បានរៀបចំ​មណ្ឌល​ព័ត៌មាន នៅ​សណ្ឋាគារ សុខា ភ្នំពេញ ដែលជា​កន្លែង​រៀបចំ​កិច្ចប្រជុំ ដោយ​ផ្តល់​សេវា អ៊ី​ន​ធឺ​ណែ​ត ផ្តល់ព័ត៌មាន​អំពី​កិច្ចប្រជុំ ទាំង​ខ្លឹមសារ ទាំង​រូបភាព និង​ផ្តល់​អាហារ ដល់​អ្នកសារព័ត៌មាន ជាដើម​។

៤-​ស្ថានភាព​ចរាចរណ៍ នៅតាម​បណ្តា​ផ្លូវ​មួយចំនួន នៅ​ភ្នំពេញ ក្រៅពី​ផ្លូវ ដែល​បាន​បញ្ចៀស​ចរាចរណ៍ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន មិនសូវមាន​ភាព មមាញឹក​ខ្លាំង​ទេ

​ស្ថានភាព​ចរាចរណ៍ នៅតាម​បណ្តា​ផ្លូវ​មួយចំនួន ក្រៅពី​បណ្តា​មហាវិថី និង​ផ្លូវ ដែល​ប្រើប្រាស់ សម្រាប់​គណៈប្រតិភូ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​លើក​ទី​៤១ រួមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ គឺ​នៅតាម​ផ្លូវ​នានា នៅ​ភ្នំពេញ ហាក់​មិន សូវ​មាន​ភាព មមាញឹក​ច្រើន​ទេ ខណៈ​នៅតាម​សាលារៀន និង​តាម​រោងចក្រ កាត់ដេរ​មួយចំនួន នៅតែ​បន្ត​ឈប់សម្រាក រហូតដល់​ចន្ទ ទី​១៤ ខែវិច្ឆិកា ទើប​ចូលរៀន និង​ចូលធ្វើការ​ឡើងវិញ​។

៥- ផ្លូវ​ល្បឿន​លឿនទី​ពីរ ត​ភ្ជាប់​ពី​ភ្នំពេញ​-​បាវិត គ្រោង​សាងសង់ នៅ​ឆ្នាំ​២០២៣ និង​ចំណាយ​ថវិកា​សាងសង់ ជាង ១ ពាន់​លាន​ដុល្លារ

​លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ភាគី​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ចុះហត្ថលេខា រួមគ្នា​មួយ លើ​កិច្ចព្រមព្រៀង ស្ដីពី គម្រោង​សាងសង់ ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ក្រុង​បាវិត​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ ភាគី​ទាំងពីរ បាន​ឯកភាពគ្នា ឆ្ពោះទៅ​ចាប់ផ្ដើម អនុវត្ត​នូវ​គម្រោង​សាងសង់ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត នៅ​ឆ្នាំ​២០២៣ ដោយ​ត្រូវ​ចំណាយ​ថវិកា សាងសង់ ប្រមាណ ១.៦៣៨ លាន​ដុល្លារ​អាម៉េរិក​។ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត គ្រោង​នឹង​សាងសង់ នៅ​ឆ្នាំ​២០២៣ មាន​ប្រវែង ១៣៨ គីឡូម៉ែត្រ និង​មាន​ស្ពាន​ឆ្លងទន្លេ​មេគង្គ ដ៏​វែង​មួយ ដែល​គិត​ទាំង​ស្ពាន និង​ផ្លូវ​ប្រវែង​ប្រហែល ៥ គីឡូម៉ែត្រ​។ ការសាងសង់​ផ្លូវ​ល្បឿន​លឿនទី​ពីរ​នេះ នឹង​ប្រើប្រាស់​រយៈពេល​សាងសង់ ៤ ឆ្នាំ ដែល​អាច​បញ្ចប់ នៅ​ចុង​២០២៦ ឬ​ដើមឆ្នាំ​២០២៧ ។​

៦-​មេដឹកនាំ​អាស៊ាន បើក​កិច្ចប្រជុំ​កំពូល ដោយ​បន្ត​មិនមាន​វត្តមាន របស់​មី​យ៉ាន់​ម៉ា
​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី បើក​ជា​ផ្លូវការ​នូវ កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​លើក​ទី​៤១ ព្រមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​អាស៊ាន បាន​រម្លឹក​ថ្នាក់ដឹកនាំ និង​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​រួមគ្នា គិតគូរ​ដោះស្រាយ បញ្ហា​ប្រឈម ដោយ​ឈរលើ​ការសម្រេចចិត្ត ឱ្យបាន​ត្រឹមត្រូវ និង​ប្រាកដនិយម​។ តាម​សម្តេច​តេ​ជោ បើ​មិន​ដូច្នេះ​ទេ អនាគត ប្រជាជន ក្នុង​តំបន់​អាស៊ាន​រាប់លាន​នាក់ នឹង​ប្រឈម​បញ្ហាលំបាក ស្មុគស្មាញ ត្បិត​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច​អាស៊ាន និង​ពិភពលោក បច្ចុប្បន្ន នៅ​បន្ត​មាន​ភាព ផុយស្រួយ និង​ងាយ​បែកខ្ញែក​នៅឡើយ​។​

