​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ​រវាង​អាម៉េរិក​និង​ប្លុក​អាស៊ាន​នឹង​ជួយ​ដោះស្រាយ​«​បញ្ហា​ធំៗ​បំផុត​នៃ​យុគសម័យ​របស់​យើង​»​។​

​លោកលោកថ្លែង​ក្នុងជំនួប​កំពូល​រវាង​អាម៉េរិក​និង​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ស្ថាបនា​«​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ ដែល​មាន​លក្ខណៈ​សេរីនិង​បើកចំហ មាន​ស្ថិរភាព​​និង​វិបុលភាព ក្លៀវក្លា​និង​មាន​សុវត្ថិភាព​»​មួយ​។​

​មេដឹកនាំ​អាម៉េរិក​រូបនេះ​បាន​សន្យា​ធ្វើ​កិច្ចសហការ​គ្នា​លើ​បញ្ហា​ចាប់ពី​«​សមុទ្រ​ចិន​ខាងត្បូង​រហូតដល់​មី​យ៉ាន់​ម៉ា និង​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍​ថ្មី​មួយ​ចំពោះ​ការ​ប្រឈម​រួម​»​។​

សូមបញ្ជាក់ថា ​ចូ បៃ​ដិន ជា​ប្រធានាធិបតី​អាម៉េរិក​ទីមួយ​ដែល​បាន​មក​ចូលរួម​ជំនួប​កំពូល​អាស៊ាន​ចាប់តាំងពី​ឆ្នាំ​២០១៧ ហើយ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ចំណុច​មួយ​បាន​ច្រឡំ​កម្ពុជា​(Cambodia)​ជា​កូឡុំប៊ី​(Colombia)​។​

​បៃ​ដិនបាន​មកដល់​កម្ពុជា​កាល​ពី​ថ្ងៃសៅរ៍ ដោយ​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់លោក​ជាមួយ​ក្រុម​មេដឹកនាំ​អាស៊ាន​គឺ​ផ្តោតលើ​ទស្សនវិស័យ​របស់​លោក​សំរាប់​អាស៊ី​ប៉ាស៊ីហ្វិក​មួយ​សេរី​និង​បើកចំហ​ដើម្បី​ទប់ទល់​​នឹង​ឥទ្ធិពល​យោធា​និង​បច្ចេកវិទ្យាចិន​កាន់តែ​កើន​ឡើង​។​

​បៃ​ដិនបាន​និយាយថា មាន​របៀបវារៈ​ដ៏​វែង​ត្រូវ​និយាយ ចាប់​ពី​ការ​រើប​រើ​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺឆ្លង រហូត​ដល់​ការដោះស្រាយ​វិបត្តិ​ថាមពល​។​

​វា​ជា​ដំណើរ​លើកដំបូង​របស់​លោក​មក​កាន់​អាស៊ីអាគ្នេយ៍​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​ប្រធានាធិបតី និង​កើតឡើង​ចំពេល​មួយ​ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ស្វះស្វែង​ជំរុញ​តួនាទី​របស់​ខ្លួន​ជា​​ដៃគូ​សន្តិសុខ​មួយ​ក្នុងចំណោម​ប្រជា​ជាតិ​អាស៊ី ដែល​ពឹង​លើ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន​។​សេត​វិមាន​បាន​និយាយថា ខ្លួន​រំពឹងថា​ដំណើរ​របស់​បៃ​ដិន​មក​កាន់តំបន់​នេះ​នឹង​ជួយ​ជំរុញ​ឋានៈ​​ដែល​អាម៉េរិក​ចង់បាន​។​

​មុន​ជំនួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោកបៃ​ដិ​នក៏បាន​និយាយថា អាម៉េរិក​តាំងចិត្ត​ក្នុង​ការនាំ​លទ្ធិប្រជាធិបតេយ្យ​មកកាន់​មី​យ៉ាន់​ម៉ា​វិញ​។​លោក​ក៏​បាន​អរគុណ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​ថ្កោលទោស​យ៉ាង​«​ច្បាស់ៗ​»​របស់​កម្ពុជា​ប្រឆាំង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​៕

​ចូ បៃ​ដិន ជា​ប្រធានាធិបតី​អាម៉េរិក​ទីមួយ​ដែល​បាន​មក​ចូលរួម​ជំនួប​កំពូល​អាស៊ាន​ចាប់តាំងពី​ឆ្នាំ​២០១៧