៧- ប្រមុខ​ដឹកនាំ​អាស៊ាន ឯកភាព​ជាគោលការណ៍ អនុញ្ញាតឱ្យ​ទី​ម័​រ​ឡេ​ស្តេ ចូលរួម​ជា​សមាជិក​អាស៊ាន ទី​១១

​បន្ទាប់ពី​ពិធី​បើក និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​លើក​ទី​៤១ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ប្រមុខ​ដឹកនាំ​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍​រួម ដែលមាន ៤ ចំណុច ស្តីពី ការស្នើ​សុំចូល​ជា​សមាជិក​អាស៊ាន របស់​ទី​ម័​រ​ឡេ​ស្តេ​។ នោះ​គឺ​ប្រមុខ​ដឹកនាំ​អាស៊ាន បាន​ឯកភាព​ជាគោលការណ៍ អនុញ្ញាតឱ្យ​ទី​ម័​រ​ឡេ​ស្តេ ចូលរួម​ជា​សមាជិក​អាស៊ាន ទី​១១​។ ពោលគឺ ទី​ម័​រ​ឡេ​ស្តេ មិនទាន់​ចូល​ជា សមាជិក​ពេញសិទ្ធិ របស់​អាស៊ាន នៅឡើយ​ទេ នាពេលនេះ​។​

៨- មេដឹកនាំ​អាស៊ាន ចេញ​សេចក្តីសម្រេចចិត្ត ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង ជា​ឯកច្ឆន្ទ ៥ ចំណុច របស់​មី​យ៉ាន់​ម៉ា​

​នៅក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​៤១ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ប្រមុខ​ដឹកនាំ​អាស៊ាន បាន​វាយតម្លៃ និង​ចេញ​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន ស្តីពី ការអនុវត្ត​កិច្ចព្រមព្រៀង ជា​ឯកច្ឆន្ទ ៥ ចំណុច របស់​មី​យ៉ាន់​ម៉ា​។ អាស៊ាន បានបញ្ជាក់​ជាថ្មី​ថា មី​យ៉ាន់​ម៉ា នៅតែ​ជា​ផ្នែក​ដ៏​សំខាន់ របស់​អាស៊ាន ហើយ​អាស៊ាន នៅតែ​ប្តេជ្ញាចិត្ត ជួយ​មី​យ៉ាន់​ម៉ា ក្នុងការ​ស្វែងរក​ដំណោះស្រាយ ដោយ​សន្តិវិធី និង​យូរអង្វែង សម្រាប់​វិបត្តិ​បច្ចុប្បន្ន​។​

៩- កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ភ្នំពេញ ប្រព្រឹត្តទៅ​ក្រោម ស្ថានភាព​សន្តិសុខ សណ្តាប់​ធា្ន​ប់​ល្អប្រសើរ

​គិត​ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា សា្ថ​នភា​ព​សន្តិសុខ សណ្តាប់​ធា្ន​ប់ នៃ​ដំណើរ​កិច្ចប្រជុំ​អាស៊ាន ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ គឺ​បាន​ប្រព្រឹត្តទៅ​ជាធម្មតា គ្មាន​ហេតុការណ៍​អ្វី​កើតឡើង គួរកត់សម្គាល់ ឬក៏​រំខាន​ដល់ កិច្ចប្រជុំ​នោះឡើយ​។ តាមផ្លូវ​សំខាន់ៗ ដែល​គណៈប្រតិភូ ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់ និង​លើ​ផ្ទៃ​ទន្លេ មុខ​ព្រះបរមរាជវាំង ក្បែរ​ទីតាំង​រៀបចំ​កិច្ចប្រជុំ នៅ​ជ្រោយចង្វា ត្រូវបាន​រឹតបន្តឹង សន្តិសុខ យ៉ាង​ហ្មត់ចត់​។

១០-​មេដឹកនាំ​អាស៊ាន បន្ត​ជួបប្រជុំ​ជាមួយ​ប្រទេស​ជា​ដៃគូ

​ក្រៅពី​ជួបប្រជុំ​កំពូល​អាស៊ាន មេដឹកនាំ​អាស៊ាន ក៏បាន​ជួបប្រជុំ ដាច់ដោយឡែក ជាមួយ​មេដឹកនាំ​ប្រទេស​ដៃគូ​។ ក្នុងនោះ ចាប់តាំងពី​រសៀល ថ្ងៃទី​១១ វិច្ឆិកា រួមមាន​៖ ១-​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៥ , ២-​កិច្ចប្រជុំ​កំពូល អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២៣ , ៣-​អាស៊ាន​-​អង្គការសហប្រជាជាតិ លើក​ទី​១២ , ៤-​កិច្ចប្រជុំ​កំពូល​អាស៊ាន បូក​៣ ( ចិន​-​ជប៉ុន​-​កូរ៉េ ) លើក​ទី​២៥ , ៥-​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​១៩ , ៦-​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី លើក​ទី​២ , ៧-​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២៥ , ៨-​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អាមេរិក លើក​ទី​១០ និង​៩-​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កាណាដា​។ នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១២​វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ាន បានរៀបចំ​ពិធី​លៀង​សាយភោជន៍ ជូន​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ប្រទេស​ដៃគូ អាស៊ាន ដែល​បាន​អញ្ជើញ​មក ចូលរួម​ប្រជុំ​នៅ​កម្ពុជា ពេលនេះ​។ ដោយឡែក នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៣ វិច្ឆិកា មេដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន នឹងចូលរួម​ក្នុង​វេទិកា​សន្ទនា អាស៊ាន លើក​ទី​២ មុននឹង​ចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ី​បូព៌ា លើក​ទី​១៧​។ តាម​កម្មវិធី ដែល​បាន​គ្រោងទុក នៅមុន​ពេល​អាហារ ថ្ងៃត្រង់ នា​ថ្ងៃអាទិត្យ ទី​១៣​វិច្ឆិកា នឹងមាន​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​លើក​ទី​៤១ រួមទាំង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។ ក្នុង​ពិធី​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ប្រគល់​ញញួរ ជូន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដើម្បី​បន្តវេន ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២៣​។ នៅ​រសៀល​ម៉ោង ៣ និង​៤០​នាទី ថ្ងៃអាទិត្យ ទី​១៣​វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន នឹងធ្វើ​សន្និសីទ កាសែត ប្រកាស​បូកសរុប​លទ្ធផល នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​លើក​ទី​៤១ រួមទាំង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ជា​លើក​ទី​៣ នាពេលនេះ​។

១១-​ក្រៅពី​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ ជាមួយ​មេដឹកនាំ​ជាច្រើន នៅក្រៅ​កិច្ចប្រជុំ កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​

​សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​ជួបពិភាក្សា​ការងារ ដាច់ដោយឡែក​ពីគ្នា ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន​។ ក្នុងនោះ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​វៀតណាម បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ហើយ​សម្ដេច តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ទទួល​ស្វាគមន៍ និង​ជួបពិភាក្សា​ការងារ ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញ​ជី​ង​។ នៅ​ថ្ងៃទី​៨​វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជួបពិភាក្សា​ការងារ ជាមួយ​រដ្ឋមន្ត្រីការបរទេស អ៊ុយ​ក្រែ​ន លោក Dmytro Kuleba​។ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា សម្តេច​តេ​ជោ ទទួល​ស្វាគមន៍ និង​ជួបពិភាក្សា​ការងារ​ជាមួយ នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង​។ ថ្ងៃទី​១០ វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ឆា​។ ថ្ងៃទី​១០​វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វឺ​ឌី​ណង់ ម៉ា​កូ​ស ជេ​អរ​។ ថ្ងៃទី​១០​វិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ជួប ពិភាក្សា​ការងារ​ជាមួយ នាយករដ្ឋមន្ត្រី​ឡាវ លោក ផាន់​ខាំ វិ​ផា​វ៉ាន់​។ នៅ​រសៀល ថ្ងៃទី​១១​វិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន​ទទួល​ជួបពិភាក្សា​ការងារ ជាមួយ ប្រធានាធិបតី កូរ៉េខាងត្បូង លោក Yoon Suk Yeol​។ នៅ​ថ្ងៃទី​១១​វិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ លោក ចាំង មីង​។ ថ្ងៃទី​១១​វិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ប្រធាន​វេទិកា សេដ្ឋកិច្ចពិភពលោក លោក ក្លាស ស្វា​ប់ ( Klaus Schwab )​។ ថ្ងៃទី​១១​វិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី ADB លោក ម៉ាសា​ស៊ូ​ហ្គូ អាសា​កា​វ៉ា ( Masatsugu Asakawa )​។ នៅ​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អនុ​ប្រធានាធិបតី​ឥណ្ឌា លោក JAGDEEP DHANKHAR​។ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប ពិភាក្សា​ការងារ​ជាមួយ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Anthony Albanese​។ នៅ​រសៀល​ថ្ងៃទី​១២​វិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប ពិភាក្សា​ការងារ​ជាមួយ នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida​។ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជួបពិភាក្សា​ការងារ ទ្វេភាគី​ជាមួយ លោក Joe Biden ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​៕/V​